Tuesday, August 19, 2025
Homeព័ត៌មានជាតិនាងដកលុយបាន៥០០០០រៀល ស្រាប់តែឡើងឡានឈ្នួលចេញទៅភ្លែត

នាងដកលុយបាន៥០០០០រៀល ស្រាប់តែឡើងឡានឈ្នួលចេញទៅភ្លែត

ខេត្តកណ្តាល ៖ យុវតីរូបស្រស់ម្នាក់នៅសុខៗបានបាត់ខ្លួនចេញពីផ្ទះ ដោយគ្មានដំណឹង ធ្វើឱ្យក្រុមគ្រួសារភ័យឆោឡោ ដើរតាមស្វែងរកសព្វកន្លែង ប៉ុន្តែមិនឃើញ លុះទៅសួរនាំមិត្តភក្តិរៀនជាមួយគ្នា ក៏ទទួលបានដំណឹងថា កូនស្រីឡើងជិះរថយន្តឈ្នួលសំដៅទៅភ្នំពេញ ជាហេតុធ្វើឱ្យឪពុកម្តាយកំពុងមានការព្រួយបារម្ភពីសុវត្ថិភាពកូនស្រីយ៉ាងខ្លាំង។

យុវតីដែលបាត់ខ្លួនខាងលើ មានឈ្មោះរី សុភាព ជាសិស្សរៀនថ្នាក់ទី៧ “ឃ” នៃវិទ្យាល័យ ហ៊ុនសែន ព្រែកតាទែន និងមានលំនៅក្នុងភូមិបឹងក្តុល ឃុំកំពង់អុស ស្រុកពញាឮ។

យោងតាមរបាយការណ៍របស់គណៈគ្រប់គ្រងវិទ្យាល័យ ហ៊ុនសែន ព្រែកតាទែន បានបញ្ជាក់ឱ្យដឹងថា កាលពីវេលាម៉ោង៧និង១៦នាទីព្រឹក ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ មានអាណាព្យាបាលសិស្សឈ្មោះរី សុភាព ភេទស្រី រស់នៅភូមិបឹងក្តុល ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ដែលជាសិស្សរៀនថ្នាក់ទី៧ “ឃ” បានប្រាប់គណៈគ្រប់គ្រងសាលាថា កូនគាត់ ឈ្មោះរី សុភាព ភេទស្រី រៀនថ្នាក់ទី៧ “ឃ” បានបាត់មិនឃើញមកផ្ទះ ចំនួនមួយយប់ ដោយពុំដឹងទៅណាច្បាស់លាស់។

គណៈគ្រប់គ្រងសាលា ចាប់ផ្តើមធ្វើការស្រាវជ្រាវតាមរយៈលោកគ្រូ ម៉ម សៅភារិទ្ធ ជាអ្នកកត់វត្តមានសិស្សថា សិស្សឈ្មោះ រី សុភាព បានអវត្តមានចន្លោះម៉ោងសិក្សា ៩ៈ១៥នាទី នៅថ្ងៃពុធទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០។

របាយការណ៍ដដែល បន្តថា ព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៨និង៣០នាទី គណៈគ្រប់គ្រងសាលា បានសួរនាំសិស្សឈ្មោះចាយ ស្រីលីន ដែលជាមិត្តភក្តិរៀនជាមួយគ្នា បាននិយាយថា សិស្សឈ្មោះរី សុភាព បានឱ្យនាងខ្ញុំ (ចាយ ស្រីលីន) ជូនទៅដកលុយនៅភ្នាក់ងារដកលុយវីង ព្រែកតាទែន ចំនួនទឹកប្រាក់៥០០០០រៀល បន្ទាប់មកនាងខ្ញុំក៏ជូន រី សុភាព មកសាលាវិញ។

នៅវេលាម៉ោង៩ព្រឹក រី សុភាព បានហៅរថយន្តឈ្នួលសាំងយ៉ុងទៅភ្នំពេញ ដោយប្រាប់នាងខ្ញុំថា ទៅមើលក្មួយដែលបានកើតចំនួន២ថ្ងៃ ហើយបានស្លាប់នៅមន្ទីរពេទ្យ…។

ជុំវិញករណីខាងលើនេះ ទាំងក្រុមគ្រួសារយុវតីខាងលើ ក៏ដូចជាគណៈគ្រប់គ្រងសាលា បានប្រកាសអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានប្រទះឃើញយុវតីដែលមានភិនភាគដូចក្នុងរូបថត សូមមេត្តាទំនាក់ទំនងមកលេខទូរស័ព្ទ ០៩៧ ៧៧៨ ០០ ៥៩ និង ០៩២ ៩២ ៩២ ៩២ ឬតាមរយៈប្រអប់សំបុត្រហ្វេសប៊ុកផេក អធិការដ្ឋាននគរបាលស្រុកពញាឮ បានដោយផ្ទាល់៕

RELATED ARTICLES