ខេត្តកណ្តាល ៖ បុរសម្នាក់បានអះអាងថា ខ្លួនបានខ្ចីប្រាក់ពីគ្រឹះស្ថានឯកជនមួយ ដោយយកប្លង់ដីទៅដាក់បញ្ចាំ លុះពេលមានលុយគ្រប់គ្រាន់យកទៅបង់ផ្តាច់ ដើម្បីយកប្លង់ដីមកប្រើការវិញ ស្រាប់តែត្រូវខាងគ្រឹះស្ថានឯកជន ជាម្ចាស់បំណុលមិនព្រមទទួល ចេះតែព្យាយាមពន្យារពេលពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឱ្យគាត់មានការងឿងឆ្ងល់យ៉ាងខ្លាំង។

ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចមុខគ្រឹះស្ថាន វែលខម ហ្វាយនែន (ខេមបូឌា) ម.ក មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងឃុំបែកចាន ស្រុកអង្គស្នួល។
តាមសម្តីបុរសឈ្មោះ ញ៉ាញ់ យន ដែលជាអតិថិជនគ្រឹះស្ថាន វែលខម ហ្វាយនែន (ខេមបូឌា) មានស្រុកកំណើតនៅភូមិត្រពាំងស្គន់ ឃុំពាំងល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានរៀបរាប់ប្រាប់ថា រូបគាត់បានខ្ចីប្រាក់ពីគ្រឹះស្ថាន វែលខម ហ្វាយនែន (ខេមបូឌា) ម.ក ជាលើកទី២ហើយ ដោយខ្ចីលើកទីមួយ រូបគាត់បង់បានពាក់កណ្តាលហើយ ហើយគាត់ក៏បានខ្ចីថែមជាលើកទីពីរ ដោយខាងគ្រឹះស្ថាន បានយល់ព្រមឱ្យខ្ចីផងដែរ។

បុរសខាងលើ បានបន្តថា ដោយយោងតាមលក្ខខណ្ឌរបស់គ្រឹះស្ថាន វែលខម ហ្វាយនែន (ខេមបូឌា) ម.ក តម្រូវឱ្យអតិថិជនបង់ការប្រាក់ រយៈពេល ១២ខែ ស្មើនឹង១ឆ្នាំ ទើបអតិថិជនអាចមានសិទ្ធិបង់ផ្តាច់បាន (ទាំងដើមទាំងការ)។ ដូច្នេះរូបគាត់បានបង់អស់ឱ្យទៅខាងគ្រឹះស្ថានខាងលើនោះ បានរយៈពេល១២ខែហើយ ដោយខាងគ្រឹះស្ថាន បានប្រាប់គាត់ថា បើបង់បានគ្រប់១២ខែហើយ ត្រឹមត្រូវតាមការកំណត់របស់គ្រឹះស្ថាន។

ស្រាប់តែនៅថ្ងៃកើតហេតុ រូបគាត់ជាអតិថិជនបានយកប្រាក់ទៅបង់ឱ្យគ្រឹះស្ថាន វែលខម ហ្វាយនែន (ខេមបូឌា) ម.ក សាខាស្រុកអង្គស្នួល បែរជាខាងគ្រឹះស្ថាន បានពន្យារពេលក្នុងការបង់លុយផ្តាច់ទៅវិញ ដោយបានប្រាប់គាត់ថា ឱ្យយកប្រាក់មកបង់នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយនៅពេលដែលគាត់យកប្រាក់មកបង់ ស្រាប់តែខាងភ្នាក់ងារគ្រឹះស្ថាន ប្រាប់គាត់ថា មេជាប់រវល់ ដោយបានសរសេរលើលិខិតបញ្ជាក់ប្រាប់គាត់ ឱ្យមកបង់នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ វិញ។ លុះដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ គាត់ក៏បានយកប្រាក់មកបង់ម្តងទៀត បែរជាខាងភ្នាក់ងារគ្រឹះស្ថានខាងលើ ប្រាប់គាត់ថា មេជាប់រវល់ទៀត។

អតិថិជនរូបនេះ បានឱ្យដឹងបន្តទៀតថា ដោយសារតែគាត់មិនមានពេលត្រឡប់ទៅវិញទៅមក គាត់ក៏អង្គុយចាំនៅក្នុងគ្រឹះស្ថាននោះ តាំងពីព្រឹកដល់ល្ងាច ក៏នៅតែមិនមានភ្នាក់ងាររបស់គ្រឹះស្ថានណាម្នាក់ចេញមកទទួលយកការបង់ប្រាក់ផ្តាច់របស់គាត់ឡើយ។ ដូច្នេះហើយ រូបគាត់បានសំណូមពរដល់ប្រធានគ្រឹះស្ថាន វែលខម ហ្វាយនែន (ខេមបូឌា) ម.ក សូមមេត្តាជួយទទួលយកការបង់លុយផ្តាច់របស់គាត់ផង ដើម្បីគាត់បានដកយកប្លង់ដី ប្លង់ផ្ទះ មកវិញ។

ជុំវិញករណីខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីតំណាងគ្រឹះស្ថាន វែលខម ហ្វាយនែន (ខេមបូឌា) ម.ក សាខាបែកចាន ស្រុកអង្គស្នួល បានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕