“ខ្ញុំមិនដែលចេះប្រកាន់ដៃគូច្រៀងឆ្លងឆ្លើយនោះទេ ឲ្យតែមេដាក់បទនោះឲ្យ ទោះជាតម្រូវជាមួយតារាចម្រៀងប្រុសមួយណា ក៏ខ្ញុំមិនប្រកែកដែរ”។ នេះជាការឆ្លើយតបរបស់សុគន្ធ និសា និងសំណួររបស់អ្នកយកព័ត៌មាន ”នគរធំ” កាលពីរាត្រីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ក្នុងជំនួបផ្ទាល់នៅ CTN ដែលចង់ឲ្យនិសា ប្រាប់ថា តើហង្សមាស នឹងដាក់ឲ្យនាងច្រៀងជាដៃគូចម្រៀងថ្មីជាតារាប្រុសរូបណា ក្រោយពីព្រាប សុវត្ថិ ចាកចេញ?

សុគន្ធ និសា ថា តាំងពីនាងចាប់អាជីពចម្រៀងមក មិនដែលប្រកាន់ថា ចង់ច្រៀងជាមួយតារាប្រុសណាមិនចង់ច្រៀងជាមួយតារាណានោះទេ ពោលគឺឲ្យតែអ្នកគ្រប់គ្រងតម្រូវឲ្យច្រៀង ថាបទនោះស័ក្តិសមជាមួយតារាចម្រៀងរូបណា គឺនាងអាចច្រៀងតាមអ្នកដឹកនាំចង់បាន។ នាងថា អ្នកនិពន្ធបទចម្រៀងដឹងថា បទនោះតារាណាច្រៀងជាមួយតារាណាសម បើសិនជាបទឆ្លងឆ្លើយ ហេតុនេះហើយនាងមិនប្រកាន់ថា ទាល់តែតារារូបនោះច្រៀងជាមួយ ទើបនាងព្រមច្រៀងនោះទេ។

ការអះអាងរបស់សុគន្ធ និសា នៅពេលនេះ គឺដូចគ្នាទៅនឹងការលើកឡើងរបស់សុខ ពិសី ដែរ ដែលនាងធ្លាប់ប្រាប់ថា នាងមិនដែលបដិសេធក្នុងការច្រៀងជាមួយតារាចម្រៀងណាម្នាក់ ដែលក្រុមហ៊ុនតម្រូវឡើយ ទោះជាតារានោះថ្មី មិនសូវល្បីក៏ដោយ ហើយការលើកឡើងរបស់ពិសី នោះ គឺដូចសកម្មភាពរបស់នាងមែន ព្រោះគេធ្លាប់ឃើញពិសី ច្រៀងជាមួយតារាទូទៅតែម្ដងនៅសាន់ដេ។
ចំណែកសុគន្ធ និសា ដែលជាតារាចម្រៀងលំដាប់កំពូលម្នាក់ដែរ អំឡុងពេលនៅថោន នាងធ្លាប់ច្រៀងជាមួយនាយកពែកមី ដែលជាអ្នកកំប្លែងទៀតផង ខណៈដែលនៅហង្សមាស កន្លងមក គេធ្លាប់តែឃើញនាងច្រៀងជាមួយលោកព្រាប សុវត្ថិ, ណុប បាយ៉ារិទ្ធិ,ឆន សុវណ្ណារាជ និងរិន សាវ៉េត ជាដើម។

មហាជនជាច្រើនបានពេញចិត្តសុគន្ធ និសា នៅពេលដែលនាងចាប់ដៃគូជាមួយលោកព្រាប សុវត្ថិ នូវបទមរតកដើម ដូចជាបទ ”ប្រស្នា៤ខ” និងបទ ”ដើមត្រែងយោល” ជាដើម ដោយទាំងសំឡេង និងកាយវិការនិសា និងលោកព្រាប សុវត្ថិ ស័ក្តិកសមគ្នា។
ប៉ុន្ដែពេលនេះ និសា ក៏ដូចជាឱក សុគន្ធកញ្ញា និងពេជ្រ សោភា ដែរ គឺលែងបានច្រៀងឆ្លងឆ្លើយជាមួយព្រាប សុវត្ថិ ទៀតហើយ បន្ទាប់ពីតារាជើងចាស់រូបនេះ រួមរស់បាន២៣ឆ្នាំ ក៏អស់និស្ស័យជាមួយហង្សមាស ហើយសម្រេចចិត្តទៅ Galaxy។

ឆ្លើយតបសំណួរថាតើសុគន្ធ និសា នឹងអាចច្រៀងឆ្លងឆ្លើយជាមួយលោកខេមរៈ សិរីមន្ដ នាពេលខាងមុខឬអត់នោះ?
តារាតូចច្រឡឹងរូបនេះ វាចាថា នៅលើក្រុមហ៊ុនជាអ្នករៀបចំ នាងជាអ្នកចម្រៀង មានតួនាទីធ្វើតាមអ្នកដឹកនាំរៀបចំ។ ប៉ុន្តែនាងថា ទោះជាការច្រៀងដៃគូរជាមួយតារាណា ក៏នាងអាចធ្វើបានទៅតាមអ្នកដឹកនាំតម្រូវទៅលើបទចម្រៀងនោះដែរ។

សុគន្ធ និសា បានក្លាយទៅជាភរិយារបស់អាណិកជនខ្មែរ មកពីរដ្ឋឡូវែល៍ សហរដ្ឋអាមេរិក ក្រោយនាងរៀបការកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ជាមួយលោកចៅ សម្បត្តិ ដែលជានាយប្រតិបត្តិរបស់ក្រុមហ៊ុនមែនញូឡាយហ្វ ប្រចាំនៅកម្ពុជា។
ថ្វីត្បិតតែមានស្វាមីក្ដី ប៉ុន្ដែនិសា នៅតែអាចបន្ដអាជីពសិល្បៈបានដោយរលូន ព្រោះស្វាមីរបស់នាងបានយល់ព្រមអនុញ្ញាតឲ្យនាងច្រៀង សម្ដែងតាមចិត្តចង់ បន្ទាប់ពីនិសា បានប្រាប់ស្វាមីថា នាងមិនអាចឈប់ច្រៀងនៅពេលនេះបានទេ ព្រោះបានតស៊ូក្នុងអាជីពនេះជាង១០ឆ្នាំមកហើយ។

ប៉ុន្ដែរក្រោយរៀបការជិត៣ឆ្នាំនេះ និសា នៅតែមិនទាន់ហ៊ានពពោះយកកូនដំបូងនៅឡើយ ខណៈដែលការទទួលបានសិទ្ធិចេញទៅរស់នៅអាមេរិក ស្របច្បាប់ (Visa) នៅតែមិនទាន់ធ្លាក់ពីស្ថានទូតនៅឡើយ។ និសា ធ្លាប់និយាយថា នាងអាចនឹងរៀបគម្រោងយកកូននៅឆ្នាំ២០២១ ខាងមុខនេះហើយ៕
ហ៊ឹម វិចិត្រ