តារាសម្ដែងវ័យក្មេងសម្រស់ដូចកូនកាត់ថៃ កញ្ញាហង្ស ស្រីរ័ត្ន បានក្លាយទៅជាប្រធានក្រុមហ៊ុនមួយ ដែលមានឈ្មោះថា “Media & Talent Alliance (MTA)” ទៅហើយ បន្ទាប់ពីមុននេះ ស្រីស្អាតរូបនេះបានប្រកាសថា នៅចុងឆ្នាំ២០២០នេះ នាងនឹងបញ្ចេញការងារថ្មីមួយជារូបរាងឡើង។ ឥឡូវដូចការព្រាងទុកមែន ព្រោះពេលនេះស្រីស្រស់រូបនេះបានធ្វើជាម្ចាស់ក្រុមហ៊ុនមួយនេះ ទាំងនាងនៅវ័យក្មេងខ្ចីល្ហក់តែម្ដង។

ហង្ស ស្រីរ័ត្ន បានឲ្យដឹងថា ក្រុមហ៊ុន “MTA” របស់នាងផ្ដោតទៅលើការទទួលការងារថតស្ពត រឿងខ្លី ឬការផ្សព្វផ្សាយពាណិ្ជជ្ជកម្មផ្សេង។នាងថា បុគ្គលិកនៅក្រុមហ៊ុនរបស់នាងសុទ្ធតែជាអ្នកមានជាអ្នកជំនាញ ទេពកោសល្យ និងសមត្ថភាពច្បាស់លាស់ទាំងអស់ ហេតុនេះហើយនាងមិនបារម្ភច្រើនពីការដំណើរការរបស់ក្រុមហ៊ុន នៅអំឡុងពេលដែលវិបត្តិកូវីដ-១៩ នៅមិនទាន់ស្ងាត់នេះឡើយ។ ប៉ុន្ដែទាក់ទងការងារសិល្បៈ ដូចជាការថតភាពយន្ដ និងស្ពតនៅខាងក្រៅវិញ គឺនាងនៅតែទទួលដូចមុនដដែល។

ហង្ស ស្រីរ័ត្ន លេចមុខញឹកញាប់ក្នុងភាពយន្ដភាគរបស់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ហើយនាងស្ថិតក្នុងចំណោមតារាវ័យក្មេងដែលមានរូបសម្រស់លេចធ្លោនាពេលបច្ចុប្បន្ន។ យ៉ាងណា នាងថា តាំងពីផ្ទុះកូវីដ មក ទាំងរូបនាងក៏ដូចជាតារាផ្សេងៗទៀតដែរ មិនសូវមានការងារសិល្បៈធ្វើដូចមុនទៀតទេ ខណៈដែលនាងបានផ្អាកថតមួយរយៈហើយ ទើបតែទទួលការងារទាំងនោះវិញ ពេលកូវីដរាងស្ងាត់បន្ដិចនេះ។

ដោយឡែក ទាក់ទងរឿងស្នេហាវិញ ស្រីរ័ត្ន តែងតែថា នាងគ្មានសង្សារបណ្ដើរដូចគេទេ អីចឹងអ្នកខ្លះថា នាងពូកែលាក់សង្សារ តើឲ្យនាងរៀបរាប់យ៉ាងណាបានគេជឿនោះទេ។នាងថា ចូលចិត្តទៅណាតែម្នាក់ៗឯង ព្រោះអត់អ្នកបណ្ដើរតែគេ បែរជាថា នាងមិនហ៊ានបណ្ដើរសង្សារទៅវិញ។

តារាវ័យក្មេងក្លាយទៅជាថៅក្រុមហ៊ុនមួយនេះថា ក្នុងវ័យនេះនាងផ្ដោតលើការពង្រឹងអាជីពសិល្បៈ និងការធ្វើយ៉ាងណាឲ្យក្រុមហ៊ុនដំណើរការទៅមុខដោយរលូន ជាជាងយកពេលគិតរឿងស្នេហា៕


