ពេជ្រ សោភា បានលក់រថយន្ដ Porsche ស៊េរីចាស់ ទិញ Porsche ស៊េរីថ្មី ដែលមានតម្លៃជាង២០ម៉ឺនដុល្លារ ហើយនាងបានជិះរថយន្ដថ្មីពណ៌សនោះ ទៅច្រៀងនៅឆាកតន្រ្ដី CTN កាលពីពេលថ្មីៗនេះទៀតផង។

ទោះជាយ៉ាងណា សោភា មិនបញ្ជាក់ពីតម្លៃរថយន្ដថ្មីនោះទេ ដោយនាងថា មិនចង់និយាយ បើទោះជាអ្នកលេងម៉ូដឡាននេះថា រថយន្ដដែលសោភា កំពុងតែជិះនេះ ថ្លៃជាង២សែនដុល្លារក្ដី។

ការទិញរថយន្ដ Porsche ស្មើផ្ទះវីឡាមួយខ្នងនេះ បានតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ពេជ្រ សោភា ក៏បានបញ្ជាទិញរថយន្ដ Mercedes ស៊េរីឆ្នាំ២០២០ ដែលមានតម្លៃជាង១០ម៉ឺនដុល្លារ មួយគ្រឿងទៀត បញ្ជាក់ថា ឆ្នាំ២០២០ ដែលគ្រប់គ្នាភ័យរឿងកូវីដ-១៩ ផង គ្រោះទឹកជំនន់ផងនោះ តែសោភា នាងមិនជួបវិបត្តិសេដ្ឋកិច្ចនោះទេ។

តារាចម្រៀងហង្សមាស រូបនេះ បានជិះរថយន្ដទំនើប៣គ្រឿងឆ្លាស់គ្នា គឺ Porsche, Range Rover និង Mercedes ដែលសរុបតម្លៃរថយន្ដទាំង៣គ្រឿងនេះ គឺមិនក្រោមកន្លះលានដុល្លារឡើយ។

នេះជាការប្ដូរចិត្តមួយរបស់សោភា ព្រោះកន្លងមក នាងធ្លាប់តាំងចិត្តថា មិនលេងម៉ូដឡានជាដាច់ខាត ពោលគឺអំឡុងនាងជិះរថយន្ដ Lexus RX300 នោះ នាងថា នឹងជិះឲ្យដាំខ្ទឹមតែម្ដង។ នាងថា ឡានមិនអាចដាំបាយនៅក្នុងនោះបានទេ ពោលគឺផ្ទះសំខាន់ជាង។ ប៉ុន្ដែពេលនេះក្រោយមានផ្ទះវីឡារស់នៅយ៉ាងស្កឹមស្កៃនោះ សោភា ចាប់ផ្ដើមងាកមកលេងម៉ូដឡានដូចតារាផ្សេងៗទៀតដែរហើយ។

ក្រៅពីពេជ្រ សោភា តារាដែលកំពុងជិះរថយន្ដ Porsche មានដូចជា អ្នកនាងពេជ្រ សូលីកា , គង់ វង្សយ៉ាទី និងពេជ្រ សូលីកា ។ ចំពោះសោភា វិញ ទោះជានាងកំពុងតែរស់នៅយ៉ាងហ៊ឺហាមិនចាញ់តារាបរទេសមែន ប៉ុន្តែពេលនេះរឿងស្នេហារបស់នាងជាមួយប្រុសក្មេង ឆឹម សក្កដា ហាក់គ្មានស្រមោលចូលរោងការឡើយ ខណៈដែលអ្នកខ្លះសង្ស័យថា នាងសាងស្នេហ៍ ”ក្លែងក្លាយ” ដើម្បីបិទបាំងស្នេហ៍ពិតដែលមិនបើកចំហ៕


