ភ្នំពេញ ៖ ជនសង្ស័យជាមុខសញ្ញាចោរប្លន់ម្នាក់ដែលបានធ្វើសកម្មភាពបាញ់បុរសម្នាក់ធ្លាយប្លោកនោម ប្លន់ម៉ូតូ តែមិនបានសម្រេច កាលពីអំឡុងចុងខែសីហា ឆ្នាំ២០២០ រួចព្យាយាមរត់គេចខ្លួន លុះសមត្ថកិច្ចស្រាវជ្រាវតាមរកឃើញ ជនសង្ស័យបានព្យាយាមបើក រថយន្តបំបុករថយន្តសមត្ថកិច្ចដើម្បីគេចខ្លួន ជាហេតុធ្វើឱ្យកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បង្ខំចិត្តផ្ទុះអាវុធ១គ្រាប់ បំបែកកង់រថយន្តរបស់ជនសង្ស័យ និងធ្វើឱ្យផ្លាតគ្រាប់ត្រូវចំខ្នងជនសង្ស័យ១គ្រាប់ បណ្តាលឱ្យរងរបួសធ្ងន់ ទើបឈានដល់ការចាប់វាយខ្នោះ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។

ប្រតិបត្តិការនេះ ធ្វើឡើងនៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នៅត្រង់ចំណុចភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ប្រតិបត្តិការខាងលើ ធ្វើឡើងដោយមានការចង្អុលបង្ហាញយ៉ាងយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដោយមានការសម្របសម្រួលពីលោកប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយលោកវរសេនីយ៍ឯក ឯក លន់ អធិការនៃអធិការដ្ឋានគរបាលស្រុកមុខកំពូល ឃាត់ខ្លួនជនសង្ស័យបាននៅចំណុចភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចបង្ក្រាបបាន មានឈ្មោះទូច ប៊ុនហាន ភេទប្រុស អាយុ៤៥ឆ្នាំ មានលំនៅបច្ចុប្បន្ន ក្នុងភូមិពោធិ៍ស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

សមត្ថកិច្ច បានឱ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន ដោយអនុវត្តតាមដីកាបង្គាប់ឱ្យនាំខ្លួនលេខ១៤១៦ឈដចន ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ឯក ប៉ូលីហ្វីលអូន បង្គាប់ឱ្យចាប់ខ្លួនឈ្មោះទូច ប៊ុនហាន ហៅហុង ភេទប្រុស ពីបទលួចមានស្ថានទម្ងន់ទោស (កាច់កម៉ូតូប្រដាប់អាវុធ)។
នៅវេលាម៉ោង ១១និង៣០នាទីព្រឹក ពេលដែលកម្លាំងចម្រុះ ចុះមកដល់ចំណុចផ្ទះរបស់ឈ្មោះយន ប៊ុនថុង ភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ជាផ្ទះដែលជនសង្ស័យកំពុងនៅទីនោះ ពេលនោះកម្លាំងចម្រុះបានឈប់នៅមុខផ្ទះនោះ ភ្លាមនោះជនសង្ស័យក៏បានបើករថយន្តម៉ាក Lexus RX-300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-5705 ដើម្បីរត់គេចខ្លួន ហើយបើករថយន្តបំបុករថយន្តម៉ាកកាមរីបាឡែន របស់លោកអធិការស្រុកមុខកំពូល ទៀតផង ។

ពេលនោះសមត្ថកិច្ចក៏បានបាញ់បំបែកកង់រថយន្តរបស់ជនសង្ស័យខាងក្រោយ ហើយក៏ផ្លាតគ្រាប់ត្រូវជនសង្ស័យ បន្ទាប់មកសមត្ថកិច្ចក៏បានបញ្ជូនជនសង្ស័យទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅមន្ទីរពេទ្យរុស្ស៊ី ឯរាជធានីភ្នំពេញ។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះពេជ្រ ធា ហៅពែ ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅភូមិយស ឃុំឫស្សីសាញ់ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ដែលជាបក្សពួករបស់ជនសង្ស័យឈ្មោះទូច ប៊ុនហាន កំពុងរត់គេចខ្លួន តែត្រូវបាននគរបាលឃាត់ខ្លួន នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។

គួររំលឹកថា កាលពីវេលាម៉ោង ៣និង៥០នាទីរសៀល ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ មានករណីលួចមានស្ថានទម្ងន់ទោស (ប្លន់ប្រដាប់អាវុធ) មួយ កើតទ្បើងនៅចំណុចភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បង្កដោយជនល្មើស ២នាក់ ស្លៀកពាក់ស៊ីវិល ប្រដាប់ដោយអាវុធខ្លីមួយដើម ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ បានធ្វើសកម្មភាពភ្ជង់បាញ់ទៅលើជនរងគ្រោះឈ្មោះ សៅ ធូ ភេទប្រុស អាយុ៤៨ឆ្នាំ ខណៈពេលជនរងគ្រោះកំពុងអង្គុយរង់ចាំប្រពន្ធចេញពីធ្វើការ បណ្តាលឱ្យត្រូវចំភ្លៅខាងឆ្វេងធ្លាយមកលើថ្ងាស ប្លោកនោម តែប្លន់មិនបានសម្រេច ហើយក៏ជិះម៉ូតូគេចខ្លួនបាត់៕