Thursday, August 21, 2025
Homeព័ត៌មានជាតិប្រុសអះអាងទទួលខុសត្រូវ តែមិនព្រមឲ្យលុយ ស្រីប្តឹងប៉ូលិស

ប្រុសអះអាងទទួលខុសត្រូវ តែមិនព្រមឲ្យលុយ ស្រីប្តឹងប៉ូលិស

ភ្នំពេញ ៖ បុរសម្នាក់ផឹកស្រាស្រវឹងជោកជាំ ក៏ដើរអុកឡុកពេញសួនច្បារ ដោយបោកកញ្ច្រែងលក់ម្ជូររបស់ស្ត្រីម្នាក់ខ្ទេចអស់ រួចដើរទៅគាស់ស្រាបៀររបស់អ្នកដែលកំពុងអង្គុយផឹកស៊ីនៅលើសួនច្បាស់ចាក់ចោលលេង បង្កការភ្ញាក់ផ្អើលឡើងដល់បងប្អូនប្រជាពលរដ្ឋ ពេញសួនច្បារមុខវត្តបទុមវតី រហូតត្រូវបានសមត្ថកិច្ចចុះនាំខ្លួនទៅស្នាក់ការប៉ុស្តិ៍ដើម្បីសាកសួរ។

ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នៅចំណុចសួនមុខវត្តបុទុមតី ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

តាមប្រភពពីសាក្សីនៅនឹងកន្លែងកើតហេតុ បានរៀបរាប់ប្រាប់ថា នៅមុនកើតហេតុគេឃើញបុរសខាងលើ មិនដឹងជិះអ្វីមកទេ បានទិញស្រាបៀរ៤-៦កំប៉ុង មកអង្គុយលើបង់ក្បែរកន្លែងគេផឹកស៊ី និងលក់ដូរលើសួនច្បារមុខវត្តបទុមវត្តី (កន្លែងកើតហេតុខាងលើ)។

លុះផឹកតែម្នាក់ឯងអស់៣-៤កំប៉ុង ទំនងជាស្រវឹងបន្តិចហើយ គ្រាន់តែឃើញស្ត្រីម្នាក់ដែលជាអ្នកលក់ម្ជូរ បានដើរលក់ម្ជូរកាត់នោះ ក៏ស្រាប់តែបុរសរូបនោះហៅអ្នកលក់ម្ជូរដើម្បីទិញ ហើយយកម្ជូរទាំងនោះបោកចោលម្តងមួយកញ្ចប់ៗ បែកខ្ចាយពេញកន្លែងកើតហេតុ បង្កការភ្ញាក់ផ្អើលឡើងដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកអង្គុយហូបអាហារនៅជិតនោះយ៉ាងខ្លាំង ហើយក្រោយមកបុរសម្នាក់នោះប្រាប់ថា ខ្លួនជាអ្នកទទួលខុសត្រូវចេញសំណងសងអ្នកលក់ម្ជូរនោះ តែបោកចោលអស់ហើយ មិនទាន់ឃើញឱ្យលុយ ទើបស្ត្រីលក់ម្ជូរខឹង រាយការណ៍ប្រាប់សមត្ថកិច្ច មូលដ្ឋានប៉ុស្តិ៍នគរបាលចតុមុខ ដើម្បីជួយអន្តរាគមន៍តែម្តង។

លុះពេលសមត្ថកិច្ចមកដល់ បុរសរូបនោះ បែរជាទៅយកស្រាបៀរ ៣-៤កំប៉ុង របស់អ្នកផឹកស៊ីនៅក្បែរនោះ មកគាស់ចាក់ចោលធ្វើព្រងើយ តែត្រូវសមត្ថកិច្ចឃាត់នាំទៅស្នាក់ការប៉ុស្តិ៍តែម្តង។

តាមសម្តីស្ត្រីរងគ្រោះឈ្មោះ ស្រី ម៉ៅ មុខរបរលក់គ្រឿងម្ជូរ ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ បានរៀប រាប់ប្រាប់ថា មុនកើតហេតុគាត់បានមកលក់ម្ជូរនៅតាមសួនមុខវត្តបទុមវតី ដូចសព្វដង លុះដើរមកលក់ដល់ចំណុចកើតហេតុ ស្រាប់តែបុរស ខាងលើហៅគាត់ទិញម្ជូរ រួចយកទៅបោកបំផ្លាញចោលទៅវិញ ដោយប្រាប់ថាចាំឱ្យលុយ២០ម៉ឺនរៀល តែក្រោយមកមិនឃើញឱ្យលុយ គាត់ឡើយ ទើបបង្កការភ្ញាក់ផ្អើលឡើងតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំខ្លួនបុរសស្រវឹងស្រានោះ ទៅស្នាក់ការប៉ុស្តិ៍នគរបាលចតុមុខ ដើម្បីសាកសួរ និងទទួលពាក្យបណ្តឹង របស់ស្ត្រីរងគ្រោះ ដើម្បីធ្វើការសម្របសម្រួលនិងដោះស្រាយជាក់ស្តែង៕

RELATED ARTICLES