Wednesday, August 20, 2025
Homeតារាខ្មែរកញ្ញាកែវ សុបញ្ញា គ្រាន់តែថតរឿង ត្រូវសម្រកគីឡូច្រើនបែបនេះផង

កញ្ញាកែវ សុបញ្ញា គ្រាន់តែថតរឿង ត្រូវសម្រកគីឡូច្រើនបែបនេះផង

តារាចម្រៀងផលិតកម្មរស្មីហង្សមាស កញ្ញាកែវ សុបញ្ញា ដែលបង្ហាញខ្លួនលើឆាកតន្រ្ដីប៉ុស្ដិ៍ MyTV កាលពីរាត្រីថ្ងៃទី២៤ ខែតុលា នោះ មានរូបរាងហាក់ស្រកសាច់ខុសពីធម្មតា រហូតដល់អ្នកខ្លះមើលនាងមិនចង់ស្គាល់ទៀតផង។ ទោះជាយ៉ាងណា ការបង្ហើរសំនៀងរបស់នាង គឺទឹមដមសំឡេងនៅតែដដែល។

ជុំវិញការស្រកគីឡូនេះ គេសង្ស័យថា ស្រីស្អាតសុបញ្ញា សម្រកទម្ងន់ដើម្បីតម្រូវចិត្តគូស្នេហ៍ជាមិនខាន ព្រោះតែមុននេះ គេតែងតែឃើញនាងបណ្ដើរបុរសម្នាក់យ៉ាងស្និទ្ធស្នាលដូចគូស្នេហ៍ទៅមើលកុន។

ទាក់ទងរឿងគីឡូថយចុះខ្លាំងនេះដែរ តារាចម្រៀងកែវ សុបញ្ញា បានឲ្យដឹងថា តាមពិតនាងស្រកអស់ត្រឹម៣គីឡូទេ គឺពី៤៨មក៤៥គីឡូ ហើយហេតុផលដែលគេថា នាងស្គមខ្លាំងនោះ អាចមកពីបច្ចេកទេសនៃការស្លៀកពាក់របស់នាងផង។ នាងថា មិនបានសម្រកគីឡូដើម្បីធ្វើតាមចិត្តអ្នកណានោះទេ ប៉ុន្ដែមកពីនាងជាប់ថតភាពយន្ដខ្នាតធំមួយ ឲ្យហង្សមាស ហើយធម្មតានាងរាងតូចទេ តែចូលកាមេរ៉ា មើលទៅឃើញធំតែម្ដង អីចឹងហើយទើបពេលថតភាពយន្ដនោះ នាងតបញាំ និងញាំផ្លែផាសិន ដែលធ្វើឲ្យគីឡូស្រកលឿនបែបនេះ។ ប៉ុន្ដែក្រោយថតចប់ភាពយន្ដនោះ នាងនឹងប្រឹងហាត់ប្រាណយកគីឡូដើមមកវិញ ព្រោះនាងស្រលាញ់គីឡូ៤៧ឬ៤៨ហ្នឹងយូរហើយ។

ក្រៅពីស្រកទម្ងន់អស់៣គីឡូនេះ កែវ សុបញ្ញា បានឲ្យដឹងថា តាំងពីផ្ទុះកូវីដ-១៩ មកដល់ពេលនេះ នាងក៏ដូចជាតារាផ្សេងទៀតដែរ គឺបាត់បង់ប្រាក់ចំណូលដូចគ្នាតែម្ដង ព្រោះ Concerts នៅតាមបណ្ដាខេត្ត ត្រូវបាត់បង់ទាំងស្រុង។

ដោយឡែក ហាងរបស់នាងនៅក្រុងតាខ្មៅ “CS Beer ព្រិល” នោះ បានបើកដំណើរការធម្មតា តែប្រាក់ចំណូលវិញបានត្រឹមទប់ទល់ប៉ុណ្ណោះ តាំងពីផ្ទុះកូវីដ-១៩មក។ ទោះជាយ៉ាងណា នាងថា ទាំងនាង និងអ្នករកស៊ីដទៃទៀត សង្ឃឹមថាអ្វីៗនឹងល្អប្រសើរនាពេលខាងមុខនេះវិញជាមិនខាន។

ក្រៅពីអាជីពចម្រៀងកែវ សុបញ្ញា ក៏មានឱកាសថតភាពយន្ដធំៗរបស់ហង្សមាស ជាបន្ដបន្ទាប់ផងដែរ ដូចជារឿង ”រាជិនីភូមិគ្រឹះ”​និងរឿង ”ម្ដាយក្មេកក្នុងឋានព្រះច័ន្ទ” ជាដើម។

យ៉ាងណា ទាក់ទងរឿងបេះដូងវិញ ថៅកែ CS និងជាអតីតបេក្ខភាព “The Voice Cambodia” រដូវកាលទី១រូបនេះ ធ្លាប់វាចាថា នាងមិនទាន់មានសង្សារទេ ហើយបុរសម្នាក់ដែលនាងធ្លាប់បណ្ដើរទៅមើលកុននោះ គ្រាន់តែជាមិត្តភក្ដិជិតដិតប៉ុណ្ណោះ៕

RELATED ARTICLES