ខេត្តកំពង់ធំ ៖ បុរសវ័យចំណាស់ម្នាក់បានស្កាត់ទៅទារលុយពីកូនប្រពន្ធដើមរបស់ខ្លួន ដែលបានជំពាក់ជាយូរមកហើយ លុះទៅដល់ មិនត្រឹមតែទារលុយមិនបានប៉ុណ្ណោះទេ ថែមទាំងត្រូវកូនជេរប្រមាថ បណ្តេញចេញពីផ្ទះទៀតផង ទើបធ្វើឱ្យបុរសជាឪពុកតូចចិត្តត្រឡប់មកវិញចងកសម្លាប់ខ្លួន បណ្តាលឱ្យស្លាប់ចោលប្រពន្ធប្រពន្ធចុង និងកូនភ្លោះ ២នាក់។
ករណីចងកធ្វើអត្តឃាតខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៥ទៀបភ្លឺ ឈានចូលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិអូរគន្ធរត្បូង សង្កាត់អូរគន្ធរ ក្រុងស្ទឹងសែន។

បុរសគិតខ្លីចងកសម្លាប់ខ្លួន មានឈ្មោះលី ប៊ុនថន ភេទប្រុស អាយុ៥២ឆ្នាំ មានប្រពន្ធឈ្មោះផុន សុផាត អាយុ៣៣ឆ្នាំ និងមានកូនភ្លោះ២នាក់ អាយុទើបនឹងជាង១ខួបប៉ុណ្ណោះ។ ក្រុមគ្រួសារជនរងគ្រោះមានលំនៅក្នុងភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង តែបច្ចុប្បន្នបានមកស្នាក់នៅបណ្តោះអាសន្ន នៅផ្ទះជាមួយប្អូនថ្លៃ ស្ថិតក្នុងភូមិកើតហេតុខាងលើ។
តាមការបំភ្លឺពីស្ត្រីឈ្មោះផុន សុផាត ត្រូវជាប្រពន្ធចុងរបស់ជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ ប្តីរបស់នាង (ជនរងគ្រោះ) បានទៅទារលុយពីកូនរបស់ប្រពន្ធដើម ដែលជំពាក់គាត់នៅឯខេត្តឧត្តរមានជ័យ លុះពេលត្រឡប់មកវិញ នាងបានសួរនាំ ហើយប្តីបានប្រាប់ថា ទារលុយពីកូនមិនបានទេ វាមិនព្រមសង ហើយថែមទាំងជេរប្រមាថ ដេញគាត់ចេញពីផ្ទះរបស់វាទៀត។

ប្រភពដដែល បន្តថា ប្តីរបស់គាត់បានត្រឡប់រកនាងជាប្រពន្ធចុងវិញ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ហើយពួកនាងទាំង២នាក់ប្តីប្រពន្ធក៏មិនមានជម្លោះអ្វីជាមួយនឹងគ្នាដែរ។ លុះមកដល់យប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ប្តីបានដេកជាមួយនាងធម្មតា លុះពេលនាងភ្ញាក់ឡើងដឹងខ្លួនពេលទៀបភ្លឺ ឈានចូលថ្ងៃ០១ ខែវិច្ឆិកា ឆ្នាំ២០២០ ស្រាប់តែប្រទះឃើញប្តីចងកលើផ្ទះស្លាប់បាត់ទៅហើយ ទើបកើតមានការផ្អើលឆោឡោ និងរាយការណ៍ជូនសមត្ថកិច្ចឱ្យចុះមកពិនិត្យតែម្តង។
បន្ទាប់ពីបានទទួលព័ត៌មានខាងលើ សមត្ថកិច្ចបានសហការជាមួយគ្រូពេទ្យ ចុះធ្វើការពិនិត្យកន្លែងកើតហេតុ និងសពជនរងគ្រោះ រកឃើញថា មានស្នាមរលាកស្បែកពណ៌ខ្មៅ ទ្រុឌទំហំប្រវែង ២សង់ទីម៉ែត្រ គុណនឹង ២៦សង់ទីម៉ែត្រ ពីកខាងមុខ បញ្ឆិតទៅលើ ដល់ត្រច្រៀកទាំងសងខាង។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ច និងគ្រូពេទ្យ ជនរងគ្រោះបាត់បង់ជីវិតដោយសារចងកសម្លាប់ខ្លួនប្រាកដមែន ពោលគឺមិនជាប់ពាក់ព័ន្ធទៅនឹងករណីបទល្មើសព្រហ្មទណ្ឌអ្វីឡើយ។
សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យស្ត្រីជាប្រពន្ធ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕