ភ្នំពេញ ៖ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមន្ត្រីជាន់ខ្ពស់កម្ពុជា មួយចំនួន ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក (ចត្តាឡីស័ក) និងធ្វើតេស្តរកវីរុសកូវីដ-១៩ តាមការកំណត់របស់ក្រសួងសុខាភិបាល បន្ទាប់ពីបានជួបនិងប្រាស្រ័យទាក់ទងផ្ទាល់ជាមួយលោករដ្ឋមន្រ្តីការបរទេសហុងគ្រី និងប្រតិភូ នៅក្នុងពេលទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយនៅពេលដែលលោករដ្ឋមន្រ្តីការបរទេសហុងគ្រី និងប្រតិភូ អញ្ជើញទៅដល់ទីក្រុងបាងកក ប្រទេសថៃ នៅល្ងាចថ្ងៃដដែលនោះ ការធ្វើតេស្តរកវីរុសកូវីដ-១៩ នៅទីនោះបានបញ្ជាក់ថា លោករដ្ឋមន្រ្តីការបរទេសហុងគ្រី មានលទ្ធផលវិជ្ជមានកូវីដ-១៩។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃពុធ ៤រោច ខែកត្តិក ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានបញ្ជាក់ថា «”កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលមិញនេះ ឯកឧត្តម ភីធើ ស៊ីចាតូ (Péter Szijjártó) រដ្ឋមន្រ្តីការបរទេសនិងពាណិជ្ជកម្មហុងគ្រី បានដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា។ នៅពេលដែលឯកឧត្តមរដ្ឋមន្រ្តី និងប្រតិភូ អញ្ជើញដល់ទីក្រុងបាងកក នៅល្ងាចថ្ងៃដដែលនោះ ការធ្វើតេស្តរកវីរុសកូវីដ-១៩ នៅទីនោះ បានបញ្ជាក់ថា ឯកឧត្តមរដ្ឋមន្រ្តី មានលទ្ធផលវិជ្ជមាន។ សូមបញ្ជាក់ថា សមាជិកគណៈប្រតិភូហុងគ្រី ទាំងអស់ បានធ្វើតេស្ត និងមានវិញ្ញាបនបត្រសុខភាព បញ្ជាក់ថា គ្មានវីរុសកូវីដ-១៩ មុនពេលចេញដំណើរមកកម្ពុជា”។

សេចក្តីប្រកាសព័ត៌មានដដែល បន្តថា «បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះភ្លាម រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ ដែលជួបនិងប្រាស្រ័យទាក់ទងផ្ទាល់ជាមួយប្រតិភូនៅក្នុងពេលទស្សនកិច្ច ធ្វើតេស្តរកវីរុសកូវីដ-១៩ និងដាក់ឲ្យនៅដាច់ដោយឡែក (ចត្តាឡីស័ក) តាមការកំណត់របស់ក្រសួងសុខាភិបាល»។
គួរបញ្ជាក់ថា នៅវិមានសន្តិភាព នារសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក ភីធើ សីុចាតូ (Péter Szijjártó) រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មហុងគ្រី។

នៅក្នុងជំនួបនោះ លោក ភីធើ ស៊ីចាតូ បានអរគុណដល់ប្រជាពលរដ្ឋ ក៏ដូចជារដ្ឋាភិបាលកម្ពុជា ដែលទទួលស្វាគមន៍លោកយ៉ាងកក់ក្តៅ នៅក្នុងដំណើរទស្សនកិច្ចរបស់លោក មកកាន់ប្រទេសកម្ពុជា នាពេលនេះ។ លោកបានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់លោក មកកាន់ប្រទេសកម្ពុជា នាពេលនេះ គឺ ៖ ទី១- ដើម្បីអបអរសាទរចំពោះខួបលើកទី៦៧ នៃបុណ្យឯករាជ្យជាតិរបស់ប្រទេសកម្ពុជា ទី២- គឺដើម្បីពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់នាយករដ្ឋមន្ត្រីនៃប្រទេសហុងគ្រី និងទី៣- ដើម្បីពង្រឹងនិងពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ តាមរយៈការនាំមកនូវគម្រោងអភិវឌ្ឍន៍មួយចំនួន ដូចជា ៖ ទី១- គម្រោងទឹកស្អាត និងចម្រោះទឹក ទី២- គម្រោងបច្ចេកវិទ្យា (IT) ទី៣- គម្រោងកសិដ្ឋានចិញ្ចឹមសត្វនិងសត្តឃាត និងទី៤- គម្រោងកសិកម្មនិងនេសាទ ។
ជាការឆ្លើយតប សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់នាយករដ្ឋមន្ត្រីនៃប្រទេសហុងគ្រី ហើយសម្ដេច ក៏បានថ្លែងអំណរគុណផងដែរចំពោះរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋហុងគ្រី ដែលបានជួយដល់កម្ពុជា កាលពីជាង ៤០ឆ្នាំមុន ក្នុងការកសាងប្រទេសឡើងវិញ ពីបាតដៃទទេ បន្ទាប់ពីកម្ពុជា ងើបពីសង្គ្រាម។ លើសពីនេះទៅទៀត សម្ដេច ក៏បានឯកភាពជាមួយនឹងការជំរុញលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈគម្រោងទាំងបួន ខាងលើ។

លើសពីនេះទៅទៀត សម្ដេចនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការគោរព និងផ្ដាំផ្ញើសួរសុខទុក្ខជូនចំពោះនាយករដ្ឋមន្ត្រីនៃប្រទេសហុងគ្រី ផងដែរ។ ឆ្លៀតក្នុងឱកាសនោះ សម្ដេចហ៊ុន សែន ក៏បានស្នើសុំនិងអញ្ជើញលោកនាយករដ្ឋមន្រ្តីហុងគ្រី មកបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ក្នុងឱកាសណាមួយ នាពេលខាងមុខ។
បន្ទាប់ពីបានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី រួចហើយ នៅរសៀលថ្ងៃដដែលនោះ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សរណៈរវាងកម្ពុជា និងហុងគ្រី ចំនួន៣ ផងដែរ។
កិច្ចព្រមព្រៀង និងអនុស្សារណៈ ទាំង៣ ដែលត្រូវបានចុះហត្ថលេខានោះ រួមមាន ៖
១- កិច្ចព្រមព្រៀងស្តីពីសេវាដឹកជញ្ជូនតាមផ្លូវអាកាសចរណ៍ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលហុងគ្រី។
២- អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការគ្រប់គ្រងធនធានទឹក រវាងក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃ ហុងគ្រី។
៣- អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងកសិកម្មហុងគ្រី។

ដោយឡែក បើយោងតាមក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមម៉ោង២៣:០០នាទីនៃយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាមួយក្រុមគ្រួសារ អង្គរក្ស ព្រមទាំង អ្នកដែលបានប៉ះពាល់ជាមួយឯកឧត្តមរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី ជាង៦០០នាក់ ត្រូវបានតេស្ត និងទទួលបានលទ្ធផលអវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់។ ក្រសួង កំពុងបន្តធ្វេីតេស្ត និងស្រាវជ្រាវរកអ្នកប៉ះពាល់ជាបន្តទៀត និងបន្តជូនព័ត៌មាន នៅពេលទទួលបានលទ្ធផលតេស្ត។៕