Wednesday, August 20, 2025
Homeព័ត៌មានជាតិសមត្ថកិច្ចហៅរុឺម៉កកង់៣ ដឹកចូលប៉ុស្តិ៍ទាំងព្រឹក ព្រោះតែព្រហើនខ្លាំងពេក

សមត្ថកិច្ចហៅរុឺម៉កកង់៣ ដឹកចូលប៉ុស្តិ៍ទាំងព្រឹក ព្រោះតែព្រហើនខ្លាំងពេក

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក៥នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះមិនបានសម្រេច ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន។ ឯ៣នាក់ទៀត មានវាសនាអាចរត់រួចមួយគ្រា។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤០នាទីព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ចំណុចមុខស្តុប ៣ស្ថាប័ន ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

បើតាមសមត្ថកិច្ចនគរបាលមូលដ្ឋាន បានប្រាប់ឱ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចក្របួចបានវ៉ៃខ្នោះទាំងព្រឹកនេះ ទី១-ឈ្មោះ ឡាក់ ទីន ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទី២-ឈ្មោះជា វណ្ណៈ ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ពេលឃាត់ខ្លួន កម្លាំងដកហូតបានវត្ថុតាង ម៉ូតូមួយគ្រឿង ម៉ាកហុងដាស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1H-2626 ជាម៉ូតូដែលជនសង្ស័យទាំងពីរនាក់ ជិះធ្វើសកម្មភាព។

តាមប្រភពព័ត៌មានដដែល បានឱ្យដឹងដែរថា ជនសង្ស័យមានគ្នា៥នាក់ ជិះម៉ូតូចំនួន៣គ្រឿង ធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះតែមិនបានសម្រេច នៅត្រង់ចំណុចមុខស្តុប ៣ស្ថាប័ន ត្រូវជនរងគ្រោះស្រែកចោរៗ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ដែលល្បាតក្បែរនោះ ដេញតាមជនសង្ស័យទាំង៥នាក់ តែជនសង្ស័យ៣នាក់ ជិះម៉ូតូ២គ្រឿង គេចខ្លួនបាត់ នៅសល់ជនសង្ស័យ២នាក់ខាងលើ ជិះម៉ូតូមួយគ្រឿង រហូតដល់ផ្លូវលេខ១០៥ ក្រុម៤ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ដោយស្ថានភាពភ័យពេក ក៏ដួលម៉ូតូ ត្រូវប៉ូលិសក្របួចជាប់ទាំង២នាក់តែម្តង។

ក្រោយពីកើតហេតុ និងឃាត់ខ្លួនបានជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី១ ហៅរុឺម៉កកង់៣ឥណ្ឌា ដឹកនាំមកប៉ុស្តិ៍សាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌប្ញស្សីកែវ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES