ខណៈដែលពេលនេះទីផ្សារចម្រៀងកាន់តែមានការប្រកួតប្រជែងគ្នាខ្លាំងក្លា រវាងតាប្រុសទាំង២ដួង គឺលោកព្រាប សុវត្ថិ របស់ Galaxy និងលោកខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ នៅហង្សមាស នោះ គេកត់សម្គាល់ថា ក្រោយព្រាប សុវត្ថិ ដើរចេញពីហង្សមាស រយៈពេលជាង២ខែនេះ ខេមរៈ សិរីមន្ដ ហាក់មានសង្ឃឹមច្រើនក្នុងការប្រជែងយកតំណែងតារាប្រុសឈានមុខគេនៅហង្សមាស ព្រោះពេលនេះ សិរីមន្ដ ចេញបទញាក់ល្បី២បទជាប់គ្នា ដែលគេនិយមចាក់ស្ដាប់នៅតាមក្លឹប និងបៀរហ្គាឌិន មួយចំនួននោះ គឺបទ ”ពឺតៗ” និងបទ ”I’m Not The Gang“។

តាមរយៈការចេញបទទាំងនេះ គេមើលទៅឃើញសិរីមន្ដ ហាក់មានសន្ទុះឡើងដាច់ពីតារារួមក្រុមតែម្ដង ខណៈដែលតារាចម្រៀងព្រាប សុវត្ថិ នៅ Galaxy ឯណោះវិញ នៅមិនទាន់សាងភាពភ្ញាក់ផ្អើលកក្រើកពេញផ្ទៃប្រទេសនោះទេ ព្រោះអ្នកនិពន្ធសរសេរប៉ារ៉ូលបទចម្រៀងឲ្យលោក ក្មេងជាងវ័យ ហើយមិនទាន់ត្រូវបច្ចេកទេសនៃការច្រៀងរបស់ព្រាប សុវត្ថិ ទើបមហាជនខ្លះនៅតែនិយមស្ដាប់បទចាស់ៗរបស់ព្រាប សុវត្ថិ នៅហង្សមាស ជាងការស្ដាប់បទថ្មីរបស់លោកនៅ Galaxy។
ទោះជាពេលនេះ គេមើលឃើញខេមរៈ សិរីមន្ដ កំពុងតែមានរាសីឡើងមែន ប៉ុន្ដែអ្នកជំនាញសិល្បៈនៅតែចាត់ទុកថា សូមកុំអាលវាយតម្លៃថា ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ចាញ់ឈ្នះគ្នាពេលនេះឲ្យសោះ ព្រោះថា រយៈពេលព្រាប សុវត្ថិ ចេញពីហង្សមាស ទៅ Galaxy នៅថ្មីៗពេក។

អ្នកនិពន្ធភ្លេង (Composer) ម្នាក់ នៅហង្សមាស បាននិយាយប្រាប់ ”នគរធំ” កាលពីថ្ងៃទី២៧ ខែតុលា ដោយសុំមិនឲ្យដាក់ឈ្មោះថា ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ មិនអាចសន្និដ្ឋានបាននៅពេលនេះបានទេ។ លោកថា បទចម្រៀងព្រាប សុវត្ថិ នៅ Galaxy ទោះជាមិនទាន់ខ្លាំងដូចនៅហង្សមាស មែន ប៉ុន្ដែការច្រៀងសម្ដែងបទទាំងនោះ នៅលើឆាក មានទស្សនីយភាពល្អ ប្លែកជាងមុន ពិសេសគឺក្រុមរាំក៏ល្អទៀត។
ដោយឡែកសិរីមន្ដ ចេញបទញាក់ចុងក្រោយនេះ ឃើញមានគេយកទៅចាក់នៅតាមក្លឹប និង Tik Tok ច្រើនមែន ប៉ុន្ដែមិនទាន់អាចយកឈ្នះព្រាប សុវត្ថិ បានទេ ព្រោះគិតមកដល់ពេលនេះ ព្រាប សុវត្ថិ មិនទាន់ធ្លាក់ចុះឡើយ គឺសមត្ថភាពនៅដដែល គ្រាន់តែផលិតកម្មថ្មី គេធ្វើបទឲ្យលោកច្រៀងវ័យក្មេងជាមុន គឺដូចកាលឆ្នាំ១៩៩៨ ដែលព្រាប សុវត្ថិ ច្រៀងនៅហង្សមាស អីចឹង។

ខេមរៈ សិរីមន្ដ ត្រូវបានថៅកែហង្សមាស សម្រិតសម្រាំងយ៉ាងពិសេស ទាំងការទម្លាក់បទចម្រៀងឲ្យច្រៀង និងថត MV ដើម្បីកុំឲ្យចាញ់ព្រាប សុវត្ថិ ។ ដោយមើលឃើញថា ពេលនេះ ខេមរៈ សិរីមន្ដ ជាតួឯករបស់ហង្សមាស បែបនេះហើយ ទើបធ្វើឲ្យតារារួមអាជីពនៅទ្រនំនេះ មានភាពច្របូកច្របល់ ពិសេស មហាជនមើលឃើញថា ណុប បាយ៉ារិទ្ធនិងឆន សុវណ្ណារាជ ដែលឈរជើងនៅហង្សមាស មុនសិរីមន្ដ នោះ ពេលនោះពួកគេមិនអាចទៅអង្គុយកៅអីព្រាប សុវត្ថិ នោះបានទេ ព្រោះថាមានតែលោកសិរីមន្ត ម្នាក់ប៉ុណ្ណោះ ដែលមានគីឡូប្រកួតប្រជែងជាមួយលោកស្នាយ។

ប៉ុន្ដែទោះជាពេលនេះ សិរីមន្ដ កំពុងតែមានសង្ឃឹមច្រើនថា អាចយកតំណែងព្រាប សុវត្ថិ នៅហង្សមាស បានក្ដី តែមុននេះ អ្នកជំនិតព្រាប សុវត្ថិ បានទម្លាយសារព្រមានតារាទាំងឡាយណាចង់បានតំណែងព្រាប សុវត្ថិ ត្រូវឆ្លងឲ្យផុត១០ដំណាក់កាលជាមុនសិន ដែលក្នុងនោះមានតែ៣ចំណុចប៉ុណ្ណោះ ដែលសិរីមន្ដ ពិបាកតទល់ គឺទី១. ត្រូវល្បីឲ្យបានជាង៣០ឆ្នាំ ទី២. ត្រូវបានបទចម្រៀងល្បីជាង៣០០០បទ និងទី៣. ត្រូវបានទ្រព្យច្រើនជាង៣០លានដុល្លារ។

គេថា ទាំង៣ចំណុចនេះ ធ្វើឲ្យលោកសិរីមន្ត ហាក់នៅទ្រឹង ប៉ុន្ដែអតីតតារាចម្រៀង U2, និង សាន់ដេ រូបនេះ ហាក់មិនបន្ធូរដៃនោះទេ ព្រោះបានចេញបទចម្រៀងតទល់ជាមួយលោកព្រាប សុវត្ថិ ជាបន្ដបន្ទាប់ តាំងពីខែភ្ជុំ រហូតដល់កឋិនទាន។

យ៉ាងណា មានតែមហាជនទេដែលអាចមើលឃើញច្បាស់ថា រយៈពេល៦ខែ ទៅ១ឆ្នាំ តារាកូន៣ ព្រាប សុវត្ថិ នៅតែខ្លាំង ឬមួយតារាកូន៣ ខេមរៈ សិរីមន្ដ វ៉ាវិញម្ដង?៕ ហ៊ឹម វិចិត្រ