Wednesday, April 24, 2024
Homeព័ត៌មានជាតិវិល​ត្រឡប់​ចូល​ស្រុក លោក​សម រង្ស៊ី អះ​អាង​ជា​ថ្មី​ថា នឹង​ធ្វើ​ដូច​៣​ដង​មុន

វិល​ត្រឡប់​ចូល​ស្រុក លោក​សម រង្ស៊ី អះ​អាង​ជា​ថ្មី​ថា នឹង​ធ្វើ​ដូច​៣​ដង​មុន

ភ្នំពេញ ៖ ប្រធានគណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ី ដែលកំពុងនិទេសខ្លួននៅក្រៅ ប្រទេស បានអះអាងជាថ្មីថា ទោះកាលៈទេសៈ យ៉ាងម៉េចក៏ដោយ លោកនឹងវិលចូលស្រុកវិញ មុនពេលបោះឆ្នោតដូចដែលលោកធ្លាប់បានធ្វើ ៣ដងមុន ដែលនឹងមានដំណោះស្រាយនយោបាយមួយដោយចៀសមិនរួច។

លោកសម រង្ស៊ី បានសរសរនៅក្នុងហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០១៦ ថា “ខ្ញុំនឹងវិលត្រឡប់មកប្រទេសកម្ពុជា វិញ ក្នុងពេលណាមួយសមស្រប ដូចកាលពី៣ ដងមុន ក្រោយពីការនិរទេសរបស់ខ្ញុំ៣ដងមុន ក្នុងកាលៈទេសៈដូចគ្នាអ៊ីចឹងដែរ ដែលតម្រូវឱ្យ មានដំណោះស្រាយនយោបាយមួយ ដោយចៀស មិនផុត។ សម្រាប់ប្រធានចលនាតស៊ូរំដោះប្រទេស ជាតិ ការតស៊ូពីក្រៅប្រទេស ក្នុងរយៈពេលមួយ បណ្តោះអាសន្ន អាចជាជម្រើសតែមួយគត់ ដើម្បីធានាជោគជ័យនៅទីបញ្ចប់”។

ការលើកឡើងនេះ លោកសម រង្ស៊ី បញ្ជាក់ ថា ជាការដកស្រង់ពីសុន្ទរកថារបស់លោក នៅ ទីក្រុងឡូវែល សហរដ្ឋអាមេរិក កាលពីថ្ងៃទី ១៩ មិថុនា ២០១៦ ដែលពេលនោះ លោក បានឆ្លើយបំភ្លឺជូនអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ថា លោកមិនខ្លាចជាប់គុក និងខ្លាចស្លាប់ ទើបរត់ចោលស្រុកទេ គឺលោកនឹងវិលចូលស្រុក នៅពេលវេលាសមស្របណាមួយ។

sam-rainsy1

លោកសម រង្ស៊ី បានបញ្ជាក់នៅពេលនោះ ថា “រឿងថា ខ្ញុំខ្លាចជាប់គុក ខ្ញុំអត់ខ្លាចទេ បើ ខ្ញុំជាប់គុក ហើយបើខ្ញុំស្លាប់ ជាតិយើងបានរស់ ខ្ញុំយល់ព្រមមួយរំពេច។ តែសូមធានា បើសម រង្ស៊ី នៅស្រុកខ្មែរឥឡូវនេះ សម រង្ស៊ី ជាប់គុក សម រង្ស៊ី ត្រូវគេសម្លាប់អត់បញ្ហា តែក្រោយពីខ្ញុំជាប់គុក ហើយក្រោយពីខ្ញុំស្លាប់ សូមឱ្យ បញ្ជាក់ថា ប្រទេសកម្ពុជា នឹងរួចពីក្រញាំរបស់ យួន ខ្ញុំសុខចិត្តភ្លាម។ ដឹកនាំបាតុកម្ម គេតាម បាញ់ គេគប់គ្រាប់បែក ស្លាប់ជុំវិញខ្លួនខ្ញុំ ១០   ២០នាក់ ឈាមហូរពេញផ្លូវ ខោអាវខ្ញុំជោក ដោយឈាម ខ្ញុំអត់ខ្លាចស្លាប់ទេ តែស្លាប់ដោយ មានប្រយោជន៍ កុំស្លាប់ចាញ់បោកគេ ស្លាប់ឥត ប្រយោជន៍ អាហ្នឹងអត់ដាច់ខាត ទុកជីវិត ដើម្បី ការពារប្រទេសជាតិ”។

លោកសម រង្ស៊ី បានបញ្ជាក់នៅពេលនោះ ទៀតថា “ប្រធានចលនាតស៊ូ នរណា? មិនសម្តេច ព្រះនរោត្តម សីហនុ ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ ១៩៩១ លោកគង់នៅឯណា? មិនលោកគង់ នៅក្រៅប្រទេស? បើលោកមិនធ្វើចលនាប្រឆាំង យួនឈ្លានពាន នៅក្រៅប្រទេស មិនបានកិច្ចព្រមព្រៀងទីក្រុងប៉ារីសទេ។ បើសម្តេចសីហនុ  ឱ្យយួនចាប់ សម័យនោះស្រុកខ្មែរចប់ហើយ។ គេមិនដែលឱ្យសត្រូវចាប់យើងបានទេ ចាប់ ប្រធានចលនាតស៊ូរំដោះជាតិយើង ឱ្យសត្រូវ បរទេសចាប់យើងបាន អស់ផ្លូវហើយ”។

គួរបញ្ជាក់ថា ក្នុងនាមជាអ្នកនយោបាយ ប្រឆាំង តាំងពីក្រោយឆ្នាំ១៩៩៣មក លោក សម រង្ស៊ី ដែលបច្ចុប្បន្នជាប្រធានគណបក្ស សង្គ្រោះជាតិ បាននិរទេសខ្លួននៅក្រៅប្រទេស  បន្ទាប់ពីតុលាការបានចេញដីកាបង្គាប់ឱ្យចាប់ ខ្លួនពាក់ព័ន្ធបណ្តឹងបរិហារកេរ្តិ៍លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង។ លោកសម រង្ស៊ី ធ្លាប់ ត្រូវបានព្រះមហាក្សត្រប្រោសព្រះរាជទាន លើកលែងទោសចំនួន៣ដងមកហើយ បើទោះ បីលោកត្រូវបានកាត់ទោសជាច្រើនឆ្នាំ ក៏ដោយ។

ដូច្នេះហើយ ទើបពេលនេះលោកហ៊ាន ប្រកាសថា នឹងវិលចូលស្រុកវិញ ដូច៣ដងមុន នោះ។

កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦ លោកសម រង្ស៊ី និងលោកកឹម សុខា ក៏បាន ថ្វាយលិខិតព្រះមហាក្សត្រ ស្នើសុំព្រះអន្តរាគមន៍លើកលែងទោស និងទម្លាក់ចោលការចោទ ប្រកាន់នានាលើរូបលោកទាំង២ ក៏ដូចជាសកម្មជនការពារសិទ្ធិមនុស្ស ការពារបរិស្ថាន មន្ត្រី គ..ប រួមទាំងសកម្មជន និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ។

ប៉ុន្តែជាការឆ្លើយតបតាមរយៈលិខិតចុះ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់ថ្វាយព្រះមហាក្សត្រថា ករណីលោកសម រង្ស៊ី និងលោកកឹម សុខា ជាករណីអនុវត្តច្បាប់ និងជាកិច្ចការរបស់ តុលាការ។ អ្នកប្រព្រឹត្តកំហុសត្រូវទទួលខុស ត្រូវចំពោះមុខច្បាប់ ដែលជារឿងធម្មតាក្នុង សង្គមនីតិរដ្ឋ ពោលគឺលោកសម រង្ស៊ី ត្រូវបាន តុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ២ឆ្នាំ និង ពិន័យជាប្រាក់៨លានរៀល តាមសាលក្រម  ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១១។ ចំណែក លោកកឹម សុខា ត្រូវតុលាការកាត់ទោសឱ្យ ជាប់ពន្ធនាគារ៥ខែ ពិន័យជាប្រាក់៨សែនរៀល តាមសាលក្រម ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦។

អ្នកពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានចាត់ទុកថា ការស្នើរបស់លោក កឹម សុខា និងលោកសម រង្ស៊ី មិនត្រូវទៅ តាមនីតិវិធី ដែលនេះជាការមើលងាយប្រមុខ រាជរដ្ឋាភិបាល មើលងាយស្ថាប័នតុលាការ មើល ងាយក្រសួងយុត្តិធម៌ ហើយជាការបង្ហាញថា អស់ផ្លូវដើរហើយ ព្រោះទៅពឺងបរទេសណា ផ្សេងៗក៏មិនបាន ទើបរត់មករកព្រះមហាក្សត្រ ដើម្បីសុំព្រះរាជអន្តរាគមន៍ពីព្រះអង្គឱ្យមានលើកលែងទោស។ ប៉ុន្តែគណបក្សប្រជាជនកម្ពុជា មិនបញ្ហាជាមួយគណបក្សសង្គ្រោះជាតិទេ គឺ បុគ្គលសមរង្ស៊ី ដែលទាស់ជាមួយច្បាប់។ ដូច្នេះ លោកសម រង្ស៊ី ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ តាមនីតិវិធីតុលាការ ទើបអាចទៅរួច។

ដោយឡែកអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោកយឹម សុវណ្ណ បាលលើកឡើងថា ទោះមិនមានការបើកភ្លើងខៀវពីសម្តេចប្រមុខរាជរដ្ឋាភិបាល ជុំវិញករណីលោកសម រង្ស៊ី ក៏ដោយ ក៏លោកយល់ថា បរិយាសកាសនយោបាយពេលនេះស្ងប់ស្ងាត់ ដែលបង្ហាញពីភាព ចាស់ទុំរវាងគណបក្សទាំង២។ ដូច្នេះលោក មានសុទិដ្ឋិនិយមថា នៅពេលខាងមុខនេះ វា មិនខុសពីអ្វីដែលលោកសម រង្សី បានជួបប្រទះ ពីមុនមកនោះទេ។ ពោលគឹបន្ទាប់ពីភាពស្ងប់ស្ងាត់នេះ ប្រាកដជាចេញនូវដំណោះស្រាយណា មួយមុនការបោះឆ្នោតជាមិនខាន។

ទោះយ៉ាងណា កាលពីពេលកន្លងមក សម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងជាប្រធានគណបក្សប្រជាជនកម្ពុជា បាន បញ្ជាក់ថា សម្តេចនឹងមិនចុះហត្ថលេខាស្នើ លើកលែងទោសឱ្យលោកសម រង្ស៊ី ម្តងទៀតទេ គឺបើចុះហត្ថលេខា សុខចិត្តកាត់ដៃស្តាំចោល៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES