ខេត្តព្រះសីហនុ ៖ បុរសម្នាក់បានស្ទាក់ផ្លូវយុវតីម្នាក់ រួចក៏សុំខ្ចីម៉ូតូជិះ ស្រាប់តែរំពេចនោះ ក៏ព្យាយាមជិះគេចខ្លួន ធ្វើឱ្យយុវតីរងគ្រោះស្រែកឆោឡោ ផ្អើលដល់សមត្ថកិច្ចប្រដេញតាម រហូតដល់ចាប់ឃាត់ខ្លួនជាប់ នាំយកមកចាត់ការតាមច្បាប់។
ករណីខាងលើនេះ បានកើតឡើង កាលពីរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចព្រែកត្របែក ក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់វាយខ្នោះ មានឈ្មោះសំ ម៉ៅ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មករសំណង់ មានលំនៅភូមិត្រាំសសរ ឃុំត្រាំសសរ ស្រុកត្រាំកក់ ខេត្តតាកែវ។ ចំណែកយុវតីរងគ្រោះជាម្ចាស់ម៉ូតូ មានឈ្មោះជន ស្រីអូន អាយុ១៩ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ខណៈដែលយុវតីរងគ្រោះខាងលើកំពុងជិះម៉ូតូ១គ្រឿង ម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 1L-8816 តាមផ្លូវសុខៗ ក៏លេចមុខជនសង្ស័យខាងលើចេញមកស្ទាក់ផ្លូវ រួចធ្វើជាសុំខ្ចីម៉ូតូជិះ ហើយក៏ជិះរត់គេចខ្លួន។

ប៉ុន្តែភ្លាមៗនោះ យុវតីរងគ្រោះបានស្រែកឆោឡោ ធ្វើឱ្យផ្អើលដល់ប្រជាពលរដ្ឋ រាយការណ៍ប្រាប់សមត្ថកិច្ចចេញអន្តរាគមន៍ ប្រដេញតាមបង្ក្រាបបានភ្លាមៗផងដែរ ខណៈដែលជនសង្ស័យបានព្យាយាមជិះរត់គេចខ្លួនតាមបណ្តោយផ្លូវជាតិលេខ៤ ដល់ចំណុច ភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បញ្ជូនទៅសាកសួរនិងរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕