តារាចម្រៀងប៉ុន សុណារិន ហៅខេម នៅតែបន្ដភាពល្បីល្បាញឈ្មោះនៅផលិតកម្ម Galaxy បន្ទាប់ពីបានដើរចេញពីថោន ទាំងចម្រូងចម្រាសនោះ។ ខេម ត្រូវបានទ្រនំថ្មី រុញឲ្យធ្វើជាដៃគូជាមួយស្រីស្រស់តន់ ច័ន្ទសីម៉ា ទាំងបទឆ្លងឆ្លើយ និង Cover ពីគ្នាទៅវិញទៅមក។

ទោះជាយ៉ាងណា ខេម អាចធ្វើត្រឹមតែជាតួរងរបស់ Galaxy ប៉ុណ្ណោះ ខណៈដែលតារាចម្រៀងស្នូល និងសំខាន់របស់ផលិតកម្មថ្មី តែមានលុយច្រើននេះ គឺកំពូលតារាចម្រៀងព្រាប សុវត្ថិ ។

អ្នកជំនាញសិល្បៈបានលើកឡើងថា ខេម នឹងទទួលបានបទពិសោធន៍ល្អៗពីព្រាប សុវត្ថិ បន្ថែមទៀតជាមិនខាន ដើម្បីអភិវឌ្ឍន៍ខ្លួនក្លាយទៅជាតារាចម្រៀងល្បីល្បាញជាងនេះទៀត អំឡុងពេលដែលរូបគេមានឱកាសជ្រកនៅផលិតកម្មជាមួយលោកព្រាប សុវត្ថិ។ ចំពោះមូលហេតុដែលពេលនេះ Galaxy ប្រឹងលើកព្រាប សុវត្ថិ ជាងគេនោះ គឺដោយសារតែលោកមានអាយុ៤៦ឆ្នាំទៅហើយ ចំណែកខេម វិញ នៅមានពេលវេលាច្រើនទៀតក្នុងការសាងកេរ្ដិ៍ឈ្មោះឲ្យកាន់តែសាយភាយ។

ខេម ធ្លាប់ជាតារាចម្រៀងសំខាន់របស់ផលិតកម្មថោន ហើយបានជ្រើសផ្លូវគេចចេញពីហង្សមាស ទៅផ្ញើខ្លួនជាមួយ Galaxy ដោយខេម ធ្លាប់អះអាងថា ទំនាក់ទំនងរវាងលោក និងថៅកែផលិតកម្មរាប់អានគ្នាដូចជាបងប្អូនបង្កើតអីចឹង។

ការឈរជើងនៅផលិតកម្មថ្មីនេះ ខេម មិនធ្លាក់កូដឡើយ ព្រោះត្រូវអ្នកគ្រប់គ្រងទម្លាក់បទចម្រៀងថ្មីៗឲ្យច្រៀងជាបន្ដបន្ទាប់។ ខេម ក៏បានចាប់ដៃជាមួយតារារួមអាជីពជិតស្និទ្ធ២រូប បើកភោជនីយដ្ឋានផងដែរ ដែលត្រៀមសម្ពោធនៅដើមខែធ្នូ ឆ្នាំ២០២០។

ដោយឡែក រឿងស្នេហាវិញ ខេម ក្រោយពីចែកផ្លូវគ្នាជាមួយស្រីស្អាតសាច់សខ្ចី ដែលជាតារាសម្ដែងម្នាក់មកខេត្តកំពត នោះ ពេលនេះអតីតតារាថោន រូបនេះ បានភ្ជាប់ស្នេហ៍ជាមួយនារីម្នាក់ជាអាណិកជនខ្មែរ មកពីបារាំងឈ្មោះ ”ស្រីកា”ផងដែរ។ ប៉ុន្ដែខេម មិនដែលហ៊ានបណ្ដើរសង្សារថ្មីជាចំហនោះឡើយ ដោយគ្រាន់តែអះអាងថា យ៉ាងយូត្រូវការពី២ទៅ៣ឆ្នាំទៀត ទើបរៀបការ៕

