Tuesday, August 19, 2025
Homeព័ត៌មានជាតិថ្ងៃចុងក្រោយនេះ បុគ្គលិកភូមិវប្បធម៌ លាអ្នកទេសចរណ៍ហើយ

ថ្ងៃចុងក្រោយនេះ បុគ្គលិកភូមិវប្បធម៌ លាអ្នកទេសចរណ៍ហើយ

នៅថ្ងៃនេះ បុគ្គលិកបម្រើការក្នុងភូមិវប្បធម៌ទាំងអស់ បានជួបជុំគ្នាលាអ្នកទេសចរណ៍ទាំងអស់ ដោយក្តីអាឡោះអាល័យ ដើម្បីទៅបម្រើការងារចិញ្ចឹមជីវិតរៀងៗខ្លួន បន្ទាប់ពីគណៈគ្រប់គ្រងនៃក្រុមហ៊ុនភូមិវប្បធម៌កម្ពុជា ប្រកាសថា នឹងបិទដំណើរការអាជីវកម្មទាំងស្រុង។

យោងតាមផេករបស់ភូមិវប្បធម៌ បានបង្ហាញរូបភាព និងសារថា​”ជំរាបសួរ ! ពុកម៉ែបងប្អូនជាទីស្រលាញ់ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ ថ្នាក់ដឹកនាំ និងបុគ្គលិក ក្នុងរមណីយដ្ឋាន ភូមិវប្បធម៌កម្ពុជា ទាំងអស់ សូមលំឱនកាយគោរពលាពុកម៉ែបងប្អូនជារៀងរហូត ដើម្បីទៅរកការងារថ្មី ដើម្បីចិញ្ជឹមជីវិតបន្ត ។ សូមជំរាបលា!”។

គួរបញ្ជាក់ថា​ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ គណៈគ្រប់គ្រងនៃក្រុមហ៊ុនភូមិវប្បធម៌កម្ពុជា ប្រកាសថា នឹងបិទដំណើរការអាជីវកម្មទាំងស្រុង ចាប់ពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០។ មូលហេតុនៃការបិទដំណើរការអាជីវកម្មទាំងស្រុង នេះ ត្រូវបានគណៈគ្រប់គ្រងនៃក្រុមហ៊ុនភូមិវប្បធម៌កម្ពុជា បញ្ជាក់ថា ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើអោយចំនួនភ្ញៀវចូលមកទស្សនាមានការថយចុះយ៉ាងគំហុក ជាច្រើនខែកន្លងមកនេះ ។

ក្រុមហ៊ុនបានជួបការលំបាកផ្នែកសេដ្ឋកិច្ច និង ហិរញ្ញវត្ថុយ៉ាងខ្លាំង ពោលគឺក្រុមហ៊ុនមិនអាចផ្គត់ផ្គង់លើការចំណាយនានាជុំវិញដំណើរការអាជីវកម្មបន្តទៀតបានទេ ។  ជាមួយគ្នានេះ គណៈគ្រប់គ្រងនៃក្រុមហ៊ុនភូមិវប្បធម៌កម្ពុជា នឹងធ្វើការទូទាត់ប្រាក់សំណងជូនបុគ្គលិកទាំងអស់ស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ។

យ៉ាងណា មុនពេលបិទអាជីវកម្មនេះ គណៈគ្រប់គ្រងភូមិវប្បធម៌ ក៏បានបើកឲ្យភ្ញៀវទេសចរចូលលេងកម្សាន្តដោយសេរី ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បបណ្តែតប្រទីប អកអំបុក សំពះព្រះខែ កន្លងមកផងដែរ៕

RELATED ARTICLES