តារាចម្រៀងសាច់សខ្ចីរបស់ផលិតកម្មសាន់ដេ កញ្ញាអ៊ីវ៉ា បានឲ្យដឹងថា ថ្មីៗនេះ នាងទើបបានរៀបចំហាងសម្លៀកបំពាក់ពីតូចទៅធំនៅឯស្រុកកំណើតរបស់នាងឯខេត្តកំពង់ស្ពឺ ព្រោះតែទីតាំងមុននោះពិបានចតឡាន។

យ៉ាងណា ការពង្រីកហាងនេះមិនត្រូវបានអ៊ីវ៉ា ប្រាប់ពីការចំណាយថវិកាអស់ប៉ុន្មានោះទេ ដោយគ្រាន់តែនាងថា កំពុងតែសម្លឹងរកមើលទីតាំងនៅភ្នំពេញ វិញម្ដង ប៉ុន្ដែពេលនេះរកកន្លែងមិនទាន់បានដូចចិត្តឡើយ។

អ៊ីវ៉ា ប្រាប់ថា របរបើកហាងលក់ខោអាវរបស់នាង បានដំណើរការជាច្រើនឆ្នាំមកហើយ ដែលកាក់កបគួរសម ហើយនាងត្រូវចុះទៅយកសម្លៀកបំពាក់ដោយផ្ទាល់នៅថៃ ផងដែរ។ នាងថា ក្រៅពីបានបើកហាងលក់ខោអាវដោយកំពុងតែដំណើរការនោះ នាងក៏ចង់រកស៊ីលក់ផលិតផល Cosmetics ផងដែរ ដែលកំពុងសិក្សាថា ត្រូវយកមកពីថៃ ឬកូរ៉េ ព្រោះកន្លងមកនាងមិនដែលលក់ផលិតផលខ្លួនឯងនោះទេ គឺលក់ឲ្យតែគេជាអ្នកស្គាល់គ្នា។

ទាក់ទងរឿងគូស្នេហ៍វិញ អ៊ីវ៉ា ដែលធ្លាប់ត្រូវបានឪពុករបស់នាង លោកអ៊ូ វ៉ាវ ជំរុញឲ្យនាងឆាប់រៀបការប្ដី ដើម្បីបានជំនួសដៃជើងគាត់ ពិសេសការចេញទៅច្រៀងតាមខេត្តនោះ ត្រូវបានអ៊ីវ៉ា ថា ពេលនេះនាងមិនទាន់មានកំណាន់ចិត្តទេ។

នាងថ្លែងប្រាប់ ”នគរធំ” កាលពីថ្ងៃទី១៨ ខែតុលា ថា ”និយាយតាមត្រង់ចុះ អ្នកស្រលាញ់មិនអត់ទេ ចេះតែមានហើយ ប៉ុន្ដែបើច្បាស់លាស់ថា ភ្ជាប់ពាក្យ ឬត្រៀមរៀបការជាមួយគ្នានោះ គឺអត់ទាន់មានទេ”។

អ៊ីវ៉ា ទើបប្រារព្ធខួបគម្រប់អាយុ២៧ឆ្នាំ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ប៉ុន្តែនាងថា មិនដែលទម្លាប់ធ្វើខួបធំហៅតារារាប់រយនាក់ឲ្យចូលរួមនោះទេ។

អ៊ីវ៉ា បញ្ជាក់ថា ជារៀងរាល់ឆ្នាំ នៅថ្ងៃខួបនាង គឺគ្រាន់តែញាំអាហារបែបលក្ខណៈគ្រួសារ ប៉ុណ្ណោះ តែអ្នកគាំទ្រនាងច្រើនតែ Surprise នាង ដូចជាឆ្នាំនេះ មានគេលើកនំខេកឲ្យនាង ពេលដែលនាងទៅច្រៀងនៅខេត្តសៀមរាប ដែរ។

អ៊ីវ៉ា បន្ថែមថា មិនមានអ្នកពិសេសធ្វើខួបឲ្យទេ ហើយដោយសារតែមិនទាន់មានគូជីវិតបែបនេះ តើឲ្យនាងទៅបង្ហាញមុខគូស្នេហ៍ដូចគេម៉េចកើតទៅ? បើមានតែគេស្រលាញ់ ប៉ុន្ដែមិនទាន់ច្បាស់លាស់ផងហ្នឹង៕