Tuesday, August 19, 2025
Homeតារាខ្មែរនាយគ្រឿន ប្រាប់ថា ឲ្យតែស្រីអូន ច្បាស់លាស់ នាយចូលភ្លាម

នាយគ្រឿន ប្រាប់ថា ឲ្យតែស្រីអូន ច្បាស់លាស់ នាយចូលភ្លាម

តារាកំប្លែង CTN នាយគ្រឿន ត្រូវបានគេបង្ហើបថា នាយនឹងត្រៀមចូលច្រៀងនៅផលិតកម្មថ្មី ដែលគ្រប់គ្រងដោយអ្នកនាងស្រីអូន ឈ្មោះ “Ream Production” បន្ទាប់ពីនាយអស់កុងត្រានៅថោន។

នេះជាជំហានថ្មីមួយទៀត សម្រាប់នាយគ្រឿន ក្នុងការបោះពួយលើអាជីពចម្រៀង​បន្ថែមពីលើអាជីពកំប្លែង ដែលធ្លាក់ប្រាក់ចំណូលយ៉ាងគំហុក តាំងពីផ្ទុះកូវីដ-១៩មក ព្រោះការសម្ដែងនៅតាមបណ្ដាខេត្ត មិនទាន់ដំណើរការ។

ក្នុងជំនួបជាមួយនាយគ្រឿន កាលពីថ្ងៃទី១ ខែវិចិ្ឆកា តារាកំប្លែងរូបនេះបានអះអាងថា ចំពោះដំណឹងដែលលេចឮថា នាយជិតក្លាយទៅជាតារាចម្រៀងនៅផលិតកម្ម “Ream” នោះ មិនទាន់ជាការពិត​ ហើយនាយក៏មិនទាន់បានកុងត្រាដែរ។

នាយគ្រឿន បន្ថែមថា ខាងថៅកែផលិតកម្មបានទាក់ទងចង់ឲ្យនាយទៅច្រៀងនៅទីនោះមែន ប៉ុន្ដែនាយគិតថា អាយុប៉ុណ្ណេះទៅហើយ ទៅចុះកុងត្រាអីទៀត។ តែបើផលិតកម្មនោះ​មានគោលការណ៍ច្បាស់លាស់ នាយនឹងទៅច្រៀងនៅទីនោះ ទោះជាគេទាមទារកុងត្រាក៏ដោយ ព្រោះនាយក៏ធ្លាប់ធ្វើការជាមួយថៅកែផលិតកម្មនោះ តាមរយៈការថតស្ពតអប់រំជាមួយគ្នាដែរ។

នាយគ្រឿន ដែលមានឈ្មោះដើមថា ចែម សារឿន ស្រុកកំណើតនៅភូមិពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង បានចាប់អាជីពជាអ្នកចម្រៀងនៅថោន ដោយល្បីបទ ”សង្ស័យតែឆេះអ៊ីសេ” ឆ្លងឆ្លើយជាមួយកញ្ញាអេនី ហ្សាម  ប៉ុន្ដែរយៈពេលចុងក្រោយនេះ នាយគ្រឿន គ្មានបទល្បីៗដូចមុនទេ ខណៈថោន មានបញ្ហារង្គោះរង្គើផ្ទៃក្នុង នាំឲ្យមាស សុខសោភា និងខេម ដើរចេញ។

ទោះជាយ៉ាងណា នាយគ្រឿន បានអះអាងថា នាយបានផុតកុងត្រាជាមួយថោន ហើយ ហេតុនេះបើទោះជានាយទៅច្រៀងនៅផលិតកម្មណា ក៏បានដែរ ប៉ុន្ដែការចរចាជាមួយផលិតកម្មរៀម នៅមិនទាន់ត្រូវរ៉ូវគ្នានោះទេ។

ថ្វីត្បិតតែនាយគ្រឿន អះអាងបែបនេះក្ដី ប៉ុន្ដែតាមព័ត៌មានថា នាយគ្រឿន អាចនឹងបង្ហាញខ្លួននៅផលិតកម្មរៀម នៅចុងខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះហើយ៕

RELATED ARTICLES