Wednesday, August 20, 2025
Homeព័ត៌មានជាតិត្រឹម១ថ្ងៃ សមត្ថកិច្ចបង្ក្រាបបានដល់ទៅ៣ករណីផ្សេងគ្នា

ត្រឹម១ថ្ងៃ សមត្ថកិច្ចបង្ក្រាបបានដល់ទៅ៣ករណីផ្សេងគ្នា

ខេត្តបាត់ដំបង ៖ ជនសង្ស័យជាចោរប្លន់និងលួច ចំនួន៣នាក់ ក្នុងចំណោមជាច្រើននាក់ ដែលប្រព្រឹត្តបទល្មើសលួចនិងប្លន់ដាច់ដោយឡែកៗពីគ្នា ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្ត ធ្វើការស្រាវជ្រាវបង្ក្រាបបានជាបន្តបន្ទាប់ តែក្នុងរយៈពេលមួយថ្ងៃ។

លោកឈឿង គឹមសុង ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា ក្នុងចំណោមបទល្មើសចំនួន៣ករណី ដែលកម្លាំងរបស់លោកបង្ក្រាបបានខាងលើនេះ មានអំពើលួច នួន២ករណី និងអំពើប្លន់ ១ករណី ឃាត់ខ្លួនជនដៃដល់បានចំនួន៣នាក់ ជាបន្តបន្ទាប់ ថែមទាំងដកហូតបានវត្ថុតាង ម៉ូតូចំនួន៣គ្រឿងផងដែរ។

យោងតាមរបាយការណ៍របស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានបញ្ជាក់ឱ្យដឹងថា កិច្ចប្រតិបត្តិការបង្ក្រាបអំពើចោរកម្មទាំង៣លើកខាងលើនេះ គឺករណីទី១ កម្លាំងការិយាល័យជំនាញ បានធ្វើការបង្ក្រាបអំពើប្លន់នៅវេលាម៉ោង១និង២៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នៅចំណុចខាងមុខផ្ទះសំណាក់ កែវ មុនី ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះខ្វឿង យ៉ាំងជុង អាយុ១៧ឆ្នាំ ជនជាតិវៀតណាម មានលំនៅក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង និងដកហូតម៉ូតូ១គ្រឿង ម៉ាក Zoomer-X ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខបាត់ដំបង 1AB-1591។

របាយការណ៍ បានបន្តថា ជនសង្ស័យខាងលើនេះ រួមជាមួយបក្ខពួកចំនួន៣នាក់ទៀត បានធ្វើសកម្មភាពព្រូតគ្នាវាយទៅលើជនរងគ្រោះឈ្មោះ ស៊ សឺ ភេទប្រុស អាយុ១៧ឆ្នាំ ពេលកំពុងច្រៀងក្នុងបន្ទប់ខារ៉ាអូខេយីហោ ត្រចៀកកាំ ជាមួយគ្នា កាលពីវេលាម៉ោង ១០ និង៣០នាទីយប់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង។ ក្រោយវាយជនរងគ្រោះ ក្រុមជនល្មើសទាំង៤នាក់ បានប្លន់យកម៉ូតូជនរងគ្រោះ ជិះគេចខ្លួនបាត់។ ប៉ុន្តែក្រោយពីទទូលបានបណ្តឹងជនរងគ្រោះបាន១ថ្ងៃ ទើបកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល តាមឃាត់ខ្លួនបានម្នាក់ រីឯ៣នាក់ទៀតបានរត់គេចខ្លួន។

ចំពោះករណីទី២ កម្លាំងការិយាល័យដដែល បានធ្វើការបង្ក្រាបអំពើលួចម៉ូតូ និងឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង ១និង២៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នៅក្នុងស្ថានីយរថភ្លើង ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ ជនសង្ស័យឈ្មោះ ឡៃ ហាំម៉ាត់ អាយុ២០ឆ្នាំ នៅភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។ ជនសង្ស័យរូបនេះ បានធ្វើសកម្មភាពលួចយកម៉ូតូជនរងគ្រោះ ឈ្មោះ ចន ចេក ហៅង៉ោល អាយុ១៨ឆ្នាំ នៅភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ។

លុះជនសង្ស័យជិះចេញមកដល់ស្ថានីយរថភ្លើង ទើបត្រូវកម្លាំងជំនាញ ឃាត់ខ្លួនបាន និងដកហូតម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៥ ពាក់ស្លាកលេខ បាត់ដំបង 1L-4369។ តាមពិត ជនរងគ្រោះ និងជនដៃដល់ គឺជាមនុស្សស្គាល់គ្នាជិតដិត ថែមទាំងធ្លាប់ដើរលេងជាមួយគ្នាទៀតផង ពោលគឺជាករណីពាលស៊ីពាល។

ដោយឡែកករណីទី៣ កម្លាំងជំនាញ បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះវង្ស ផាន់រ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ។ ជនសង្ស័យនេះ បានធ្វើសកម្មភាពលួចយកម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខ បាត់ដំបង 1I-3335 របស់ជនរងគ្រោះឈ្មោះវ៉ន វ៉ាន់ ភេទប្រុស កាលពីយប់ថ្ងៃទី២២ ខែតុលា  ឆ្នាំ២០២០ នៅចំណុចភូមិឡាក់ហុកពីរ ឃុំកំរៀង ស្រុកកំរៀង។

ប៉ុន្តែក្រោយពីលួចបាន ជននេះបានសម្ងំលាក់ទុកសិន លុះនៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ជនសង្ស័យបានជិះម៉ូតូនោះ យកមកអំពាវនាវលក់នៅក្នុងស្ថានីយរថភ្លើង ក្រុងបាត់ដំបង ធ្វើឱ្យមានការសង្ស័យ ពលរដ្ឋក៏បានរាយការណ៏ប្រាប់សមត្ថកិច្ច ហើយកម្លាំងការិយាល័យជំនាញ ក៏បានចុះនាំខ្លួនជនសង្ស័យ ទៅសាកសួរ ទើបបែកធ្លាយរឿងលួចម៉ូតូគេ ពីស្រុកកំរៀង ក៏ត្រូវមន្ត្រីការិយាល័យជំនាញ ធ្វើការឃាត់ខ្លួនជននេះតែម្តង។

លោកឈឿង គឹមសុង ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានបញ្ជាក់ថា ជនសង្ស័យដែលលួចនិងប្លន់ ទាំង៣ករណីខាងលើ គឺជាបក្ខពួកតែមួយ ដែលធ្លាប់ធ្វើសកម្មភាពបែបពាលស៊ីពាលនេះ ជាញឹកញ៉ាប់កន្លងមក ។ រីឯបក្ខពួកជននេះ មួយចំនួនដែលកំពុងរត់គេចខ្លួន ក៏ធ្លាប់ជាប់គុក ដោយសារប្រព្រឹត្តអំពើចោរកម្មផងដែរ។

ជនសង្ស័យ ទាំង៣នាក់ ខាងល ត្រូវបានមន្ត្រីជំនាញ ធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី ។ រីឯម៉ូតូដែលដកហូតបាន ទាំង ៣គ្រឿង នឹងស្រាវជ្រាវប្រគល់ឱ្យជនរងគ្រោះវិញ៕

RELATED ARTICLES