ខេត្តកណ្តាល ៖ បុរសម្នាក់ បានជួបរឿងស៊យជាន់លើស៊យ ទើបនឹងចេញពីផឹកស៊ីជុំមិត្តភក្តិនៅកោះពេជ្រ ជិះម៉ូតូត្រឡប់ទៅផ្ទះវិញតាមផ្លូវ ត្រូវប៉ូលិសចាប់វាស់ជាតិអាល់កុល ផាកពិន័យអស់៦ម៉ឺនរៀល និងឃាត់ទុកឱ្យស្វាងបន្តិច ទើបអនុញ្ញាតឱ្យបន្តដំណើរទៅមុខទៀត ស្រាប់តែមិនទាន់ដល់ផ្ទះផង លេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូមកស្ទាក់ពីមុខ កាប់ ១ដាវបណ្តាលឱ្យរយះកដៃ រួចប្លន់ម៉ូតូយកទៅបាត់ថែមទៀត។
ករណីកាប់ប្លន់យកម៉ូតូខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ២១ ជិតផ្ទះសំណាក់រស្មី៨៨ ស្ថិតក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ។

ជនរងគ្រោះដែលជួបស៊យលើស៊យ ត្រូវប៉ូលិសផាក ហើយត្រូវចោរកាប់ប្លន់ម៉ូតូបាត់នោះ មានឈ្មោះតាវ ជ្រូ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានលំនៅបច្ចុប្បន្នក្នុងភូមិពោធិ៍តាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង (រងរបួសស្នាម ត្រង់កដៃខាងឆ្វេង)។ ចំណែកជនសង្ស័យជាមុខសញ្ញាចោរប្លន់ មានគ្នា ២នាក់ មិនស្គាល់អត្តសញ្ញាណ មានវ័យប្រមាណជាង២០ឆ្នាំ ក្រោយធ្វើសកម្មភាពរួច បានគេចខ្លួនបាត់អស់។ រីឯម៉ូតូដែលត្រូវជនសង្ស័យកាប់ប្លន់យកទៅនោះ ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IF-6102។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះតាវ ជ្រូ បានទៅចូលរួមផឹកស៊ីជាមួយមិត្តភក្តិ នៅកោះពេជ្រ។ លុះមកដល់វេលាម៉ោង ៩យប់ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ជនរងគ្រោះបានឈប់ផឹក ហើយជិះម៉ូតូតែម្នាក់ឯង សំដៅត្រឡប់ ទៅផ្ទះវិញ នៅឯភូមិពោធិ៍តាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង។
លុះពេលជិះមកដល់ម្តុំចាក់អង្រែលើ ក៏ត្រូវបានសមត្ថកិច្ចខណ្ឌមានជ័យ ដាក់កម្លាំងត្រួតពិនិត្យអាវុធជាតិផ្ទុះ និងអនុវត្តច្បាប់ចរាចរណ៍ ឃាត់វាស់ជាតិអាល់កុល ឃើញមានស្ថានភាពស្រវឹង ក៏ឃាត់ខ្លួនជនរងគ្រោះនិងម៉ូតូ យកទៅសាកសួរនៅប៉ុស្តិ៍ ព្រមទាំងផាកពិន័យអស់លុយ ៦ម៉ឺនរៀល។

ប្រភពដដែល បន្តថា រហូតដល់វេលាម៉ោង ១២និង០៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ជនរងគ្រោះត្រូវបានសមត្ថកិច្ចអនុញ្ញាតឱ្យគាត់យកម៉ូតូជិះត្រឡប់ទៅផ្ទះវិញ។ លុះពេលដែលជនរងគ្រោះជិះម៉ូតូតាមផ្លូវ២១ មកដល់ត្រង់ចំណុចភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ជិតដល់ផ្ទះសំណាក់ រស្មី៨៨ ស្រាប់តែមានម៉ូតូ ១គ្រឿង ជិះគ្នា២នាក់ ភេទប្រុស អាយុជាង២០ឆ្នាំ រាងស្គម ម៉ាកអេសិចទ័រ ពណ៌ខ្មៅ មិនចាំស្លាកលេខ បានជិះមកស្ទាក់ពីមុខម៉ូតូរបស់ជនរងគ្រោះ ឃាត់ឱ្យឈប់។
ភ្លាមនោះ ជនសង្ស័យម្នាក់ក្នុងចំណោមនោះ បានស្ទុះទាញដាវសាមូរ៉ៃ មកកាប់ជនរងគ្រោះ ១ដាវ បណ្តាលឱ្យត្រូវចំត្រង់កដៃខាងឆ្វេង រយៈដាច់សរសៃ មានរបួសស្នាមហូរឈាមយ៉ាងច្រើន បន្ទាប់មក ជនសង្ស័យក៏ប្លន់យកម៉ូតូរបស់ជនរងគ្រោះ ជិះគេចខ្លួនទៅទិសខាងត្បូង បត់តាមផ្លូវថ្មី តាមផ្លូវសិត្បូ ទៅបាត់ស្រមោលភ្លាមៗតែម្តង។

ករណីនេះ កម្លាំងយុត្តិធម៌ក្រុងតាខ្មៅ និងកម្លាំងជំនាញខេត្ត កំពុងបន្តការស៊ើបអង្កេតស្រាវជ្រាវ ដើម្បីតាមចាប់ខ្លួនជនសង្ស័យទាំង២នាក់ នាំយកមកចាត់ការតាមនីតិវិធី៕