Friday, September 19, 2025
Homeព័ត៌មានជាតិពេលសមត្ថកិច្ចសួរនាំហើយ... សូម្បីតែទីជម្រកក៏គ្មានផង ទើបធ្វើបែបនេះ

ពេលសមត្ថកិច្ចសួរនាំហើយ… សូម្បីតែទីជម្រកក៏គ្មានផង ទើបធ្វើបែបនេះ

ភ្នំពេញ ៖ បុរសម្នាក់បានក្លែងជាព្រះសង្ឃដើរបិណ្ឌបាតខុសម៉ោងខុសពេល ត្រូវប្រជាពលរដ្ឋងឿងឆ្ងល់ រាយការណ៍ប្រាប់សមត្ថកិច្ចចុះសាកសួរ ទើបដឹងថា តាមពិតជាសង្ឃក្លែងក្លាយ អត់លុយចាយបន្លំស្លៀកស្បង់ ដើរបិណ្ឌបាត ។

ករណីឃាត់ខ្លួនសង្ឃក្លែងក្លាយខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះលេខ៦០ តាមបណ្តោយផ្លូវម៉ៅសេទុង ស្ថិតក្នុងភូមិ១ សង្កាត់បឹងត្របែក ខណ្ឌចំការមន។

ជនសង្ស័យដែលបន្លំខ្លួនជាព្រះសង្ឃ និងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនខាងលើនេះ មានឈ្មោះអ៊ិន ទេព ហៅសាយ អាយុ៣០ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតនៅសង្កាត់ដើមគ ខណ្ឌទួលគោក។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ មានប្រជាពលរដ្ឋបានរាយការណ៍មកថា ប្រទះឃើញព្រះសង្ឃមួយអង្គ ដើរបិណ្ឌបាតតាមផ្ទះប្រជាពលរដ្ឋ ដោយប្រាប់ថា មានបុណ្យផ្កា នៅវត្តឆ្ងាយ ខ្វះខាតលុយកាក់សាងសង់ ដែលមើលទៅសភាពដូចជាមិនសមជាព្រះសង្ឃសោះ។ បន្ទាប់ពីទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចក៏បានចុះដល់ទីតាំងកើតហេតុភ្លាមៗ និងបានធ្វើការសាកសួរ ទើបដឹងថា ជននេះមិនមែនជាព្រះសង្ឃពិតប្រាកដឡើយ រួចក៏នាំខ្លួនមកធ្វើការសាកសួរតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនឆបោកខាងលើ បានឆ្លើយសារភាពថា តាមពិត រូបគេមិនមែនជាព្រះសង្ឃពិតប្រាកដទេ តែដោយសារអត់លុយចាយ គ្មានកន្លែងស្នាក់នៅ ក៏បន្លំទៅទិញស្បង់លោកនៅផ្សារស្ទឹងមានជ័យ ១ឈុត តម្លៃ៩ម៉ឺនរៀល ហើយដើរបិណ្ឌបាត បាន៣ដងមកហើយ ដោយក្នុង១ថ្ងៃ ដើរបិណ្ឌបាតបានប្រាក់ពី៥ទៅ៧ម៉ឺនរៀល តែដើរបិណ្ឌបាតលើទី៣នេះ ទើបនឹងបានលុយតែ៩ពាន់រៀល ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនតែម្តង។

តាមប្រភពពីមន្ត្រីធម្មការនិងសាសនា ខណ្ឌចំការមន បានបញ្ជាក់ថា ក្រោយការសាកសួរច ទើបដឹងថា បុរសខាងលើនេះជាព្រះសង្ឃក្លែង សូម្បីតែកន្លែងស្នាក់នៅផ្ទាល់ខ្លួនគ្មានផង ក៏ឃាត់ខ្លួនធ្វើការអប់រំ និងដោះស្បង់ចេញ ឱ្យស្លៀកពាក់ខោអាវធម្មតាវិញ និងណែនាំបញ្ឈប់ការប្រព្រឹត្តអំពើបំផ្លាញសាសនាព្រះពុទ្ធ និងឱ្យកែប្រែខ្លួនធ្វើជាមនុស្សល្អឡើងវិញផងដែរ។

លោកហុង ចាន់ថេង នាយប៉ុស្តិ៍រដ្ឋបាលបឹងត្របែក បានឱ្យដឹងថា ក្រោយពីមន្ត្រីបានធ្វើការអប់រំរួច ក៏បញ្ជូនបន្តទៅកាន់អធិការដ្ឋានខណ្ឌចំការមន ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES