កន្លងមកគេធ្លាប់តែឃើញលោកអាចារ្យធំ , ខ្មែរមួយជីវិត និងជី ដេវីត ជាដើម បានច្រៀងផ្លែផ្កាដៀមដាមដាក់គ្នាបែកផ្សេង រហូតធ្វើឲ្យក្រសួងពាក់ព័ន្ធឈឺក្បាលយ៉ាងខ្លាំងទៀតផង។ ប៉ុន្ដែពេលនេះ តារាចម្រៀងជូរមុខគេនៅហង្សមាស លោកខេមរៈ សិរីមន្ដ បានចេញច្រៀងរ៉េបបែបឌីជេដែរ តាមរយៈបទ ”I’m Not The Gang“ ដែលនិពន្ធដោយលោកខេមរៈ ភារុណ ជាបងប្រុសរបស់លោកផ្ទាល់តែម្ដង។

បទមួយនេះត្រូវបានគេនិយមចាក់តាមហាង និងបៀរហ្គាឌិន មួយចំនួន ហើយអត្ថន័យមួយផ្នែកល្អ គឺអប់រំឲ្យមនុស្សទាំងឡាយធ្វើអំពើល្អក្នុងសង្គម។ ប៉ុន្ដែបែរជាមានអ្នកខ្លះយល់ថា បទនោះលោកខេម ប៊ុនថៃ ហៅសិរីមន្ដ ច្រៀងហាក់ចង់ថាឲ្យពីណាម្នាក់ទៅវិញ។

អ្នកជំនាញសិល្បៈក៏បានលើកឡើងដែរថា នេះជាលើកទី១ហើយ ដែលគេឃើញហង្សមាស ផលិតបទចម្រៀងបែបនេះឡើង ហើយមិនត្រឹមតែប្លែកទេ ប៉ុន្ដែវាក៏បានផ្ដល់ការសង្ស័យដល់មនុស្សខ្លះថា នៅហង្សមាស មានការកាច់កុងគ្នាដែរ។

សូមបញ្ជាក់ថា ក្រោយតារាជើងចាស់ផលិតកម្មរស្មីហង្សមាស លោកព្រាប សុវត្ថិ បានដើរចេញពីហង្សមាស ចូលទៅ Galaxy ជាផ្លូវការ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នោះ ខេមរៈ សិរីមន្ដ ដែលធ្លាប់តែលេចឮថា មានការប្រកួតប្រជែងគ្នាជាមួយព្រាប សុវត្ថិ យ៉ាងស្វិតស្វាញ រយៈពេល៥ឆ្នាំចុងក្រោយនេះ ដោយថែមទាំងលេចឮថា តារាទាំង២ មិនសូវត្រូវគ្នានោះ ត្រូវបានគេព្យាករណ៍ថា មានភាគរយខ្ពស់ណាស់ក្នុងការឡើងទៅកាន់កាប់កៅអីព្រាប សុវត្ថិ ដែលនៅទំនេរ។

ដោយសារតែគ្រប់គ្នាគិតថា លោកប៊ុនថៃ កំពុងត្រូវបានថៅកែហង្សមាស លើកឲ្យធ្វើជាតួឯកនោះ ទើបធ្វើឲ្យតារាមួយចំនួន នៅហង្សមាស មានភាពជ្រួលច្របល់ ហើយស្រាប់តែពេលនេះ សិរីមន្ដ បានចេញបទ ”I’m Not The Gang” តែម្ដង។

ទោះជាយ៉ាងណា អ្នកជំនាញសិល្បៈបានព្រមានទុកថា តារាកូន៣ ខេមរៈ សិរីមន្ដ អាចយកតំណែងព្រាប សុវត្ថិ នៅហង្សមាស បានឬអត់នោះ គឺត្រូវការពេលវេលាមើលសភាពជាក់ស្ដែង ចាប់ពី៦ខែទៅ១ឆ្នាំនោះ អ្វីៗនឹងបានដឹងគ្នាច្បាស់៕