ម៉ូលីកា និងស្វាមីលោកហុង ម៉ានុណ ហៅឆានុន បានទៅជួបផ្ទាល់ជាមួយលោកជំទាវហ៊ុន ស៊ីណាត ដែលជាប្អូនបង្កើតសម្តេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅភូមិគ្រឹះលោកជំទាវ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយអតីតតារាចម្រៀងផលិតកម្ម Rock រូបនេះ ថែមទាំងបានឧបត្ថម្ភនូវទឹកប្រាក់ចំនួន១០០០ដុល្លារ តាមរយៈលោកជំទាវដើម្បីជួយដល់កុមារកំព្រានៅខេត្តសៀមរាប ទៀតផង។

លោកជំទាវហ៊ុន ស៊ីណាត បានសរសេរសារថ្លែងអំណរគុណដល់ម៉ូលីកា ថា ”តាំងនាមកូនស្រីនឹម វណ្ណៈ ប្រធានអង្គការសប្បុរសធម៌កម្ពុជកុលបុត្រ សូមថ្លែងអំណរគុណដល់សប្បុរសជនដែលបានជួយថវិកាដល់កុមារកំព្រា ដែលស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។ 1-កូនប្រុសហុង ម៉ានុណ និងកូនស្រីអឿន ម៉ូលីកា ម្ចាស់ហាង “Nk Molika Beauty Trading Co.LTD” 1000ដុល្លារ។ សូមជូនពរដល់កូនៗទាំងអស់សូមឲ្យបានជួបតែនឹងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ”។

លោកជំទាវហ៊ុន ស៊ីណាត ដែលតែងតែបង្ហាញការរាប់អាននិងអញ្ជើញចូលរួមកម្មវិធីតារាសិល្បៈទូទៅ ដោយមិនប្រកាន់នោះ បានបង្ហាញភាពស្និទ្ធស្នាលជាមួយម៉ូលីកា និងស្វាមី ដូចកូនចៅរបស់លោកជំទាវដែរ។

លោកជំទាវស៊ីណាត ថែមទាំងបានបីកូនស្រីម៉ូលីកា កុមារីឈ្មោះ ”នុន ច័ន្ទម៉ូនីតា” ដោយក្ដីស្រលាញ់ដូចជាចៅបង្កើតរបស់លោកជំទាវទៀតផង ទើបធ្វើឲ្យអ្នកនាងម៉ូលីកា និងលោកឆានុន រំភើបចិត្តក្រៃលែង។

ម៉ូលីកា បានបញ្ចេញសារថា ”នីតា កូនម្ដាយកូនមានសំណាងណាស់បានលោកជំទាវឲ្យពរកូន សូមឲ្យកូនរៀនចេះឆ្លាត ធ្វើជាមនុស្សល្អ ចេះជួយដល់សង្គម អោយឆ្លងតាមលោកជំទាវយាយហ៊ុន ស៊ីណាត ណាកូន ថ្ងៃនេះ មកលេងជំទាវម៉ែ សប្បាយណាស់”។

សូមរំលឹកថា នេះជាញឹកញាប់ គេតែងតែឃើញម៉ូលីកា ម្ចាស់ហាង “NK Molika Beauty Trading Co.Ltd” បង្ហាញសកម្មភាពសប្បុរសធម៌ជាបន្ដបន្ទាប់ចូលរួមដល់សង្គមដូចជាមុននេះនាងបានបរិច្ចាគនូវថវិកាមួយចំនួន ជូនដល់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ និងជនរងគ្រោះដោយទឹកជំនន់ផងដែរ ខណៈដែលកន្លងមក ម៉ូលីកា ក៏ធ្លាប់ផ្ដល់លុយកាក់ជួយដល់ជនក្រីក្រ និងអ្នកសិល្បៈដែលទីទ័លខ្លាំងដែរ។

សកម្មភាពបែបនេះហើយ ទើបគេហៅម៉ូលីកា ថាជាតារាចិត្តធម៌ម្នាក់ ដែលសកម្មក្នុងការងារសប្បុរធម៌ ហើយនាងថា នឹងបន្ដធ្វើកិច្ចការនេះតទៅទៀតតាមលទ្ធភាពដែលអាចធ្វើបាន៕
