ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលមូលដ្ឋាន ចាប់ឃាត់ខ្លួនពីបទលួច រួចបញ្ជូនទៅចាត់ការតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពលួចកាបូបស្ពាយ ខណៈម្ចាស់ព្យួរទុកនៅនឹងដៃម៉ូតូ រួចចុះទៅបង់ត្រីនៅត្រង់ចំណុចទំនប់ក្បាលសៀម ស្ថិតក្នុងភូមិចក ឃុំច្រេក ស្រុកកំពង់ត្រឡាច កាលពីវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០។

បើយោងតាមប្រភពពីសមត្ថកិច្ច ប្រាប់ឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងសមត្ថកិច្ច ចាប់ឃាត់ខ្លួនក្នុងអំពើលួចនេះ រួមមានទី១-ឈ្មោះស្ងួន រិទ្ធី ភេទប្រុស អាយុ១៤ឆ្នាំ និងទី២-ឈ្មោះតឹម និកា ភេទប្រុស អាយុ១៦ឆ្នាំ។ ជនសង្ស័យទាំង២នាក់ រស់នៅភូមិកំពង់ក្តារ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ប្រភពសមត្ថកិច្ចដដែលបានឱ្យដឹងផងដែរ ថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះ ដោយស្ពាយសំណាញ់ទៅបង់ត្រី។ លុះនៅពេលទៅដល់ត្រង់ចំណុចទំនប់ក្បាលសៀម ក៏ចតម៉ូតូបញ្ឈរទុកនៅលើទំនប់ ហើយចុះទៅរកបង់ត្រី ដោយមានព្យួរកាបូបស្ពាយមួយនៅនឹងដៃម៉ូតូផង។ ខណៈជនរងគ្រោះកំពុងតែរវល់បង់ត្រី ស្រាប់តែជនសង្ស័យទាំង២ មកដល់ ក្រឡេកឃើញកាបូបស្ពាយបែបរាងទំនង ពេលម្ចាស់ជាប់បង់ត្រីនោះ ក៏នាំគ្នាធ្វើសកម្មភាពលួចយកកាបូបនោះ ហើយរត់គេចខ្លួនតែម្តង។

ក្រោយពេលដែលជនរងគ្រោះដឹងថា បាត់កាបូប ភ្លាមៗនោះ ក៏រាយការណ៍ទៅសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ស្រាវជ្រាវតាមចាប់ជនសង្ស័យ រហូតចាប់បានភ្លាមៗទាំង២នាក់ ព្រមទាំងដកហូតបានវត្ថុតាងកាបូប១ មានប្រាក់ ៤០០០រៀល ម៉ូតូ១គ្រឿង និងទូរស័ព្ទ១គ្រឿង រួចកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕
