ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋសង្ស័យប្រើប្រាស់ថ្នាំញៀនហួសកម្រិត (បែកថ្នាំ) បានចូលមកជួលបន្ទប់ផ្ទះសំណាក់១កន្លែង តែចូលទៅដល់ក្នុងបន្ទប់ មិនព្រមដេក បែរជាធ្វើសកម្មភាពអុកឡុកវាយបំផ្លាញរបស់របរក្នុងផ្ទះសំណាក់ គ្មានសល់ លុះម្ចាស់ផ្ទះសំណាក់ប្តឹងសមត្ថកិច្ចចុះមកជួយអន្តរាគមន៍ បែរជាបុរសរូបនោះតាំងខ្លួនជាម្ចាស់ផ្ទះ ដេញទាំងសមត្ថកិច្ចចេញទៅវិញទៀត ទើបសមត្ថកិច្ចសម្រេចប្រើធម៌ក្តៅចាប់ឃាត់ខ្លួនទាំងបង្ខំ នាំយកទៅចាត់ការតាមច្បាប់។
ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ នៅចំណុច ផ្ទះសំណាក់ “រាសី ស្រីរ័ត្ន” មានទីតាំងស្ថិតនៅភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

បុរសដែលបង្កការអុកឡុកវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះសំណាក់ខាងលើ មានឈ្មោះធី ឆែន អាយុ៣៨ឆ្នាំ ទើបប្រឡងជាប់សន្តិសុខ ស្នាក់នៅសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពពីជនរងគ្រោះជាម្ចាស់ផ្ទះសំណាក់ខាងលើ បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ គាត់ឃើញបុរសខាងលើចូលមកដេកផ្ទះសំណាក់ មានគ្នា២នាក់ ជិះម៉ូតូ២គ្រឿង ដោយបុរសម្នាក់នេះជិះម៉ូតូម៉ាកអាយខន ពណ៌ផ្កាឈូក ពាក់ស្លាកលេខកោះកុង 1A-9860 ចំណែកមិត្តភក្តិម្នាក់ទៀតដែលមកជាមួយ ជិះម៉ូតូធូដេ ពណ៌ក្រហម។

ប្រភពដដែល បន្តថា ខណៈពេលចូលដេកផ្ទះសំណាក់របស់គាត់បានមួយសន្ទុះធំ បុរសខាងលើក៏អុកឡុកក្នុងផ្ទះសំណាក់ ដោយបោករបស់របរក្នុងផ្ទះសំណាក់ រួចដេញឱ្យបុរសដែលមកជាមួយគ្នានោះចេញ ហើយវាយទាំងអ្នកមកជាមួយទៀត ទើបគាត់ឃើញសភាពមិនស្រួល ក៏ទាក់ទងទៅសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ភ្លាមៗផងដែរ។
បន្ទាប់ពីសមត្ថកិច្ចបានមកដល់ ស្រាប់តែបុរសខាងលើ បានឌឺដងដាក់សមត្ថកិច្ច ហើយដេញសមត្ថកិច្ចចេញពីផ្ទះសំណាក់ ដោយនិយាយថា នេះជាផ្ទះរបស់គេ រួចបានស្ទុះទៅវាយផ្ទះប្រជាពលរដ្ឋ ជាច្រើនផ្ទះ បណ្តាលឱ្យផ្អើលប្រជាពលរដ្ឋ ភ័យញ័រពេញខ្លួនទាំងយប់។

ភ្លាមៗនោះ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ បានសហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានចាត់វិធានការក្តៅ ចាប់ឃាត់ខ្លួនជនបង្កហេតុខាងលើ បានភ្លាមៗតែម្តង។
ក្រោយពេលកើតហេតុ ជនសង្ស័យខាងលើ ត្រូវសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលសង្កាត់កាកាបទី១ ដើម្បីចាត់ការតាមនីតិវិធី៕