ទោះជាពេលនេះ តារាចម្រៀងពេជ្រ សោភា និងយក់ ថិតរដ្ឋា ច្រៀងនៅផលិតកម្ម២ផ្សេងគ្នា ដោយសោភា ឈរជើងនៅហង្សមាស ខណៈដែលថិតរដ្ឋា នៅថោន ក្ដី ប៉ុន្ដែតារាទាំង២ដួង គ្រោងនឹងធ្វើឲ្យមហាជនចាប់អារម្មណ៍ចាប់អារម្មណ៍ថែមទៀត តាមរយៈការចាប់ដៃគ្នាច្រៀងឆ្លងឆ្លើយ។

ក្នុងជំនួបផ្ទាល់កាលពីថ្ងៃទី២៥ ខែតុលា តារាចម្រៀងយក់ ថិតរដ្ឋា ដែលទើបសម្រាលកូនបានជាង២ខែនោះ បានឲ្យដឹងថា នាងបានពិភាក្សាគ្នាជាមួយពេជ្រ សោភា ខ្លះៗហើយពីគម្រោងដែលត្រូវចាប់ដៃច្រៀងឆ្លងឆ្លើយគ្នា ដើម្បីឲ្យប្លែក។
រដ្ឋា បន្ថែមថា ដោយសារតែពេលនេះ នាងនិងសោភា ច្រៀងនៅផលិតកម្មផ្សេងគ្នា អីចឹងការចេញបទចម្រៀងនោះ គឺធ្វើនៅខាងក្រៅផលិតកម្មទេ គឺនៅលើយូធូប ឬផេក ហើយប្រើពេលមិនយូរនោះទេ គឺនឹងចេញជារូបរាងក្នុងពេលឆាប់ៗនេះហើយ។

ទោះជាយ៉ាងណា ការច្រៀងជាដៃគូគ្នាជាលើកទី១នេះ ជាបទប្រភេទអ្វីនោះ មិនទាន់ត្រូវបានរដ្ឋា ប្រាប់លម្អិតនោះទេ ប៉ុន្ដែនាងថា ពេលនេះត្រូវតែធ្វើអ្វីដែលចង់ធ្វើឲ្យហើយ មិនអាចបង្អង់តទៅទៀតបាននោះទេ ព្រោះនាងនិងសោភា ក៏កាន់តែមានអាយុច្រើនដែរទៅហើយ។
ពេជ្រ សោភា និងយក់ ថិតរដ្ឋា ធ្លាប់រួមទ្រនំជាមួយគ្នានៅហង្សមាស តែក្រោយមក រដ្ឋា ក៏បានដើរចេញពីទ្រនំនេះទៅជ្រកនៅថោន ខណៈដែលសោភា ច្រៀងនៅហង្សមាស រយៈពេលជាង១៥ឆ្នាំទៅហើយ។

សោភា ធ្លាប់និយាយថា កាលនាងមិនទាន់ក្លាយទៅជាតារាចម្រៀងហង្សមាស ពោលគឺពេលនាងច្រៀងយប់នៅហាងរាត្រី និងក្លឹបស្ប៉ាក ពេលនោះនាងភាគច្រើនច្រៀងតែបទរបស់យក់ ថិតរដ្ឋា ទេ។ ប៉ុន្ដែពេលនេះ អ្នកទាំង២ គ្រោងនឹងដឹកដៃគ្នាច្រៀងផ្ដោះផ្ដងហើយ ខណៈដែលរដ្ឋា ក្រោយមានកូនទី៣នេះ នាងហាក់នៅមិនទាន់ស្រកគីឡូនៅឡើយ ហេតុនេះហើយ គេជឿថា ការសម្ដែង MV រួមគ្នានោះ ច្បាស់ជាត្រូវការរង់ចាំពេលវេលាដែលនាងស្រកគីឡូជាងនេះជាមិនខាន។

ពេជ្រ សោភា នៅតែមានរាងស្វែល ក្រោយលែងប្ដីអាណិកជនខ្មែរ មកពីអាមេរិក លោកឡៅ ឆលី កាលពីឆ្នាំ២០១៦ ហើយពេលនេះនាងជិះរថយន្ដទំនើបៗ ៣គ្រឿងឆ្លាស់គ្នា គឺ Porsche , Range Rover និងMercedes។
ប៉ុន្ដែរឿងគូស្នេហ៍វិញ នាងមិនទាន់ត្រៀមដឹកដៃប្រុសក្មេងរូបសង្ហា ឆឹម សក្កដា ចូលរោងការឡើយ។

ដោយឡែក យក់ ថិតរដ្ឋា វិញ ក្រោយរៀបការជាមួយលោកឃុំ ប៉ុណ្ណាដែត ជាង១៤ឆ្នាំនេះ ទទួលបានចំណងដៃកូន៣នាក់ (ស្រី១) ហើយពេលនេះនាងជិះរថយន្ដទំនើប២គ្រឿងឆ្លាស់គ្នា គឺ Lexus Lx570 និង Range Rover។

តារាកូន៣រូបនេះ អះអាងថា នាងនៅតែបន្ដច្រៀងនៅថោន ទោះជាមុននេះតារាសំខាន់របស់ថោន២ដួង គឺមាស សុខសោភា និងខេម ចេញក្ដី តែនាងនាងគ្មានគម្រោងផ្លាស់ប្ដូរផលិតកម្មទេ៕ ហ៊ឹម វិចិត្រ