ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៏ពីកម្លាំងអភិរក្សព្រៃឈើថៃ បានឱ្យដឹងថា ជនជាតិខ្មែរចំនួន៣នាក់ ត្រូវបានកម្លាំងអភិរក្សព្រៃឈើថៃ ឃាត់ខ្លួននៅលើទឹកដីថៃ ទល់មុខនឹងស្រុកសំឡូត ខេត្តបាត់ដំបង ខណៈពួកគេកំពុងធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើ ដោយជ្រៀកជាផ្ទាំង ដើម្បីនាំឆ្លងដែនចូលមកកាន់ទឹកដីកម្ពុជា និងលក់ទៅលើទីផ្សារ។

ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។

តាមប្រភពព័ត៌មានពីភាគីថៃ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងអភិរក្សព្រៃឈើថៃ បានដើរល្បាតត្រង់ចំណុចខាងក្រោយ កងរយថៃលេខ៥១៦ ហើយបានប្រទះឃើញប្រជាពលរដ្ឋខ្មែរចំនួន៣នាក់ កំពុងធ្វើសកម្មភាពលីឈើក្នុងភូមិសាស្ត្រភូមិបានមួង ឃុំនឺនស៊ី ស្រុកបររ៉ៃ ខេត្តត្រាត ទើបកម្លាំងមេព្រៃថៃឃាត់ខ្លួនតែម្តង។

ពលរដ្ឋខ្មែរទាំង៣នាក់ដែលត្រូវកម្លាំងអភិរក្សព្រៃឈើថៃចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះសែម រដ្ឋ ភេទប្រុស អាយុ១៧ឆ្នាំ ទី២-ឈ្មោះអៀត សុខឃឿន ភេទប្រុស អាយុ២៦ឆ្នាំ និងទី៣-ឈ្មោះចាន់ សុខខា ភេទប្រុស អាយុ៣១ឆ្នាំ។ អ្នកទាំង៣ មានលំនៅក្នុង ភូមិស្រែអណ្តូង ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។

បច្ចុប្បន្នជនជាតិខ្មែរទាំង៣នាក់ខាងលើ មិនទាន់ឃើញភាគីថៃដោះលែងនៅឡើយទេ ដោយសមត្ថកិច្ចនៅក្នុងតំបន់នោះបានអះអាងថា គេកំពុងរង់ចាំមើលខាងការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ក្នុងការទាក់ទងទៅភាគីថៃ ដើម្បីចរចារ និងសម្របសម្រួល សុំឱ្យដោះលែងពលរដ្ឋខ្មែរទាំងនោះមកវិញ៕
