Tuesday, August 19, 2025
Homeព័ត៌មានជាតិសិប្បកម្មកែច្នៃឈើ រីកដូចផ្សិត នៅខេត្តស្ទឹងត្រែង

សិប្បកម្មកែច្នៃឈើ រីកដូចផ្សិត នៅខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ សិប្បកម្មកែច្នៃឈើកំពុងតែរីកកាន់តែធំ តាំងពីក្រុង រហូតដល់បណ្តាស្រុកទាំង៥ ក្នុងខេត្តស្ទឹងត្រែង រីឯសកម្មភាពដឹកជញ្ជូនឈើចូលទៅកែច្នៃតាមសិប្បកម្មនានា ក៏កាន់តែកើតមានឡើងអនាធិបតេយ្យទាំងយប់ទាំងថ្ងៃ ក្រោយពីគណៈកម្មការបង្ក្រាប ទប់ស្កាត់បទល្មើសធនធានធម្មជាតិ ថ្នាក់ជាតិ លែងមានសកម្មភាព។

សិប្បកម្មទាំងធំទាំងតូច ត្រូវបានគេបង្ហើបថា មានរហូតដល់ទៅរាប់សិបកន្លែងឯណោះ ចំពោះការប្រមូលទិញឈើ សុទ្ធតែប្រភពខុសច្បាប់ ដឹកតាមម៉ូតូរ៉ឺម៉ក គោយន្ត និងរថយន្ត។ តាមប្រភពព័ត៌មានពីអ្នករកស៊ីដឹកជញ្ជូនឈើ បានបង្ហើបថា សិប្បកម្មនៅក្នុងក្រុងស្ទឹងត្រែង គឺជាប្រភពសម្រាប់ស្តុកកែច្នៃឈើ ដើម្បីនាំចេញទៅក្រៅខេត្ត និងប្រទេសវៀតណាម។

ស្ត្រីខ្មែរ-វៀតណាមម្នាក់ ឈ្មោះយាយបូង ដែលមានសិប្បកម្មធំមួយកន្លែង ក្នុងក្រុងស្ទឹងត្រែង បានអះអាងថា សិប្បកម្មកែច្នៃឈើរបស់គាត់មានការអនុញ្ញាតពីស្ថាប័នពាក់ព័ន្ធ រយៈពេល២០ឆ្នាំមកហើយ បើសិនជាផុតសុពលភាពច្បាប់អនុញ្ញាត គាត់នឹងស្នើសុំជាបន្តទៀត។ ឈើដែលគាត់ត្រូវការសម្រាប់កែច្នៃ ភាគច្រើនទិញពីដេប៉ូឈើ គឺជាឈើប្រភេទលេខ២ មិនមែនជាឈើប្រណីតនោះទេ។ ដំណើរការសិប្បកម្មសព្វថ្ងៃនេះ សុទ្ធតែកម្មករជនជាតិខ្មែរ ដែលមានប្រមាណ ១០នាក់។

លោក អន ចាន់សុជាតិ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង បានបញ្ជាក់នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ថា សម្រាប់ទីតាំងសិប្បកម្មនៅក្នុងខេត្តទាំងមូល មានច្បាប់អនុញ្ញាតត្រឹម១០កន្លែង។ រាល់សិប្បកម្មដែលស្របច្បាប់ មានការអនុញ្ញាតត្រឹមថ្នាក់ខេត្ត លុះត្រាតែមានប្រភពឈើច្បាស់លាស់ក្នុងការកែច្នៃត្រឹមត្រូវ។

យោងតាមច្បាប់ស្តីពីព្រៃឈើ បានបញ្ជាក់ថា ច្បាប់អនុញ្ញាតបើកអាជីវកម្មកែច្នៃឈើ បាន លុះត្រាតែម្ចាស់អាជីវកម្មមានប្រភពច្បាស់លាស់ ប្រមូលពីព្រៃសម្បទាន និងដីសង្គមកិច្ចក្នុងការដឹកជញ្ជូនឈើយកមកកែច្នៃ ដោយមានការត្រួតពិនិត្យត្រឹមត្រូវពីមន្ត្រីជំនាញ។ ប៉ុន្តែសព្វថ្ងៃការដឹកជញ្ជូនឈើនៅខេត្តស្ទឹងត្រែង ត្រូវបានសង្កេតឃើញថា មានភាពអនាធិបតេយ្យ ហើយទីតាំងកែច្នៃឈើមិនស្របច្បាប់ បាននិងកំពុងរីកដូចផ្សិត៕

RELATED ARTICLES