Wednesday, August 20, 2025
Homeព័ត៌មានជាតិត្រឹមតែមួយប៉ប្រិចភ្នែក មង្គលការដែលត្រៀមរួចរាល់ ត្រូវរំសាយចោល

ត្រឹមតែមួយប៉ប្រិចភ្នែក មង្គលការដែលត្រៀមរួចរាល់ ត្រូវរំសាយចោល

ភ្នំពេញ ៖ បុរសជាមេធាវីម្នាក់ ត្រូវបានក្រុមគ្រួសារបង្ហើបប្រាប់ថា ជិតដល់ថ្ងៃចូលរោងការទៅហើយ ស្រាប់តែកើតមានអាការមិនសូវស្រួលខ្លួន (ចុកពោះ) ទើបចូលទៅសម្រាកព្យាបាលនៅក្នុងគ្លីនិកឯកជនមួយកន្លែង លុះចូលទៅដល់ ត្រូវគ្រូពេទ្យបន្តោកសេរ៉ូមឱ្យ ១ប្លោក ស្រាប់តែកើតអាការគាំងបេះដូងស្លាប់នៅនឹងកន្លែងមួយរំពេច។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ នៅចំណុចមន្ទីរសម្រាកព្យាបាល លី ស្រីវីណា (LY SREY VYNA CLINIC) មានទីតាំងស្ថិតតាមបណ្តោយផ្លូវលេខ១៦៣ ផ្ទះលេខ339 ABC កែងផ្លូវ លេខ៤៧២ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន។

បុរសរងគ្រោះដែលបាត់បង់ជីវិតនៅក្នុងគ្លីនិកឯកជនខាងលើ មានឈ្មោះទេព ពៅ អាយុ៤២ឆ្នាំ មុខរបរជាមេធាវី អត្តលេខ៨៩៣ នៃក្រុមមេធាវីឯករាជ្យ ការិយាល័យ អគារលេខ៣៧៦ ផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកង ខណ្ឌចំការមន បច្ចុប្បន្នស្នាក់នៅផ្ទះលេខ55E1 ផ្លូវលេខ១៣៦ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ និងមានស្រុកកំណើតនៅភូមិកំពង់ឃ្លាំង ឃុំកំពង់ឃ្លាំង ស្រុកជីក្រែង ខេត្តសៀមរាប។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ជនរងគ្រោះ (លោកមេធាវី ទេព ពៅ )  បានកើតមានអាការមិនសូវស្រួលខ្លួន ដោយចេះតែចុកពោះ ទើបបានចូលទៅពិនិត្យព្យាបាលនៅគ្លីនិក លី ស្រីវីណា ស្ថិតនៅទីតាំងកើតហេតុខាងលើ។ លុះចូលទៅដល់ គ្រូពេទ្យពិនិត្យរួច ក៏បានដាក់សេរ៉ូមឱ្យជនរងគ្រោះ បន្ទាប់មកស្រាប់តែជនរងគ្រោះកើតអាការគាំងបេះដូងស្លាប់ភ្លាមៗតែម្តង។

ជុំវិញបញ្ហានេះអ្នកសារព័ត៌មាន បានទំនងទំនាក់ទៅកាន់គ្លីនិក លី ស្រីវីណា ដើម្បីសួរនាំបញ្ហានេះដែរ ដោយក្នុងនោះ បុគ្គលិកស្រីម្នាក់បានប្រាប់ថា ករណីនេះកំពុងដោះស្រាយហើយ លុះពេលសួរនាំបញ្ហាអ្វីទៀត បុគ្គលិកស្រីរូបនេះបានបដិសេធមិនឆ្លើយអ្វីទៀតទេ។

ក្រោយសមត្ថកិច្ចត្រួតពិនិត្យនិងធ្វើកោសល្យវិច័យរួច សពជនរងគ្រោះត្រូវបានដឹកចេញពីមន្ទីរពេទ្យ ដើម្បីយកទៅតម្កល់និងធ្វើបុណ្យតាមប្រពៃណី នៅវត្តសំពៅមាស ខណ្ឌ៧មករា។

ដោយឡែក យោងតាមប្រភពព័ត៌មានច្បាស់ការមួយ បានបង្ហើបប្រាប់ថា លោកមេធាវី ទេព ពៅ ដែលជាជនរងគ្រោះខាងលើ ជិតដល់ថ្ងៃចូលរោងការទៅហើយ ដោយត្រូវរៀបការនៅអំឡុងខែធ្នូ ខាងមុខនេះ ព្រមទាំងបានបោះធៀបការរួចរាល់ទៅហើយ ស្រាប់តែមកជួបគ្រោះអកុសល បាត់បង់ជីវិតបែបនេះទៅវិញ។

ពាក់ព័ន្ធនឹងករណីខាងលើនេះ “នគរធំ” រង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES