ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់បានយកម៉ូតូហុងដាឌ្រីម ១គ្រឿង មកលក់ឱ្យបុរសម្នាក់ ក្នុងតម្លៃតែ១០០ដុល្លារប៉ុណ្ណោះ លុះបានលុយដល់ដៃ អ្នកទិញសួររកកាតគ្រី ស្រាប់តែអ្នកលក់ រត់គេចខ្លួនបាត់ ជាហេតុធ្វើឱ្យអ្នកទិញភ័យខ្លួនសង្ស័យជាម៉ូតូចោរលួច ឬប្លន់មកពីណាមិនដឹង ក៏ប្រញាប់ជិះម៉ូតូយកទៅប្រគល់ឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ភ្លាមៗ ចៀសវាងជាប់ពាក់ព័ន្ធវែងឆ្ងាយ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិអូរតាមែង ឃុំអន្លង់វែង ស្រុកអន្លង់វែង។
តាមសម្តីបុរសឈ្មោះពូល យ៉ិន អាយុ៥២ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិអូរតាមែង ឃុំស្រុកអន្លង់វែង បានបញ្ជាក់ប្រាប់ថា គាត់ពិតជាបានប្រគល់ម៉ូតូ១គ្រឿង ម៉ាកហុងដា ឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខសៀមរាប 1Z-1513 លេខតួ និងលេខម៉ាស៊ីន ND125ME988550 ទៅឱ្យកម្លាំងអាវុធហត្ថស្រុកអន្លង់វែង ប្រាកដមែន។

បុរសខាងលើ បានរៀបរាប់ថា មុនពេលកើតហេតុ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ មានបុរសម្នាក់មិនស្គាល់អត្តសញ្ញាណម្នាក់បានជិះម៉ូតូហុងដាឌ្រីម ខាងលើ មកលក់ឱ្យគាត់ (ពូល យ៉ិន) ក្នុងតម្លៃ១០០ដុល្លារប៉ុណ្ណោះ។ លុះពេលសួរនាំ គេប្រាប់ថា មានកាតគ្រីត្រឹមត្រូវ ទើបគាត់យល់ព្រមប្រគល់លុយឱ្យគ្រប់ចំនួន ស្រាប់តែពេលសួររកកាតគ្រី បុរសខាងលើ បានរត់គេចខ្លួនបាត់ ទើបធ្វើឱ្យគាត់ភ័យខ្លួននិងសង្ស័យថា ម៉ូតូនេះជាម៉ូតូក្នុងអំពើល្មើសអាចត្រូវជនសង្ស័យ លួចឬប្លន់ពីណាមិនដឹង ទើបប្រញាប់ទូរសព្ទ័រាយការណ៍លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុកអន្លង់វែង តែម្តង។

ករណីនេះ សមត្ថកិច្ចបានជូនដំណឹងថា ប្រសិនបើមានបងប្អូនប្រជាពលរដ្ឋណាបានបាត់ម៉ូតូ ដែលមានភិនភាគដូចខាងលើ សូមអញ្ជើញមកទំនាក់ទំនងនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែង ជាបន្ទាន់ផង៕