ភ្នំពេញ ៖ បុរសជនជាតិឥណ្ឌា ប្រកបរបររុញរទេះលក់នំរ៉ូទីតាមផ្លូវម្នាក់ ត្រូវបានក្មេងស្ទាវប្រុសស្រីមានគ្នាប្រមាណ១០នាក់ ប្រដាប់ដោយដំបងនិងដុំថ្ម បានធ្វើសកម្មភាពស្ទាក់វាយប្លន់យកលុយកាក់និងពងមាន់ ជាង១០០គ្រាប់ បង្កឱ្យមានការភ្ញាក់ផ្អើលទាំងយប់។

ករណីវ៉ៃប្លន់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ឌោយផ្លូវលេខ២១៧ ត្រង់ចំណុចមុខវត្តស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។
បុរសរងគ្រោះខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថា ជាជនជាតិឥណ្ឌា មានវ័យប្រមាណ៣០ឆ្នាំ ប្រកបរបរលក់នំរ៉ូទី ស្នាក់នៅផ្ទះជួលម្តុំលូប្រាំ។

តាមសម្តីជនរងគ្រោះ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានរុញរទេះដើរលក់នំរ៉ូទី តាមបណ្តោយផ្លូវលេខ២១៧ ដូចសព្វដង លុះមកដល់វេលាម៉ោងកើតហេតុខាងលើ គាត់បានរុញរទេះ ក្នុងទិសដៅពីកើតទៅលិច ក្នុងគោលបំណងទៅផ្ទះជួល នៅម្តុំលូប្រាំ។

ស្រាប់តែពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុខាងលើ លេចមុខជនសង្ស័យប្រុសស្រី មានគ្នាប្រមាណ ១០នាក់ ប្រដាប់ដោយដំបង និងដុំថ្ម បានធ្វើសកម្មភាពចូលមកព្រួតវាយមកលើរូបគាត់ ប្លន់យកលុយអស់ ៣៨ម៉ឺនរៀល ពងមាន់ ជិត ១០០គ្រាប់ រួមនិងសម្ភារ:មានតម្លៃមួយចំនួនទៀត។ ក្រោយធ្វើសម្មភាពវាយប្លន់បានហើយ ពួកជនសង្ស័យទាំងនោះ បានរត់គេចខ្លួនដោយសុវត្ថិភាព មិនរំខានដល់សមត្ថកិច្ចឡើយ។

ក្រោយកើតហេតុ ជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យ១ តែដោយសារបុរសជនជាតិឥណ្ឌានេះ ចេះភាសាខ្មែរ តិចតួច ទើបសមត្ថកិច្ចបានប្រាប់ថា ចាំព្រឹកឡើង ចាំមកដាក់ពាក្យបណ្តឹង៕