ភ្នំពេញ ៖ លោកកឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ចោទពីបទក្បត់ជាតិ “សន្ទិដ្ឋភាពជាមួយបរទេស” បានលើកឡើងថា ខ្មែរពិតជាបានបាត់បង់ធនធានធម្មជាតិជាច្រើន ហើយអតីតមេបក្សប្រឆាំង រូបនេះ ថ្លែងថា ការងាកក្រោយសម្លឹងមើលការខុសឆ្គង គឺជាមេរៀនអាក្រក់និងល្អ ដើម្បីកសាងអនាគតឲ្យប្រសើរឡើង ដោយត្រូវតែរួមគ្នាថែរក្សា ការពារ ធនធានដែលនៅមានទាំងនោះ សម្រាប់ជាប្រយោជន៍ជាតិដល់ប្រជាពលរដ្ឋខ្មែរទូទៅ មិនសំដៅតែអ្នកមានលុយ ឬមានអំណាចនោះទេ។

លោកកឹម សុខា បានសរសេរក្នុងទំព័របណ្តាញសង្គមហ្វេសប៊ុករបស់លោក នៅថ្ងៃសុក្រ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ ថា “ដំណើរកាត់ព្រៃនៃជួរភ្នំក្រវាញ (ខេត្តកោះកុង-ពោធិ៍សាត់)!

អស់រយៈពេលពីរថ្ងៃ គឺថ្ងៃទី០៤-០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ខ្ញុំនិងភរិយា ព្រមទាំងសហការី ដោយមានការចង្អុលបង្ហាញពីអ្នកជំនាញកសិកម្ម សេដ្ឋកិច្ច បានធ្វើដំណើរតាមរថយន្តចេញពីទីរួមខេត្តកោះកុង តម្រង់ទៅដល់ស្រុកវាលវែង ខេត្តពោធិ៍សាត់ ចម្ងាយជាងមួយរយគីឡូម៉ែត្រ កាត់ព្រៃ តាមផ្លូវតូចចង្អៀត ស្ងាត់ជ្រងំ លើជួរភ្នំក្រវាញ ដោយប្រើរយៈពេលធ្វើដំណើរទៅ ជិត ៤ម៉ោង ក្រោមភ្លៀងរលឹម។

យើងក៏បានសម្រាកមួយយប់ នៅក្នុងភូមិតូចមួយ ដែលមានប្រជាពលរដ្ឋរស់នៅមិនច្រើនអ៊ូអរទេ តែជាកន្លែងដែលមានសក្តានុពលកសិកម្ម និងទេសចរណ៍។ ថ្ងៃបន្ទាប់ ទើបយើងត្រឡប់មកវិញ ចំណាយពេលធ្វើដំណើរកាត់ព្រៃ ឆ្លងកាត់វាលមួយ វាលពីរ អស់រយៈពេលបីម៉ោងកន្លះទៀត គឺពិតជាការប្រថុយប្រថានបន្តិច តែជាការចង់ឃើញ ចង់ដឹង ព្រោះមិនចង់បានត្រឹមឮគេថា ឮដប់ដង មិនស្មើនឹងឃើញម្តង”។

លោកកឹម សុខា បានសរសេរបន្តថា “អ្វីដែលបានឃើញនៅតាមដងផ្លូវ និងនៅក្នុងភូមិ ទីនោះ ខ្ញុំមិនទាន់អាចរៀបរាប់អស់ទេ ប៉ុន្តែអ្វីដែលខ្ញុំចាប់អារម្មណ៍នោះគឺ ៖
១. ខ្មែរយើងពិតជាសម្បូណ៌ធនធានធម្មជាតិល្អៗ មានតម្លៃ និងមានលក្ខណៈភូមិសាស្ត្រអំណោយផល។
២. ខ្មែរយើងពិតជាបានបាត់បង់ធនធានធម្មជាតិជាច្រើន។
៣. តែខ្មែរយើងពិតជានៅតែមានធនធានធម្មជាតិ ដូចជា ទឹក ដី ព្រៃ ភ្នំ ជ្រលង ដងអូរ បឹងបួ… សមល្មមដែលជាធនធានសេដ្ឋកិច្ច កសិកម្ម ទេសចរណ៍ វប្បធម៌ របស់ខ្មែរដែរ”។

លោកកឹម សុខា បានសរសេរបន្តទៀតថា “ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំយល់ឃើញថា ការងាកក្រោយសម្លឹងមើលការខុសឆ្គង គឺជាមេរៀនអាក្រក់និងល្អ មិនមែនសម្រាប់តែទិតៀនដើម្បីបង្កជម្លោះនោះទេ តែផ្ទុយទៅវិញ គួរណាតែនាំគ្នាសម្លឹងនូវភាពវិជ្ជមាន គឺកសាងអនាគតឲ្យប្រសើរឡើង ដោយយើងត្រូវតែរួមគ្នាថែរក្សា ការពារ ធនធានដែលនៅមានទាំងនោះ សម្រាប់ជាប្រយោជន៍ជាតិ ឲ្យបានផលដល់ប្រជាពលរដ្ឋខ្មែរ ទូទៅ មិនសំដៅតែអ្នកមានលុយ ឬមានអំណាច។

ខ្ញុំចង់ឃើញសម្បត្តិធម្មជាតិទាំងនោះ នៅតែជារបស់ខ្មែរ ដើម្បីខ្មែរ ជាពិសេស ទុកជាប្រយោជន៍ដល់អ្នកជំនាន់ក្រោយ ហើយគេនឹងដឹងគុណដល់យើងអ្នកជំនាន់មុននេះផង”៕
