ភ្នំពេញ ៖ មន្ត្រីនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឱ្យដឹងថា នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ សមត្ថកិច្ចនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឃាត់ខ្លួនបុរសម្នាក់ ពីបទចេញមូលប្បទានប័ត្រ (សែក) ជាង៥ម៉ឺនដុល្លារ ប៉ុន្តែអត់សាច់ប្រាក់សែកស្អុយ។

បុរសដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសុត ឡុង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធទៅនឹងករណី ចេញសែកអត់សាច់ ប្រាក់។

ប្រភពបានបន្តថា នៅមុនពេលកើតហេតុ ឈ្មោះសុត ឡុង បានពឹងជនរងគ្រោះឱ្យជួយរកខ្ចីប្រាក់គេចំនួន៥៣០៥០ដុល្លារ និងបានចេញមូលប្បទានប័ត្រ (សែក) ១សន្លឹក ដើម្បីធានាសងជនរងគ្រោះ។ លុះដល់ថ្ងៃកំណត់ត្រូវសងលុយជនរងគ្រោះ បានយកមូលប្បទានប័ត្រដែលមានតម្លៃ៥៣០៥០ដុល្លារ ទៅធនាគារបើកលុយ តែត្រូវខាងធនាគារ បញ្ជាក់ថា មូលប្បទានប័ត្រនេះគ្មានលុយទេ។ ហេតុនេះហើយទើបជនរងគ្រោះប្តឹងសមត្ថកិច្ចឱ្យចាត់ការតាមច្បាប់តែម្តង។

សមត្ថកិច្ចបង្ហើបថា នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ សមត្ថកិច្ចនឹងបញ្ជូនខ្លួនឈ្មោះសុត ឡុង ទៅអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕
