ភ្នំពេញ ៖ ទារិកាម្នាក់មានអាយុប្រមាណ៥ថ្ងៃប៉ុណ្ណោះ ត្រូវប្រជាពលរដ្ឋប្រះឃើញលើគំនរសម្រាម ទាំងនៅមានជីវិត បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិចម្ការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

ទារិកាខាងលើ មានអាយុប្រហែល៥ថ្ងៃ និងត្រូវបានម្តាយយកមកបោះចោលក្នុងគំនរសំរាម ទាំងព្រឹកព្រលឹម។ ចំណែកអ្នកដែលរើសបានទារិកាខាងលើ មានឈ្មោះស្រី ម៉ាច អាយុ២៣ឆ្នាំ ស្នាក់នៅភូមិចម្ការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិអូរសាលា ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ដោយមានការអាណិតអាសូរពីសំណាក់អាជ្ញាធរ និងប្រជាពលរដ្ឋ បានជួយឧបត្ថម្ភដូចជាថវិកា និងសម្ភារ:មួយចំនួន ដើម្បីជួយសម្រួលដល់អ្នកដែលរើសបានទារិកាខាងលើ យកទៅចិញ្ចឹមបន្ត។ ដោយមានការអាណិតអាសូរពីសំណាក់អាជ្ញាធរ និងប្រជាពលរដ្ឋ បានជួយឧបត្ថម្ភដូចជាថវិកា និងសម្ភារ:មួយចំនួន ដើម្បីជួយសម្រួលដល់អ្នកដែលរើសបានទារិកាខាងលើ យកទៅចិញ្ចឹមបន្ត។

យ៉ាងណា ស្ត្រីខាងលើ ក្រោយពេលរើសបានទារិកាភ្លាម ក៏បានរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ច និងយកទារិកាខាងលើ ទៅសាលាសង្កាត់កាកាបទី២ ដើម្បីធ្វើក្រដាសស្នាមថា ពិតជារើសបានប្រាកដមែន មិនបានលួចយកមកពីណាឡើយ បន្ទាប់ពីមានការដឹងឮពីអាជ្ញាធររួច ទារិកាខាងលើ ត្រូវបានស្ត្រីចិត្តធម៌ខាងលើ យកទៅចិញ្ចឹមនៅខេត្តកំពង់ធំ ៕
