Wednesday, August 20, 2025
Homeព័ត៌មានជាតិពួកគាត់លស់ព្រលឹងមិនតិចទេ ពេលជជែកគ្នាកន្លែងលក់ដូរ

ពួកគាត់លស់ព្រលឹងមិនតិចទេ ពេលជជែកគ្នាកន្លែងលក់ដូរ

ភ្នំពេញ ៖ ប្រជាពលរដ្ឋចំនួន៤នាក់ កំពុងអង្គុយជជែកគ្នាលេងកន្លែងលក់ដូរមួយកន្លែង ស្រាប់តែនៅសុខៗក៏មានដែកទីប១កំណាត់ ប្រវែងប្រមាណ២ម៉ែត្រ បានធ្លាក់ចុះមកពីលើអគារកម្ពស់ជាច្រើនជាន់ដែលកំពុងសាងសង់ក្បែរនោះ បណ្តាលឱ្យត្រូវចំធុងទឹកកកធំ១ លាន់សូរដូចរន្ទះ តែសំណងល្អមិនបង្កឱ្យអ្នកណាម្នាក់រងរបួសនោះឡើយ គ្រាន់តែធ្វើឱ្យអ្នកទាំង៤ ភ័យលស់ព្រលឹងគ្រប់គ្នា។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ នៅចំណុចក្បែរការដ្ឋានសំណង់មួយកន្លែង តាមផ្លូវលេខ១១ ស្ថិតក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះទាំង៤នាក់ ដែលរងការភិតភ័យស្ទើរលស់ព្រលឹង នៅក្នុងហេតុការណ៍ខាងលើនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ក្នុងចំណោមនោះមានម្នាក់ ជាអ្នកលក់ដូរ និងជាម្ចាស់ធុងទឹកកកដែលត្រូវដែកទីបធ្លាក់ពីលើ ចំណែក៣នាក់ផ្សេងទៀត ជាអ្នករស់នៅក្បែរខាងរាប់អានគ្នាជាមួយម្ចាស់ផ្ទះ។

តាមប្រភពពីជនរងគ្រោះ បានរៀបរាប់ទាំងអារម្មណ៍តក់ស្លុតប្រាប់ថា នៅមុនពេលកើតហេតុ ខណៈពេលដែលពួកគាត់មានគ្នាចំនួន៤នាក់ ខ្លះអង្គុយ និងខ្លះទៀតឈរនៅកន្លែងលក់ដូរតាមចិញ្ចើមផ្លូវលេខ១១ ក្បែររបងបុរីមួយកន្លែង ដែលទីនោះមានសំណង់អគារកំពុង សាងសង់ ដែលមានកម្ពស់ជាច្រើនជាន់ផងដែរ។ ពេលនោះនៅសុខៗក៏ស្រាប់តែមានដែកទីប១កំណាត់បានធ្លាក់ចុះមកក្រោម បណ្តាលឱ្យត្រូវធុងទឹកកកឮសំឡេងលាន់សូរដូចរន្ទះ ដែលជាហេតុធ្វើឱ្យពួកគាត់មានការភិតភ័យយ៉ាងខ្លាំង ប៉ុន្តែចាត់ទុកថា អាយុជីវិតរបស់គាត់ថ្លៃខ្លាំងណាស់ ដែលដែកនោះធ្លាក់មិនត្រូវ ប៉ុន្តែព្រលឹងរបស់ពួកគាត់បានហោះចេញពីខ្លួនបាត់អស់ទៅហើយ។

ប្រភពខាងលើបន្តឱ្យដឹងទៀតថា ការដ្ឋានសំណង់ខាងលើនេះ មានបិទបាំងដោយការពារស្បៃត្រឹមត្រូវដែរ ប៉ុន្តែពុំដឹងថា យ៉ាងម៉េច នោះទេ? ទើបបានជាដែកទីបធ្លាក់ចុះមកទាំងកំរោលបែបនេះ ហើយចាត់ទុកថា ជាការធ្វេសប្រហែសរបស់ក្រុមមេការ និងជាងសំណង់នៅក្នុង ការដ្ឋានសំណង់នេះតែម្តង។

ប្រភពដដែលបន្តទៀតថា បន្ទាប់ពីមានហេតុការណ៍គួរឱ្យភ័យខ្លាចបែបនេះហើយ មេភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ បានចុះ ទៅដល់កាន់កន្លែងកើតហេតុ រួចធ្វើការសាកសួរចំពោះហេតុការណ៍ដែលបានកើតឡើងនោះ ហើយក្រុមមេការ និងជាសំណង់ បាននិយាយថា ពិតជាមានដែកបានធ្លាក់ចុះមកពីលើការដ្ឋានសំណង់របស់ខ្លួនមែន ដោយសារតែវារបូតង៉ាំធ្លាក់មក។

ក្រោយមកទៀត ជនរងគ្រោះទាំងអស់បានស្នើសុំឱ្យអាជ្ញាធរ ហៅអ្នកទទួលខុសត្រូវនៅការដ្ឋានសំណង់ខាងលើ ធ្វើយ៉ាងណាឈប់ឱ្យ មានហេតុការណ៍អាក្រក់បែបនេះកើតឡើងនៅថ្ងៃក្រោយបន្តទៀត៕

RELATED ARTICLES