Thursday, August 21, 2025
Homeព័ត៌មានជាតិមួយថ្ងៃៗគិតតែរឿងហ្នឹង... មានក៏ពិបាក អត់ក៏ពិបាក

មួយថ្ងៃៗគិតតែរឿងហ្នឹង… មានក៏ពិបាក អត់ក៏ពិបាក

ខេត្តកណ្តាល ៖ បុរសជាប្តីចិត្តកំណាចម្នាក់តែងផឹកស្រាស្រវឹង រករឿងជេរស្តី វាយដំប្រពន្ធសឹងរាល់ថ្ងៃ លុះក្រោកពីដេក បើកឆ្នាំងរកបាយហូបអត់មាន ក៏ជេរបញ្ចោរប្រពន្ធយ៉ាងចាស់ដៃ ស្រាប់តែពេលប្រពន្ធរៀបចំបាយម្ហូបឱ្យប្តីហូប មានកម្លាំងហើយ ក៏ជេរប្រពន្ធថែម១ប្រាវទៀត រួចស្ទុះមកដាល់ប្រពន្ធ១ដៃ ចូលផ្ទៃមុខ បណ្តាលឱ្យហើមជាំប៉ោងមុខ ទើបធ្វើឱ្យស្ត្រីជាប្រពន្ធទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចចាប់អូសកប្តីកំណាចយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាក្នុងគ្រួសារ ប្តីវ៉ៃប្រពន្ធប៉ោងមុខខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិដើមឫស ឃុំដើមឫស ស្រុកកណ្តាលស្ទឹង។

ស្ត្រីរងគ្រោះជាប្រពន្ធដែលត្រូវប្តីកំណាចវាយប៉ោងមុខនោះ មានឈ្មោះ អន ស៊ីដា អាយុ៣២ឆ្នាំ មុខរបរកសិករ។ ចំណែកជនសង្ស័យជាប្តី មានឈ្មោះអឹម សុផៃ អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ។ ប្តីប្រពន្ធនេះ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កន្លងមក ជនសង្ស័យធ្លាប់ប្រើប្រាស់គ្រឿងញៀន និងតែងតែផឹកស្រាស្រវឹង ជេរបញ្ចោរ រករឿង វាយមកលើជនរងគ្រោះជាប្រពន្ធ ជាច្រើនលើកច្រើនសាមកហើយ។ លុះមកដល់ថ្ងៃកើតហេតុ ពេលស្ត្រីរងគ្រោះជាប្រពន្ធ កំពុងលាងចាននៅខាងក្រោយផ្ទះ ស្រាប់តែជនសង្ស័យក្រោកពីដេក បានដើរសំដៅទៅផ្ទះបាយដើម្បីរកបាយហូប តែគ្មានម្ហូប ក៏ស្រែកជេរជនរងគ្រោះជាប្រពន្ធថា “អ្ងែងម៉ោងនេះហើយ មិនទាន់ធ្វើម្ហូបឱ្យអញស៊ីទៀត!” តែស្ត្រីរងគ្រោះមិនតបតវិញទេ រួចក៏បានដើរទៅខ្ចីម៉ូតូឪពុកក្មេក ដើម្បីយកទៅទិញត្រីខ នៅតូបចាប់ហួយ ក្នុងភូមិ យកមករៀបចំឱ្យប្តីហូប ។

លុះពេលទិញរួច ត្រឡប់មកផ្ទះ ស្ត្រីរងគ្រោះជាប្រពន្ធក៏បានធ្វើម្ហូប រួចរៀបឱ្យជនសង្ស័យជាប្តី ហូប ស្រាប់តែពេលហូបបាយរួច មានកម្លាំង ជនសង្ស័យបានជេរបញ្ចោរស្ត្រីជាប្រពន្ធបន្ថែមមួយប្រាវទៀត រួចស្ទុះទៅដាល់ប្រពន្ធ១ដៃចំមុខ ផ្នែកខាងស្តាំ បណ្តាលឱ្យហើមជាំខាងក្រោមភ្នែក និងបានយកដបទឹកដោះគោកូន មកគប់ចំក្បាលប្រពន្ធ និងវាយស្ត្រីរងគ្រោះជាប្រពន្ធ១ដៃទៀត ចំភ្លៅខាងឆ្វេង ហើយបានចូលទៅដេកវិញធ្វើព្រងើយ។

ដោយសារតែទ្រាំទៅនឹងទង្វើឃោរឃៅរបស់ប្តី តទៅទៀតលែងបាន ទើបស្ត្រីរងគ្រោះជាប្រពន្ធ បានសម្រេចរត់ទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍ដើមឫស ឱ្យជួយអន្តរាគមន៍។

ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ កម្លាំងប៉ុស្តិ៍ ក៏បានចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES