ខេត្តកំពង់ធំ ៖ បុរសវ័យចំណាស់ម្នាក់មានអាជីពជាអ្នកលេងឆៃយ៉ាំ កំពុងលេងភ្លេងឆៃយ៉ាំក្នុងពិធីបុណ្យកឋិនទាន ក្នុងវត្តមួយ ឃើញជាងថតរូបចំនួន២នាក់ កំពុងឈ្លោះប្រតាយប្រតប់គ្នា ក៏ចូលទៅជួយឃាត់ ស្រាប់តែត្រូវភាគីជម្លោះទាំងសងខាងវាយនឹងស៊ុមរូបថត បណ្តាលឱ្យរយះមុខគាត់ក្រោមភ្នែករងរបួសយ៉ាងដំណំំ ចំណែកជនបង្កហេតុទាំង២នាក់ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ។
ករណីអំពើហិង្សាដោយចេតនាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នៅចំណុចលើសាលាឆាន់វត្តស្រងែ ស្ថិតក្នុងឃុំត្បែង ស្រុកកំពង់ស្វាយ។

សមត្ថកិច្ចបានឱ្យដឹងថា ជនបង្កហេតុទាំង២នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ ទី១-ឈ្មោះញ៉ាត ភារម្យ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាងឆ្លាក់ព្រះ និងថតរូប មានលំនៅក្នុងភូមិសំណាក ឃុំកកោះ ស្រុកសន្ទុក និងទី២- ឈ្មោះជា ពីន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងថតរូប មានលំនៅក្នុងភូមិព្រៃប្រស់ ឃុំត្បែង ស្រុកកំពង់ស្វាយ។
ចំណែកជនរងគ្រោះ មានឈ្មោះស៊ុំ ផូ ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរកសិករ និងជាអ្នកលេងភ្លេងឆៃយ៉ាំ មានលំនៅក្នុងភូមិត្បែង (ខ) ឃុំត្បែង ស្រុកកំពង់ស្វាយ (របួសរយះមុខ ក្រោមរង្វង់ភ្នែកស្តាំ)។
តាមការបំភ្លឺពីជនរងគ្រោះឈ្មោះស៊ុំ ផូ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ គាត់ជាអ្នកលេងឆៃយ៉ាំបានឡើងលើសាលាឆាន់ បំណងលេងឆៃយ៉ាំថ្វាយត្រៃ លុះពេលឡើងទៅដល់លើសាលាឆាន់ ក៏ឃើញមនុស្ស ២នាក់ (ជនបង្កហេតុទាំង២នាក់ខាងលើ) កំពុងឈ្លោះប្រវាយប្រតប់គ្នា ទើបគាត់បានស្រែកពីចម្ងាយ កុំឱ្យឈ្លោះគ្នា លុះអ្នកទាំងពីរមិនស្តាប់ ទើបគាត់បានចូលទៅឃាត់ ស្រាប់តែមានស៊ុមរូបថតខ្ទាតត្រូវចំក្រោមភ្នែករបស់គាត់ រងរបួសបែបនេះតែម្តង។

យោងតាមចម្លើយជនបង្កហេតុ ឈ្មោះញ៉ាត ភារម្យ និងឈ្មោះជា ពីន បានឆ្លើយសារភាពថា មុនពេលកើតហេតុ ពួកខ្លួនទាំង២នាក់ ពិតជាបានឈ្លោះគ្នាប្រតាយប្រតប់គ្នាមែន មូលហេតុទំនាស់ពីរឿងដណ្តើមគ្នាថតរូប តែត្រង់ស៊ុមរូបថតទៅប៉ះត្រូវជនរងគ្រោះនោះ ពួកខ្លួនមិនទទួលស្គាល់ទេ។
ជនបង្កហេតុទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ដើម្បីចាត់ការទៅតាមនីតិវិធី៕