ខេត្តកណ្តាល ៖ បុរសម្នាក់នៅសុខៗក៏ធ្វើសកម្មភាពកាន់ដាវជាប់ដៃផង រើសដុំថ្មផង គប់សំដៅរថយន្តរបស់អ្នកភូមិម្នាក់ បណ្តាលឱ្យរងការខូចខាត ទីបំផុតម្ចាស់រថយន្តដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ចាប់ខ្លួនជនបង្កនាំយកទៅចាត់ការតាមច្បាប់។
ករណីធ្វើឱ្យខូចខាតដោយចេតនា (គប់រថយន្ត) ខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្លូវលំ ក្បែរវត្តឈើទាលភ្លោះ ស្ថិតក្នុងភូមិឈើទាភ្លោះ ឃុំស្វាយអំពារ ស្រុកមុខកំពូល។

ជនរងគ្រោះជាម្ចាស់រថយន្ត មានឈ្មោះសៅ សំណាង ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរកសិករ មានលំនៅភូមិឈើទាលភ្លោះ ឃុំស្វាយអំពារ ស្រុកមុខកំពូល។ ចំណែកជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះគង់ ឈិនឡុង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ ជាមនុស្សប្រើប្រាស់គ្រឿងញៀន មានលំនៅសព្វថ្ងៃភូមិឈើទាលភ្លោះ ឃុំស្វាយអំពារ ស្រុកមុខកំពូល។
ដោយឡែកសម្ភារ ខូចខាតរថយន្ត១គ្រឿង ម៉ាកវីវ៉ូ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AS-5863 កំពិតដំបូលម៉ាស៊ីន ខាងស្តាំចំនួន២កន្លែង។ រីឯវត្ថុតាង ចាប់យករួមមាន ដាវដែកចំនួន១ និងដុំថ្មចំនួន២ដុំ (តូច១ ធំ១)។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ ប្រពន្ធរបស់ជនរងគ្រោះ បានធ្វើដំណើរចេញពីផ្ទះគោលបំណងទៅទិញ ម្ហូបនៅផ្សារកំពង់ប្រាសាទ ពេលនោះក៏បានឃើញជនសង្ស័យដើរចូលក្បែរស្រះត្រីរបស់ខ្លួន តែម្នាក់ឯងដោយដៃទទេ។ បន្ទាប់មក ស្ត្រីជាប្រពន្ធជនរងគ្រោះក៏ជិះម៉ូតូមកដល់រោងលក់កាហ្វេរបស់ឈ្មោះថត (ជនជាតិវៀតណាម) នៅក្បែរវត្តឈើទាលភ្លោះ ហើយក៏បានឈប់ម៉ូតូ ប្រឡែងលេងជាមួយចៅរបស់ខ្លួនបានប្រហែល៥នាទី ក៏ឃើញជនសង្ស័យដើរត្រឡប់មកពីទិសខាងលិចវិញ ដោយមានកាន់វត្ថុតាង ដូចបានរៀបរាប់ខាងលើ។

ពេលមកដល់មុខរោងលក់កាហ្វេនោះ ជនសង្ស័យបានសម្លឹងមុខប្រពន្ធជនរងគ្រោះ យ៉ាងមាំ ឃើញដូច្នេះប្រពន្ធជនរងគ្រោះមិនហ៊ានបន្តដំណើរទៅមុខទៀត ក៏បានតេទូរស័ព្ទហៅប្តីរបស់ខ្លួន (ជនរងគ្រោះ) ដើម្បីឱ្យជូនខ្លួនទៅទិញម្ហូបនៅផ្សារ ពេលនោះជនរងគ្រោះជាប្តីក៏បានជិះរថយន្តរបស់ខ្លួនខាងលើមកជួបប្រពន្ធ ពេលមកដល់ក៏បានឱ្យប្រពន្ធជិះម៉ូតូទន្ទឹមនឹងរថយន្តរបស់ខ្លួន ពេលធ្វើដំណើរមកដល់កន្លែងកើតហេតុ ស្រាប់តែជនសង្ស័យខាងលើបានស្ទុះចេញពីចន្លោះក្លោងទ្វារវត្ត ដៃម្ខាងកាន់ដាវ និងដៃម្ខាងទៀតរើសដុំថ្មគប់មកលើរថយន្តរបស់ជនរងគ្រោះ បណ្តាលឱ្យមានស្លាកស្នាមខូចខាតដូចបានរៀបរាប់ខាងលើ រួចក៏គេចខ្លួនបាត់។
លុះដល់វេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃដដែល ជនរងគ្រោះក៏បានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយអំពារ ដើម្បីឱ្យជួយអន្តរាគមន៍។

ក្រោយពីទទួលបានព័ត៌មានរួចមក សមត្ថកិច្ចប៉ុស្តិ៍ និងជំនាញបានតាមស្វែងរកចាប់ខ្លួនជនសង្ស័យខាងលើ នាំមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពកាន់ដាវ និងយកដុំថ្មគប់ដំបូលម៉ាស៊ីនរថយន្តរបស់ជនរងគ្រោះ បណ្តាលឱ្យខូចខាតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីបន្តចាត់ការតាមនីតិវិធី៕