ខេត្តស្ទឹងត្រែង ៖ ករណីមន្ត្រីយោធាចំនួន៤នាក់ ចេញល្បាតប្រទះឃើញគ្រឿងញៀនចំនួន ២ការុង ស្មើនឹង៤២កញ្ចប់ រួចហើយបានប្រគល់ឱ្យទៅកងរាជអាវុធហត្ថខេត្ត កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ នោះ ពេលនេះសមត្ថកិច្ចជំនាញប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគបាលខេត្ត ធ្វើការស្រាវជ្រាវ រហូតឈានដល់ការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យបានម្នាក់ ជាអតីតមេបញ្ជាការរងស្រុកបុរីអូរស្វាយសែនជ័យ និងជាសមាជិកម្នាក់ ក្នុងចំណោមក្រុមល្បាតទាំង៤នាក់ ដែលបានប្រទះឃើញថ្នាំញៀន ខាងលើ ប៉ុន្តែពេលយកទៅប្រគល់ឱ្យកម្លាំងអាវុធហត្ថ បែរជាប្រគល់មិនអស់ លួចលាក់រក្សាទុកចំនួន២កញ្ចប់ធំ។

ប្រតិបត្តិការនេះ ធ្វើឡើងនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ នៅចំណុចអាហារដ្ឋានម្លប់ត្នោត ស្ថិតក្នុងភូមិស្ពានថ្ម សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។
លោកចែម ផានិត នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនមេខ្លោងជួញដូរថ្នាំញៀនម្នាក់ ឈ្មោះអ៊ុក ដំកើង ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរជាអតីតមេបញ្ជាការរងស្រុកបុរីអូរស្វាយសែនជ័យ រួមជាមួយនិងថ្នាំញៀន ចំនួន ២កញ្ចប់ធំ ប្រភេទមេតំហ្វេតាមីន (មានទម្ងន់សរុប ២០០២,១ក្រាម) នៅចំណុចភូមិសាស្ត្រខាងលើ។

ក្រោយការបង្ក្រាប កម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បាននាំជនសង្ស័យ យកមកធ្វើការសាកសួរ និងធ្វើកំណត់ហេតុ ដើម្បីបញ្ជូនទៅតុលាការ ចាត់ការបន្តតាមនីតិវិធី ក្រោមការសម្របសម្រួលពីលោកគឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្ទឹងត្រែង។

គួររំលឹកថា ថ្នាំញៀនចំនួន២កញ្ចប់ខាងលើ ដែលសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនបង្ក្រាបបាននោះ គឺជាថ្នាំញៀន២ការុង ដែលកម្លាំងយោធាល្បាតរើសបាន ស្មើនឹង ៤២កញ្ចប់ធំ ហើយបានប្រគល់ទៅឱ្យកម្លាំងកងរាជអាវុធហត្ថខេត្ត ចាត់ការតាមនីតិវិធីរួចហើយ កាលពីប៉ុន្មានថ្ងៃកន្លងមក។

ប៉ុន្តែត្រូវបានជនខិលខូចជាមេខ្លោងជួញដូរថ្នាំញៀន ដែលជាអតីតមេបញ្ជាការរងស្រុកបុរីអូរស្វាយសែនជ័យ បែរជាលួចលាក់ទុកចំនួន២កញ្ចប់ធំ មិនប្រគល់ឱ្យសមត្ថកិច្ច ព្រោះតែប្រយោជន៍ផ្ទាល់ខ្លួន ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ថាប័នរដ្ឋនៃកងយោធពលខេមរភូមិន្ទ ៕