Wednesday, August 20, 2025
Homeព័ត៌មានជាតិរឿងនេះមានអាថ៌កំបាំងច្រើន សង្ស័យល្បិចបោកប្រាស់

រឿងនេះមានអាថ៌កំបាំងច្រើន សង្ស័យល្បិចបោកប្រាស់

ខេត្តសៀមរាប ៖ បុរសម្នាក់នៅសុខៗបានបាត់ខ្លួនចេញពីផ្ទះអស់រយៈពេល៣ថ្ងៃ ដោយមិនដឹងថាទៅណា លុះក្រោយមកក៏ទូរស័ព្ទមកប្រាប់ក្រុមគ្រួសារថា ត្រូវសមត្ថកិច្ចចាប់ និងទារលុយចំនួន៣លានរៀល លុះក្រុមគ្រួសារប្រាប់ថា គ្មានលទ្ធភាព ក៏ត្រូវគេប្រាប់ថា ចាំមកដោះស្រាយយកមនុស្សនិងម៉ូតូនៅអគ្គស្នងការដ្ឋាន ស្រាប់តែពេលសាច់ញាតិក្រុមគ្រួសារឡើងទៅដោះស្រាយ បែរជាមិនមានករណីមួយនេះសោះ ចំណែកប្អូនប្រុសក៏នៅតែគ្មានដំណឹង ទើបបងស្រីមានការព្រួយបារម្ភខ្លាចជាល្បិចឆបោក។

បុរសដែលបាត់ខ្លួនខាងលើ មានឈ្មោះលាប សំណាងដេវិត ហៅរ៉ាឌី អាយុ៣០ឆ្នាំ មានលំនៅក្នុងភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប។ បុរសរូបនេះ បានបាត់ខ្លួនតាំងពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ មកម៉្លេះ។

យោងតាមបងស្រីបង្កើតរបស់បុរសដែលបាត់ខ្លួនខាងលើ បានសរសេរក្នុងគណនីបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ថា “នាងខ្ញុំសុំពឹងបងប្អូន ពូមីង អ៊ំប្រុស អ៊ំស្រី ជនរួមជាតិខ្មែរ ទូទាំងប្រទេស សូមជួយស៊ែរខ្ញុំផង ខ្ញុំបានបាត់សមាជិកម្នាក់ត្រូវជាប្អូនប្រុស មានឈ្មោះ (លាបសំណាង ដេវិដ) ហៅក្រៅ (រ៉ាឌី) គាត់បានបាត់ខ្លួននៅល្ងាចថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០ ម៉ោង ៨និង៤០នាទី

គាត់ខលមកបងស្រីថា គាត់ត្រូវបានគេចាប់ខ្លួន គាត់ខលមកបងប្អូនជួយដោះស្រាយ គាត់ថាគេទារលុយ៣លានរៀល តម្រូវឱ្យយើងវេរលុយតាមវីង ទៅលេខរបស់ប្អូនប្រុសខ្ញុំហ្នឹង ដោយមិនបាច់ឱ្យបងប្អូនឡើងទៅជួបទេ។ តែដោយសារបងប្អូនគ្មានលទ្ធភាពជួយ ក៏បានបដិសេធជួយ។

បន្ទាប់មក គាត់ខលមកម្តងទៀតថា គេទារ៤០០ដុល្លារ ពួកខ្ញុំនៅតែគ្មានលទ្ធភាពជួយដដែល ទើបគាត់ខលមកថា អ៊ីចឹងចាំមកដោះស្រាយម៉ូតូនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ស្ពានអាកាសក្បាលថ្នល់ រាជធានីភ្នំពេញ ប៉ុន្តែខាងខ្ញុំបានទៅរកគាត់នៅអគ្គស្នងការដ្ឋានគរបាលជាតិ ស្ពានអាកាសក្បាលថ្នល់ ហ្នឹងហើយ តែមិនបានជួបទេ មិនមានឈ្មោះគាត់ មិនបានជួបមនុស្ស មិនឃើញទាំងម៉ូតូ រហូតដល់ឥឡូវ ខលក៏អត់ចូលដែរ ។

អ៊ីចឹងហើយ សុំពឹងបងប្អូនជនរួមជាតិខ្មែរ ទូទាំងប្រទេស ជួយស៊ែរបន្តផង ក្រែងបានឃើញ ឬជួបមនុស្សដូចខាងលើនេះ ថាគាត់បានជាប់នៅទីណាឱ្យប្រាកដ ឱ្យបានដឹងដំណឹងថាយ៉ាងម៉េចៗ សូមជួយទាក់ទងមកនាងខ្ញុំ តាមលេខទូរស័ព្ទខ្ញុំ ០១០ ២៨៨ ៦៨០ , ០៩០ ៩០២ ៦៦៣ និង ០៨៨ ៩៥៨ ៩៥ ៥៨ សូមអរគុណទុកជាមុន…”៕

RELATED ARTICLES