Wednesday, August 20, 2025
Homeតារាខ្មែរស្រីស្អាតគីម ហួរ បោះទុនខ្ទង់សែនដុល្លារ ក្លាយជាថៅកែភោជនីយដ្ឋាន

ស្រីស្អាតគីម ហួរ បោះទុនខ្ទង់សែនដុល្លារ ក្លាយជាថៅកែភោជនីយដ្ឋាន

អតីត Freshie កញ្ញាគីម ហួរ ដែលមានត្រេមុខស្រដៀងតារាថៃ នាង Suvanant Kongying ហៅ Kob ដែលខ្មែរ និយមហៅថានាង ”ផ្កាយព្រឹក” នោះ ពេលនេះបានក្លាយទៅជាថៅកែភោជនីយដ្ឋានមួយ ដែលចំណាយទុនរាប់សែនដុល្លារ ជាមួយគូស្នេហ៍ថ្មីដែលបុរសនោះស្ថិតក្នុងត្រកូលអភិជន។

ទោះជាសារភាពថា មានសង្សារថ្មីមែន តែកញ្ញាគីម ហួរ មិនដែលហ៊ានបណ្ដើរគូស្នេហ៍លោកថៅកែប្រុស ដែលដាក់ទុនទាំងបេះដូង និងលុយធំរកស៊ីជាមួយនាងឡើយ។ ផ្ទុយទៅវិញ គេឃើញស្រីស្អាតរូបនេះច្រើនតែដើរចូលជាមួយតារាចម្រៀងផលិតកម្មរស្មីហង្សមាស លោកសំ សុវណ្ណារ៉ាក់ ទៅវិញ ទើបធ្វើឲ្យអ្នករួមអាជីពបានសរសើរចំពោះសង្សារនាង ដែលមិនចេះប្រចណ្ឌ។

កញ្ញាគីម ហួរ ធ្លាប់ឈឺផ្សាបេះដូង ក្រោយពីនាងបានចែកផ្លូវគ្នាជាមួយតារាចម្រៀងល្បីឈ្មោះម្នាក់ ដោយសារមាននារីអាណិកជនខ្មែរ-បារាំង ឆក់យកបុរសនោះទៅបាត់។

ប៉ុន្ដែដូចពាក្យគេថា ស្រីស្អាតមានប្រុសតម្រង់ជួរគ្នាចាំទទួល ពិតជាមិនខុសមែន ព្រោះគ្រាន់តែបែកសង្សារចាស់ភ្លាម ស្រីស្រស់រូបនេះរកបានសង្សារថ្មីភ្លែតតែម្ដង តែនាងថា មិនទាន់មានគម្រោងរៀបការឆាប់ៗឡើយ។ នាងថា ចង់បង្កើតមុខរបរថែមទៀត ក្រៅពីបើកភោជនីយដ្ឋាននោះ ហើយក្រោយពេលនាងមានជីវភាពធូរធាហើយ ទើបគិតគូររឿងរៀបការតាមក្រោយ។

គីម ហួរ ត្រូវបានគេចាប់អារម្មណ៍តាមរយៈការលេចមុខបទចម្រៀង MV ជាច្រើនបទនៅផលិតកម្មរស្មីហង្សមាស ទើបធ្វើឲ្យតារារួមអាជីពសង្ស័យថា នាងមានខ្សែរធំនៅផលិតកម្មនោះ។ ប៉ុន្តែគីម ហួរ ថា នាងគ្មានខ្សែ និងទុយោនៅហង្សមាស ទេ ប៉ុន្ដែដោយសារតែអ្នកដឹកនាំគិតថា នាងស័ក្តិសមជាមួយបទចម្រៀងមួយចំនួននោះ ទើបគេហៅថត។

គីម ហួរ ថា បានថតភាពយន្ដ១រឿងឲ្យហង្សមាស ប៉ុន្ដែនៅមិនទាន់ចាក់បញ្ចាំង។ ស្រីស្អាតសាច់សខ្ចីដូចបណ្ដូលចេករូបនេះ​កន្លងមកគេឃើញនាងជិះ Taxi ទៅថតភាពយន្ដ និង MV ជាដើម ព្រោះនាងមិនចង់ទទួលការឧបត្ថម្ភពីប្រុសណាឡើយ ដោយសារខ្លាចជាប់អន្ទាក់ស្នេហ៍។

យ៉ាងណា ពេលក្លាយទៅជាថៅកែហាងនេះ គេឃើញគីម ហួរ ជិះរថយន្ដ Prius ៕

RELATED ARTICLES