Wednesday, August 20, 2025
Homeតារាខ្មែរថន លក្ខិណា ចូលរួមមង្គលការកែវ សុខផេង ទាំងញញឹម

ថន លក្ខិណា ចូលរួមមង្គលការកែវ សុខផេង ទាំងញញឹម

ពិធីការិនីថន លក្ខិណា បានធ្វើឲ្យគេភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលនាងទៅបង្ហាញខ្លួនចូលរួមមង្គលការរបស់កីឡាករបាល់ទាត់ កែវ សុខផេង រៀបការជាមួយអ្នកនាងសុគន្ធ មនោរថ កាលពីថ្ងៃទី០១ ខែវិឆ្ឆិកា ឆ្នាំ២០២០ នៅអគារដឺព្រេមៀរ សេនធើ សែនសុខ។

នេះជាការជម្រះមន្ទិលសង្ស័យទាំងឡាយឲ្យទស្សនិកជនឃើញកាន់តែច្បាស់ថា នៅពេលដែលខ្សែប្រយុទ្ធកែវ សុខផេង រៀបការប្រពន្ធនោះ ថន លក្ខិណា មិនត្រឹមតែគ្មានទុក្ខដូចគេគិតនោះទេ ប៉ុន្ដែនាងបានទៅចូលរួមកម្មវិធីជប់លៀងដែលបង្ហាញទឹកមុខយ៉ាងរីករាយទៀតផង។

ប៉ុន្តែគេមិនទាន់ឃើញលកល្ខិណា សរសេរសារផ្ទាល់ខ្លួនជូនពរសុខផេង និងភរិយានៅឡើយ។

គួរបញ្ជាក់ថា ស្រីស្អាតថន លក្ខិណា ត្រូវបានគេសង្ស័យថា នាងបានបង្កាត់ភ្លើងស្នេហាជាមួយកីឡាករបាល់ទាត់ កែវ សុខផេង ជាច្រើនឆ្នាំមកហើយ ព្រោះតែអ្នកទាំងពីរច្រើនតែបណ្ដើរគ្នាតែ២នាក់​ទៅកម្មវិធីមួយចំនួន ហើយបង្ហាញកាយវិការស្និតស្នាលគ្នាដូចគូស្នេហ៍ រហូតមានព័ត៌មានថា នៅពេលដែលគេចោទថា សុខផេង ជាកូនវៀតណាមនោះ លក្ខិណា ស្រក់ទឹកភ្នែកទៀតផង។

លក្ខិណា បានច្រានចោលជាបន្ដបន្ទាប់ថា នាងមិនមែនជាសង្សាររបស់សុខផេង ទេ គឺគ្រាន់តែរាប់អានគ្នាធម្មតា ប៉ុណ្ណោះ ព្រោះនាងជាអ្នកគាំទ្ររបស់សុខផេង ដែលជាកីឡាករបាល់ទាត់។

គេជឿថា ថន លក្ខិណា ក្រោយពិបាកចិត្តរឿងប្រឹងប្រកែកយ៉ាងណាថា នាងមិនមែនជាសង្សារសុខផេង តែគេមិនជឿនោះ ពេលនេះនាងច្បាស់ជាស្រាលខ្លួនជាមិនខាន ព្រោះថា សុខផេង រៀបការប្រពន្ធទៅគេលែងម៉ៃលើនាងថា ជាស្រីស្នេហ៍របស់ខ្សែប្រយុទ្ធ ពូកែស៊ុតរូបនេះទៀតជាមិនខាន។

អ្វីដែលកាន់តែអាចបន្សាបថា លក្ខិណា គ្មានទំនាក់ទំនងពិសេសជាមួយសុខផេង ថែមទៀតនោះ គឺការដែលនាងទៅចូលរួមមង្គលការរបស់កីឡាករបាល់ទាត់រូបនេះ តែម្ដង ព្រោះនៅថ្ងៃនោះ នាងមិនបានបង្ហូរទឹកនេត្រាដូចនារីមួយចំនួន ដែលត្រូវសង្សាររៀបការចោលនោះឡើយ។ ផ្ទុយទៅវិញ នាងឈរថតកៀកកើយជាមួយសុខផេង និងភរិយាដោយទឹកមុខធម្មតា។

សូមបញ្ជាក់ថា ថន លក្ខិណា កម្របណ្ដើរប្រុសណាទៅចូលរួមកម្មវិធីអ្នកសិល្បៈណាស់ ដោយភាគច្រើននាងទៅជាមួយម្ដាយ​ ឬបងស្រីនាង ថន តារា។ ទាំងអ្នកសិល្បៈរួមអាជីព និងមហាជនចាត់ទុកថា លក្ខិណា មិនចូលចិត្តបង្ហាញសង្សារជាសាធារណៈទេ ព្រោះនាងខ្លាចធ្លាក់កូដ។ ប៉ុន្ដែលក្ខិណា ដែលមិនចូលចិត្តសម្ភាសន៍ជាមួយអ្នកកាសែតនោះ មានខ្លះនាងនិយាយ ដោយថ្ងូរដូចព្រាបថា រកតែសង្សារមួយគ្រាប់ធ្វើថ្នាំមិនបានផង អីចឹងតើឲ្យនាងទៅបណ្ដើរប្រុសណាទៅ?

ការវាចាបែបនេះរបស់លក្ខិណា មិនសូវបានគេជឿជាក់ឡើយ ព្រោះតែគេគិតថា ព្រាបណាថ្ងូរព្រាបនោះធាត់ អីចឹងលក្ខិណា ស្អាតប៉ុណ្ណឹងដែរ រឿងអីនាងអត់សង្សារ?

ថន លក្ខិណា ស្ថិតក្នុងចំណោមតារាវ័យក្មេង ដែលមានទ្រព្យច្រើន ដោយពេលនេះនាងមានផ្ទះវីឡា១ខ្នង តម្លៃជិត២០ម៉ឺនដុល្លារ នៅព្រែកលៀប និងផ្ទះ១ល្វែងមួយទៀត ក្បែរស្ដុប DN ។

ថ្មីៗនេះ នាងទើបតែលក់ Lexus RX 330 មកទិញ Landcruiser ដែលមានតម្លៃជាង១០ម៉ឺនដុល្លារផងដែរ។ ប៉ុន្ដែលក្ខិណា ព្យាយាមលាក់រឿងទិញឡានថ្មី ដោយនាងថា មិនត្រូវការអ្នកឡង់សេទេ ព្រោះការនិយាយរឿងឡានថ្មីនៅពេលដែលកូវីដ-១៩ មិនទាន់ស្ងាត់បែបនេះខុសពេលវេលា។

មហាជនរងចាំមើលថា ក្រោយសុខផេង រៀបការ​ តើស្រីស្រស់លក្ខិណា នៅតែទៅមើលខ្សែប្រយុទ្ធរូបនេះ លេងបាត់ទាល់នៅស្ដាតអូឡាំពិក ទាំងភ្លៀងរលឹមដូចមុនទៀតដែរទេ?៕

ហ៊ឹម វិចិត្រ

RELATED ARTICLES