Wednesday, August 20, 2025
Homeតារាខ្មែរអ្នកនាងទូច ស្រីលក្ខណ៍ បង្ហើបថា លោកគ្រូ សុំចូលខ្លួនថែចិត្ត

អ្នកនាងទូច ស្រីលក្ខណ៍ បង្ហើបថា លោកគ្រូ សុំចូលខ្លួនថែចិត្ត

ភ្នំពេញ ៖ តារាចម្រៀងទូច ស្រីលក្ខណ៍ បន្ទាប់ពីបែកបាក់ពីស្វាមីបរទេស ក្លាយជាមេម៉ាយក្តៅស្រួយ ឈ្ងុយដូចដូងដុតមួយរយៈមក នៅពេលនេះស្រាប់តែនាងបានបង្ហើបថា មានបុរសសាច់ដុំធំៗម្នាក់ ជាគ្រូបង្ហាត់ផ្នែកហាត់ប្រាណរបស់នាងបានសុំចូលខ្លួនមកស្អំរបួសបេះដូង និងថែចិត្តនាងកុំឱ្យស្វិតស្រពោនទៀត។

ទូច ស្រីលក្ខណ៍ បានបង្ហោះរូបភាពបុរសនោះ ជូនបាច់ផ្កាក្នុងថ្ងៃខួបកំណើតនាង កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ជាមួយសំណេរថា “ចុម! លោកគ្រូ លេងមក Surprise ខួបកំណើតដល់មន្ទីរពេទ្យ សំខាន់កូនឈឺនៅពេទ្យនៅឡើយ គិតម៉េចទៅ? លោកគ្រូប្រាប់ថាសុំចូលខ្លួនមកថែចិត្ត បងប្អូន ខ្ញុំត្រូវគិតម៉េច?”។

ជុំវិញការទម្លាយរឿងមានបុរសថ្មី សុំចូលខ្លួនថែបេះដូងខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំយោបល់ និងការបញ្ជាក់បន្ថែមពីអ្នកនាងទូច ស្រីលក្ខណ៍ បានទេ កាលពីម្សិលមិញ។

គួរបញ្ជាក់ថា តារាចម្រៀងមេម៉ាយកូនមួយ ទូច ស្រីលក្ខណ៍ បង្ហើបរឿងបេះដូងខាងលើនេះ ធ្វើឡើងបន្ទាប់ពីនាងបានបែកបាក់ជាមួយស្វាមីជាជនបរទេស ដោយនាងបានចោទប្រកាន់ថា ប្តីបរទេសនោះមានស្រីថ្មី ចុះចោលប្រពន្ធកូន។ ប៉ុន្តែកាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ លោកម័រថេន ក្វាមមេន (Morten Kvammen)  ជាអតីតស្វាមី បានចេញសេចក្តីបំភ្លឺមួយចោទទូច ស្រីលក្ខណ៍ ថាបានដេញប្តីចេញពីផ្ទះ នាំប្រុសថ្មីឡើងផ្ទះ។

ទោះជាយ៉ាងណា ទូច ស្រីលក្ខណ៍ បានឆ្លើយតបទៅអតីតប្តីនោះថា ខ្លួនមានស្រីថ្មីទុកប្រពន្ធចោល និងចុះចោលផ្ទះ បែរជាចោទនាងទាំងបំភ្លៃថា មានប្រុសស្នេហ៍ថ្មីទៅវិញ។ ប៉ុន្តែយ៉ាងណា ស្រីលក្ខណ៍ ថានាងមិនទាមទារយកប្តីនោះមកវិញទេ គឺនាងទុកផ្លូវឱ្យអតីតប្តីដើរដោយមានសេចក្តីសុខចុះ ព្រោះយ៉ាងណាក៏គេជាប់សាច់ឈាមជាមួយកូនប្រុសនាងដែរ។

ទូច ស្រីលក្ខណ៍ បានសរសេរក្នុងទំព័របណ្តាញសង្គមហ្វេសប៊ុករបស់នាង នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ ថា “ត្រូវចាំថា មនុស្សស្រីម្នាក់នេះតែងតែទន្ទេញពាក្យថា ទ្រាំជានិច្ច ដោយសាររូបខ្ញុំមិនទាមទារ រូបខ្ញុំតែងតែយកខួរក្បាលមកប្រាប់ចិត្តខ្លួនឯងថា តម្លៃគឺថ្លៃណាស់សម្រាប់ខ្ញុំ គឺកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ចរិតពិត តែបើមនុស្សមានចិត្ត ហើយសន្តានអាក្រក់ ចង់យកពេជ្ររាប់ម៉ឺនលាន មកបំពាក់លើកខ្លួនទៀត មារយាទអាក្រក់ នឹងវាគង់តែបង្ហាញឱ្យគ្រប់គ្នាបានដឹង។

ត្រូវចាំថា ខ្ញុំមិនដែរទាមទារតវ៉ាចង់បានត្រឡប់មកវិញទេ ទុកផ្លូវឱ្យដើរមានសេចក្តីសុខចុះ ព្រោះ នឹកឃើញថា អ្នកក៏ជាប់ឈាមជាមួយកូនប្រុសរបស់ខ្ញុំ តែអស់លោកអ្នកឯងនៅមិនសុខទេ ហ៊ានណាស់មកបំផ្លាញកិត្តិយសរបស់ខ្ញុំ ដោយស្នាដៃរបស់អស់លោកអ្នកឯងហ្នឹង។ ត្រូវចាំថា ខ្ញុំប្រឹងក្រោកឈរបន្តដំណើររបស់ខ្ញុំ ដើម្បីការងាររបស់ខ្ញុំដែលគេកំពុងរង់ចាំ”។

ទូច ស្រីលក្ខណ៍ បានសរសេរបន្ថែមថា ត្រូវចាំថា ការសរសេរបង្ហោះជាសារ វាជាបទបរិហារកេរ្តិ៍ជាសាធារណៈយ៉ាងច្បាស់ តាមប្រព័ន្ធផ្សព្វផ្សាយ ដោយរូបខ្ញុំមិនដែលតបត តែលោកនៅតែបន្តធ្វើបាបរូបខ្ញុំស្ទើរស្លាប់ទាំងរស់ ទឹកភ្នែកខ្ញុំស្រក់ ព្រោះតែរូបខ្ញុំមិននឹកស្មានថា ចិត្តប្រុសសាហាវដល់ថ្នាក់ហ្នឹង រៀបគម្រោងក្បត់ខ្ញុំ ដែលជាប្រពន្ធ ធ្វើឱ្យកូននិងខ្ញុំស្រែកទ្រហោយំ ដោយស្នាដៃប្តី ប្តីក្បត់បំពាន ហ៊ាន ក្រាបក្បាលផ្ទឹមការជាមួយស្រីថ្មី ភ្លេចហើយ ឬប្តីថា ខ្លួនមិនទាន់លែងលះ ទុកឱ្យច្បាប់ជាអ្នកធ្វើការចុះ យុត្តិធម៌មានសម្រាប់ស្ត្រីខ្មែរ ដូចជាខ្ញុំ”។

ដោយឡែក កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ អ្នកនាងទូច ស្រីលក្ខណ៍ បង្ហោះវីដេអូដែលនាងច្រៀងចម្រៀងមួយបទ ឆ្លើយតបទៅអតីតប្តី ក្នុងទំព័រហ្វេសប៊ុកដដែល ជាមួយសំណេរថា “ខ្ញុំនឹងធ្វើបទចម្រៀងមួយបទនៅក្នុងពេលឆាប់ខាងមុខនេះ ៖

១-បងទុកអូនចោល មានស្រីថ្មីទៀត បងប្រើគ្រប់ស្នៀត បង្ខូចឈ្មោះស្រី បង្ហោះ Facebook ចោទទាំង បំភ្លៃ តើត្រូវដែរអី ឈ្មោះប្តីចោលអូន។

២- បើចង់ដឹងពិត បងប្អូនត្រូវគិតត្រូវឬយ៉ាងណា គេបោះបង់កូនឱ្យរងឈឺផ្សាវេទនាយ៉ាងណា រយៈពេលពីរឆ្នាំ។

៣- បងដើរចោលអូន បងដើរចោលកូន ភ្ជាប់ពាក្យស្រីថ្មី ចុះចេញពីផ្ទះ គ្មានមូលហេតុអ្វី សំខាន់លោកប្តីមិនទាន់លែងលះ។

ទោះជាបែបណា ខ្ញុំត្រូវតែរឹងមាំសម្រាប់ តែកូនរបស់ខ្ញុំមួយមុខ សូមបងប្អូនគិតចុះ បើអ្នកតាមដានរូបខ្ញុំ ប្រាកដជាយល់ច្បាស់ណាស់”។

ទូច ស្រីលក្ខណ៍ បានសរសេរបន្ថែមនៅថ្ងៃដដែលនោះថា “ត្រូវចាំថា ការសរសេរបង្ហោះជាសារ វាជាបទបរិហារកេរ្តិ៍ជាសាធារណៈយ៉ាងច្បាស់តាមប្រព័ន្ធផ្សព្វផ្សាយ ដោយរូបខ្ញុំមិនដែលតបត តែលោកនៅតែបន្តធ្វើបាបរូបខ្ញុំស្ទើរស្លាប់ទាំងរស់ ទឹកភ្នែកខ្ញុំស្រក់ព្រោះតែរូបខ្ញុំមិននឹកស្មានថា ចិត្តប្រុសសាហាវដល់ថ្នាក់ហ្នឹង រៀបគម្រោងក្បត់ខ្ញុំដែលជាប្រពន្ធ ធ្វើឱ្យកូននិងខ្ញុំស្រែកទ្រហោយំដោយស្នាដៃប្តី ក្បត់បំពាន ហ៊ានក្រាបក្បាលផ្ទឹមការជាមួយស្រីថ្មី ភ្លេចហើយឬ ប្តីថាខ្លួនមិនទាន់លែងលះ ទុកឱ្យច្បាប់ជាអ្នកធ្វើការចុះ យុត្តិធម៌មានសម្រាប់ស្ត្រីខ្មែរដូចជាខ្ញុំ”៕

RELATED ARTICLES