តារាចម្រៀងផលិតកម្ម M លោកអាន គុណកូឡា បានសម្រេចចិត្តលាភាពនៅលីវ ត្រឹមអាយុ៣០ឆ្នាំ តាមរយៈការដឹកដៃនារីម្នាក់ជាអ្នកនៅក្រៅរង្វង់សិល្បៈ រៀបការនៅថ្ងៃពិសេស ១២-១២-២០២០ ខាងមុខនេះហើយ។

អតីតតារាចម្រៀងសាន់ដេ រូបនេះ បានឲ្យដឹងថា ពិធីមង្គលការរបស់លោកដែលប្រព្រឹត្តិទៅនៅថ្ងៃទី១២ ខែធ្នូ នោះ ដោយរៀបចំធ្វើជាង៨០តុ ក្នុងនោះហៅអ្នកសិល្បៈរួមអាជីពជាង១០តុ ឲ្យចូលរួមផងដែរ ដោយធ្វើនៅបុរីផ្ល័ររ៉ា ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

លោកកូឡា ថា បានស្គាល់អនាគតភរិយាដោយខ្លួនឯង និងមានទំនាក់ទំនងស្រលាញ់គ្នា ជាង៣ឆ្នាំហើយ ដែលនាងជានារីម្នាក់រកស៊ីផ្នែកលក់ត្បូងគ្រប់ប្រភេទទាំងអស់។ លោកថា មិនដែលមានបំណងថា នឹងយកភរិយាជាតារាដូចគ្នានោះទេ ព្រោះតែចិត្តលោកខុសគេ គឺមនុស្សដែលលោកស្រលាញ់ មិនចង់ឲ្យមានអ្នកណាមកប៉ះពាល់ឡើយ។

ទោះជាយ៉ាងណា តារាចម្រៀងរូបនេះ អះអាងថា ក្រោយរៀបការរួច លោកនៅតែបន្ដសិល្បៈដដែល ព្រោះថា គូដណ្ដឹងរបស់លោកមិនចេះប្រចណ្ឌលោកក្នុងការលេងសិល្បៈ ច្រៀង សម្ដែងនោះទេ។

អាន គុណកូឡា បន្ថែមថា លោកមិនមានការបារម្ភច្រើនថា ពេលរៀបការប្រពន្ធទៅ កេរ្ដិ៍ឈ្មោះពិបាកនឹងស្ដារនោះឡើយ ព្រោះពេលនេះលោកនៅតែជាតារាចម្រៀងដែលមានកុងត្រាជាមួយផលិតកម្ម M នៅឡើយ។ ចំពោះមូលហេតុដែលលោកត្រូវរៀបការនៅពេលដែលកូវីដ-១៩ មិនទាន់ស្ងាត់នេះ ព្រោះថា មិនអាចពន្យារពេល ឬបង្អែរបង្អង់រឿងធ្វើពិធីនេះតទៅទៀតទេ ព្រោះបើគ្មានកូវីដ-១៩ទេ លោកនិងគូដណ្ដឹងត្រូវរៀបការតាំងពីខែឧសភា ឆ្នាំ២០២០ម្ល៉េះ ប៉ុន្តែពេលនេះបានលើកមកធ្វើនៅចុងឆ្នាំវិញ អីចឹងមិនអាចលើកពិធីនោះជាលើកទី២នោះទេ។

អាន គុណកូឡា ពិតជាមិនធម្មតាមែន ព្រោះស្ងាត់ៗជិតបានប្រពន្ធជាអ្នកជួញត្បូងទៅហើយ អីចឹងប្រាកដជានៅថ្ងៃអនាគតតារាចម្រៀងរូបនេះ ច្បាស់ជាឡើងធ្វើថៅកែត្បូងជាមិនខានឡើយ។

ប៉ុន្ដែលោកកូឡា ថា ទោះជាយ៉ាងណាលោកនៅតែមិនបោះបង់អាជីពចាស់ទេ គឺនៅតែបន្ដរហូត ដោយសារតែស្រលាញ់អាជីពចម្រៀង និងបានតស៊ូជាច្រើនឆ្នាំមកហើយ។ លោកថា ការប្រពន្ធហើយ មិនមែនជាការបញ្ចប់អាជីពនោះទេ ព្រោះការច្រៀងនៅលើសមត្ថភាពផ្ទាល់ខ្លួន ហើយមហាជនជាអ្នកឲ្យតម្លៃ។

ក្រៅពីអាន គុណកូឡា តារាដែលបានលើកពេលរៀបការ ព្រោះកូវីដ-១៩ មានដូចជា វ៉ាន់ នីឡា, ម៉ា នីកា និងឆុំ វត្តី ជាដើម។ ដោយឡែក កូឡា វិញថា ពេលនេះបានបោះធៀបការរួចរាល់អស់ទៅហើយ អីចឹងបើនៅខែ១២ កូវីដ-១៩ នៅតែមិនទាន់ស្ងាត់ទៀត លោកក៏នៅតែរៀបចំធ្វើពិធីនោះដដែល គ្រាន់តែមានការប្រុងប្រយ័ត្ន និងគោរពតាមគោលការណ៍របស់ក្រសួងសុខាភិបាល៕ ហ៊ឹម វិចិត្រ
(រូបភាព៖ Image Hunter Photography)

