ខេត្តព្រៃវែង ៖ មន្ត្រីកងរាជអាវុធហត្ថស្រុកពាមរក៍ បានឃាត់ខ្លួនជនសង្ស័យវ័យក្មេង ចំនួន៤នាក់ (អនីតិជន ២នាក់) ក្រោយពួកគេបានធ្វើសកម្មភាពលួចគាស់តូបអាជីវករ ក្នុងផ្សារអ្នកលឿង។
ការឃាត់ខ្លួនក្តឹបចោរទាំង៤នាក់ ខាងលើនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិ០៦ ឃុំព្រែកខ្សាយ (ខ) ស្រុកពាមរក៍។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង៤នាក់ ខាងលើ រួមមាន ៖ ទី១- ឈ្មោះអ៊ុក ណារើន ភេទប្រុស អាយុ ១៨ឆ្ន្នាំ មានលំនៅក្នុងភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៍។ ទី២- ឈ្មោះអ៊ុក ណារ៉ុង ភេទប្រុសអាយុ១៧ឆ្នាំ មានលំនៅក្នុងភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៍។ ទី៣- ឈ្មោះ អយ ម៉ី ប្រុស អាយុ១៣ឆ្នាំ មានលំនៅក្នុងភូមិ០៦ ឃុំព្រែកខ្សាយ (ខ) ស្រុកពាមរក៍ និងទី៤- ឈ្មោះអយ ហេវ ភេទប្រុស អាយុ១១ឆ្នាំ មានលំនៅក្នុងភូមិ០៦ ឃុំព្រែកខ្សាយ (ខ) ស្រុកពាមរក៍។
ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចចាប់បានវត្ថុតាង រួមមាន ៖ នាឡិកាដៃ ចំនួន៥គ្រឿង ឧបករណ៍បំពងសំឡេង (ធុងបាស់) ចំនួន៤ កាបូបដៃដាក់លុយ ចំនួន២ (ជាសម្ភារដែលក្រុមជនសង្ស័យលួចបាន)។
តាមប្រភពពីសមត្ថកិច្ច ក្រុមជនសង្ស័យទាំង៤នាក់ ខាងលើ បានធ្វើសកម្មភាពលួចគាស់តូបលក់ដូររបស់អាជីវករក្នុងផ្សារអ្នកលឿង តាំងពីយប់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ មកម៉្លេះ នៅចំណុចផ្សារអ្នកលឿង ស្ថិតក្នុងភូមិ០៤ ឃុំព្រែកខ្សាយ (ខ) ស្រុកពាមរក៍។ ចំណែកជនរងគ្រោះជាម្ចាស់តូប មានឈ្មោះកែវ ស៊ីណាត ភេទស្រី អាយុ៤៨ឆ្នាំ មានលំនៅក្នុងភូមិ០៤ ឃុំព្រែកខ្សាយ (ខ) ស្រុកពាមរក៍។
សមត្ថកិច្ចបានឱ្យដឹងបន្តថា ករណីនេះឈ្មោះ អយ ម៉ី និងឈ្មោះ អយ ហេវ ដែលសុទ្ធសឹងតែជាអនីតិជន ក្រោយពីទទួលបានការអនុញ្ញាតពីលោកប៊ូ ប៊ុនហាង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង សមត្ថកិច្ចបានធ្វើការអប់រំ ហើយប្រគល់ជូនទៅឱ្យអាណាព្យាបាលរបស់ពួកគេវិញ មូលហេតុដោយយោងលើហេតុផលថា ពួកគេគឺជាអនីតិជន ដែលមានអាយុក្រោម១៤ឆ្នាំ។

រីឯជនសង្ស័យចំនួន ២នាក់ទៀត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួមជាមួយវត្ថុតាង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕