Friday, September 19, 2025
Homeព័ត៌មានជាតិសមត្ថកិច្ចហាមមិនឲ្យធ្វើរឿងហ្នឹងម្តងហើយ តែអត់រាងសោះ

សមត្ថកិច្ចហាមមិនឲ្យធ្វើរឿងហ្នឹងម្តងហើយ តែអត់រាងសោះ

ខេត្តកណ្តាល ៖ យុវជនជើងខ្លាំងម្នាក់តែងបង្ករឿងអុកឡុកអ្នកភូមិ គ្មានពេលស្រាកស្រាន្ត ដោយជេរប្រមាថសម្លុតគំរាមគេឯងគ្រប់គ្នា លុះចុងក្រោយ បានកាវដាវគ្រវីផង ស្រែកជេរអ្នកភូមិផង ស្រាប់តែប៉ះចំសមត្ថកិច្ចចុះល្បាត ប្រទះឃើញក៏ចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ការឃាត់ខ្លួនយុវជនជើងខ្លាំង ពាក់ព័ន្ធករណីកាន់ដាវស្រែកជេរគំរាមអ្នកភូមិខាងលើនេះ បានធ្វើឡើង កាលពីវេលាម៉ោង៨យប់ ថ្ងៃ០១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិកោះខ្នុរ ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់វាយខ្នោះខាងលើ មានឈ្មោះសុខ វណ្ណដា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិចំបក់ត្រប់ ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង។ រីឯវត្ថុតាងចាប់យកដាវដែកពណ៌ស១ដើម មានដងរុំស្កុតពណ៌ខ្មៅ ប្រវែង ៧៤សង់ទីម៉ែត្រ។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា មុនពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែករកា បានចេញល្បាតក្នុងភូមិសាស្ត្រដូចសព្វដង ស្រាប់តែមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏បានប្រទះឃើញជនសង្ស័យខាងលើកំពុងកាន់ដាវក្នុងដៃ គ្រវីផង ស្រែកជេរគំរាមអ្នកភូមិផង ឃើញដូចនេះសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែករកា ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីសាកសួរ។

សមត្ថកិច្ច បញ្ជាក់ថា កន្លងមកជនសង្ស័យរូបនេះធ្លាប់ត្រូវបានសមត្ថកិច្ចកោះហៅមកធ្វើការអប់រំនៅអធិការដ្ឋានម្តងរួចមកហើយ ពាក់ព័ន្ធនឹងករណីអុកឡុកបង្កជម្លោះ ជេរប្រមាថគំរាមអ្នកភូមិ តែមិនចេះរាងចាល ទីបំផុតក៏ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ ចាត់ការតាមច្បាប់ តែម្តង៕

RELATED ARTICLES