ខេត្តបាត់ដំបង ៖ ស្ត្រីជាម្តាយម្នាក់ទើបនឹងនាំកូនប្រុសតូចមកពីងូតទឹកប្រឡាយ ក្បែរផ្ទះ រួចក៏ទុកកូនប្រុសឱ្យដើរលេងក្រោមផ្ទះ ចំណែកម្តាយឡើងផ្ទះផ្លាស់ខោអាវមួយភ្លែត ចុះមកវិញបាត់កូន លុះដើរតាមរកប្រទះឃើញកូនប្រុសលង់ទឹកប្រឡាយស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ នៅចំណុចប្រឡាយបឹងខ្ចៅ ស្ថិតក្នុងភូមិបាសាក់ ឃុំបាសាក់ ស្រុករុក្ខគិរី។

ក្មេងប្រុសរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះឌី ឌីន អាយុ១ខួប៤ខែ រស់នៅក្នុងបន្ទុកឪពុកម្តាយ និងមានលំនៅក្នុងភូមិកើតហេតុខាងលើ។
តាមការបំភ្លីពីស្ត្រីឈ្មោះបូរ ណាត អាយុ៣៥ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់ក្មេងប្រុសរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ កាលពីវេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ គាត់បានពកូនប្រុស ឈ្មោះឌី ឌីន ទៅងូតទឹកប្រឡាយក្បែរផ្ទះ រួចក៏យកកូនមកផ្ទះ ដោយទុកកូនឱ្យដើរលេងក្រោមផ្ទះ តែម្នាក់ឯង។
ចំណែកគាត់បានឡើងលើផ្ទះផ្លាស់សម្លៀកបំពាក់ ហើយអំឡុងកំពុងផ្លាស់សម្លៀកបំពាក់នោះ គាត់បានហៅកូនម្តងដែរ និងឮមាត់កូនឆ្លើយ តែពេលស្លៀកពាក់រួច ហៅកូនម្តងទៀត ពុំឮមាត់ឆ្លើយ ខ្លួនក៏ចុះមករកមើលកូន មិនឃើញស្មានថាទៅលេងផ្ទះអ្នកជិតខាង ក៏ដើរទៅរក នៅតែមិនឃើញ។

ដោយសង្ស័យ ក៏ដើររកតាមប្រឡាយ ក៏បានឃើញកូនរបស់ខ្លួនអណ្តែតទឹកក្នុងប្រឡាយក្បែរផ្ទះ ដោយទើរលើដើមត្រកួន ទើបគាត់បានចុះស្រង់យកកូនពីក្នុងទឹក តែអកុសល ពេលនោះកូនប្រុសបានស្លាប់បាត់ទៅហើយ ទើបស្រែកឆោឡោផ្អើលដល់អ្នកភូមិ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ក្មេងប្រុសរងគ្រោះ ពិតជាស្លាប់ដោយសារលង់ទឹក ប្រាកដមែន។
សពក្មេងប្រុសរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕