ភ្នំពេញ ៖ បុរសជាមន្ត្រីកងរាជអាវុធហត្ថម្នាក់ ឆ្លៀតពេលទំនេរពីការងារ រត់ម៉ូតូកង់បី ដើម្បីរកប្រាក់ចំណូលបន្ថែម ស្រាប់តែត្រូវជនសង្ស័យ២នាក់ ប្រដាប់ដោយដែកឆាប ១ដើម ស្ទាក់ឱ្យឈប់ រួចចាក់ប្រហារ បំណងប្លន់ ក៏ត្រូវមន្ត្រីប៉េអឹមជាអ្នករត់ម៉ូតូកង់បី វ៉ៃតដៃ ធ្វើឱ្យជនសង្ស័យទាំង២នាក់ នាំគ្នារត់គេចខ្លួន តែត្រូវជនរងគ្រោះបើកម៉ូតូកង់បី ដេញបំបុកដួល ចាប់ក្របួចជាប់ម្នាក់ ខណៈដែលបក្ខពួកម្នាក់ទៀត រត់គេចខ្លួនបាត់។

ករណីចោរស្ទើរភ្លើងប្លន់ប៉ះប៉េអឹម ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៣និង២០នាទីទៀបភ្លឺ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចស្ថានីយប្រេងមួយកន្លែង ទល់មុខផ្សារទួលគោក ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសេន ប៊ុនថា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរធ្វើការនៅហាងប៊ូហ្វេ សាខាកោះពេជ្រ ស្នាក់នៅបន្ទប់ជួល ម្តុំផ្សារទួលគោក មានស្រុកកំណើតនៅស្រុកមោងឫស្សី ខេត្តបាត់ដំបង (ជាអ្នកកាន់ដែកឆាប)។ ចំណែកបក្ខពួកម្នាក់ទៀត មិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់។

ដោយឡែក ជនរងគ្រោះមានឈ្មោះរ៉េត ឌីណា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាមន្ត្រីកងរាជអាវុធហត្ថ ឆ្លៀតពេលរត់កង់បី ស្នាក់នៅកងរាជអាវុធហត្ថលើផ្ទៃប្រទេស មានស្រុកកំណើតនៅភូមិថ្លុក ឃុំត្រពាំងសាំង ស្រុកបាទី ខេត្តតាកែវ ជាម្ចាស់ម៉ូតូកង់បី ពណ៌លឿង ពាក់ស្លាកលេខស្វាយរៀង 1M-0275។

តាមសម្តីរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ដំបូងឡើយ គាត់បានឈប់នៅចំណតម្តុំស្តុបផ្លាហ្សា ជាប់នឹងរបងកងរាជអាវុធហត្ថលើផ្ទៃប្រទេស រង់ចាំដឹកភ្ញៀវ ខណៈពេលនោះក៏មានភ្ញៀវកក់ឱ្យគាត់មកយក ហើយគាត់បើកម៉ូតូកង់បី មកដល់ចំណុចកើតហេតុខាងលើ មិនទាន់បានដាក់ភ្ញៀវផង ស្រាប់តែមានជនសង្ស័យ២នាក់ខាងលើ ស្ទុះមកឃាត់កង់បីរបស់គាត់ ដោយនៅក្នុងដៃម្ខាង កាន់ដែកឆាប បម្រុងនឹងចាក់គាត់ តែគាត់បានប្រតាយប្រតប់ ធ្វើឱ្យជនសង្ស័យរត់គេចចេញពីកន្លែងកើតហេតុ តែគាត់បានឡើងបើកម៉ូតូកង់បី បំបុកជនសង្ស័យម្នាក់ដួល ហើយក៏ស្ទុះចាប់បានម្នាក់ ចំណែកជនសង្ស័យម្នាក់ទៀត បានរត់រួចបាត់។

ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ បញ្ជូនបន្តទៅអធិការដ្ឋានខណ្ឌទួលគោក ដើម្បីចាត់ការបន្ត តាមនីតិវិធី៕