ភ្នំពេញ ៖ នារីវ័យក្មេងរូបស្រស់ម្នាក់ត្រូវគេអះអាងថា ដោយសារតែរៀនពូកែ និងរៀនច្រើនពេក ធ្វើឱ្យបែកកម្មដ្ឋាន រហូតដើរដោះអាវ បង្ហាញដោះកណ្តាលវាលដោយគ្មានខ្មាសអៀន ដើរនិយាយតាមផ្លូវ តែម្នាក់ឯងដូចមនុស្សវិកលចរិត និងបម្រុងដើរចូលឡានទៀត បង្កឱ្យការភ្ញាក់ផ្អើលពេញដងផ្លូវ និងធ្វើឱ្យប្រជាពលរដ្ឋឃើញហេតុការណ៍ នាំគ្នាជួយឃាត់ និង យកអាវមកពាក់ឱ្យវិញ។

ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៩និង៤០នាទីយប់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នៅតាមបណ្តោយមហាវិថីព្រះនរោត្តម នៅជាប់របងបុរីចម្ការមន ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។
តាមសម្តីនារីខាងលើ បានឱ្យដឹងទាំងវង្វេងស្មារតីថា នាងមានឈ្មោះរចនា ស្នាក់នៅសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ ហើយរូបនាងជាមនុស្សញៀនថ្នាំ ដោយនៅថ្ងៃនេះ នាងប្រើប្រាស់ថ្នាំញៀនលើសកម្រិត ទើបប្រតិកម្មទៅជាបែបនេះ។

តាមប្រភពពីប្រជាពលរដ្ឋជាអ្នករត់រ៉ឺម៉កកង់បី នៅកន្លែងភ្ញាក់ផ្អើល បានប្រាប់ឱ្យដឹងថា មុនកើតហេតុ គឺពួកគាត់ប្រទះឃើញនារីវ័យក្មេងខាងលើ ដើរតែម្នាក់ឯង តាមរបងបុរីចម្ការមន ដោយពួកគាត់មិនដឹងថា នារីរូបនោះមកពីណាទេ គឺដើរតែម្នាក់ឯង គ្មានពាក់អាវ (ដោះអាវ) ដើរឱនៗ គ្មានកម្លាំងកំហែង ដូចមនុស្សត្រូវថ្នាំគេ វង្វេងស្មារតី និងបម្រុងដើរចូលឡានគេទៀត ឃើញបែបនេះ ពួកគាត់ក៏សម្រេចចាប់ឃាត់នារីរូបនោះ និងរកអាវមកពាក់បិទបាំងកេរ្តិ៍ខ្មាសឱ្យ រួចក៏រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ឱ្យចុះមកដល់កន្លែងកើតហេតុ ជួយអន្តរាគមន៍តែម្តង។

បន្ទាប់ពីសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ ដោយឃើញអាការនារីខាងលើ មិនស្រួល ទើបសមត្ថកិច្ចទាក់ទងហៅរថយន្តសង្គ្រោះ របស់គ្លីនិកឯកជន មកដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ និងព្យាយាមស្រាវជ្រាវ ទាក់ទងទៅក្រុមគ្រួសារ ឱ្យទៅមើលថែនៅមន្ទីរពេទ្យ។

ដោយឡែក តាមប្រភពពីក្រុមគ្រួសារនារីរងគ្រោះខាងលើ បានបង្ហើបប្រាប់ថា កូនស្រីរបស់គាត់ (នារីរងគ្រោះ) គឺជាមនុស្សរៀនពូកែខ្លាំងណាស់ ហើយដោយសារតែនាងប្រឹងរៀនសូត្រច្រើនពេក រហូតដល់ខូចប្រព័ន្ធប្រសាទ (បែកកម្មដ្ឋាន) ទើបក្លាយទៅជាបែបនេះតែម្តង៕
