Friday, March 29, 2024
Homeព័ត៌មានជាតិសម្តេច​ហ៊ុន សែន ថា មិត្ត​ចិន​លុប​បំណុល កម្ពុជា ៦០០​លាន

សម្តេច​ហ៊ុន សែន ថា មិត្ត​ចិន​លុប​បំណុល កម្ពុជា ៦០០​លាន

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់ ឱ្យដឹងថា មហាមិត្តចិន បានសម្រេចលុបចោល បំណុលប្រមាណ៦០០លានយាន់ពីកម្ពុជា ដែល នេះគឺជាការបន្តជួយកសាងនិងអភិវឌ្ឍន៍ប្រទេស កម្ពុជាឱ្យកាន់តែរីកចម្រើនលឿនទៅមុខទៀត។

យោងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បាន សរសេរ កាលពីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ ថា “សម្តេចតេជោ ហ៊ុន សែន ទទួលទាន អាហារមិត្តភាពពេលព្រឹកជាមួយលោកប្រធានាធិបតីចិន Xi Jinping

នៅថ្ងៃទី១៤ ខែតុលា វេលាម៉ោង៨និង ៣០នាទីព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន និងលោកប្រធានាធិបតីចិន Xi Jinping បាន អញ្ជើញស្រស់ស្រូបអាហារមិត្តភាពពេលព្រឹក ជាមួយគ្នា នៅសណ្ឋាគារ Intercontinental Hotel។

តាមរយៈដំណើរទស្សនកិច្ចផ្លូវការរបស់  លោកប្រធានាធិបតីចិន Xi Jinping មកដល់ កម្ពុជា ពេលនេះគឺបានពង្រឹងនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដែល នាំមកនូវផលប្រយោជន៍យ៉ាងច្រើនសម្រាប់ ប្រជាជាតិនៃប្រទេសជាបងប្អូនទាំងពីរ កម្ពុជាចិន។

កម្ពុជា សូមអរគុណប្រទេសចិន ជាបងប្អូន ដែលបានលុបចោលនូវបំណុល៦០០លានយាន់  ដល់កម្ពុជា ហើយបន្តជួយកសាងនិងអភិវឌ្ឍន៍ កម្ពុជា ឱ្យកាន់តែរីកចម្រើនលឿនទៅមុខទៀត។

សូមជូនពរលោកប្រធានាធិបតីចិន Xi Jinping និងគណៈប្រតិភូជាន់ខ្ពស់ទាំងអស់ អញ្ជើញធ្វើដំណើរមានសុវត្ថិភាព និងទទួលបាន ជោគជ័យថ្មីៗជាច្រើនថែមទៀត”។

សូមរំព្ញកថា នៅក្នុងជំនួបពិភាក្សាការងារ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីវេលា រសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ នៅឯ វិមានសន្តិភាព រាជធានីភ្នំពេញ លោកស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានប្រកាសលុបចោលបំណុលដែលកម្ពុជាជំពាក់ ចិន នៅឆ្នាំ២០១៥ ចំនួន៦០០លានយាន់ និង បន្ថែមជំនួយឥតសំណងសម្រាប់វិស័យយោធា ចំនួន១០០លានយាន់ បង្កើនអាហារូបករណ៍ ដល់និស្សិតកម្ពុជា ចំនួន៥០០កន្លែង និង១០០ កន្លែងសម្រាប់យុវជន ក្នុងមួយឆ្នាំ។ ជាមួយនេះ ចិន នឹងបង្កើនការហោះហើរត្រង់ពីទីក្រុងនានា របស់ចិន មកកាន់កម្ពុជា ដើម្បីបង្កើនចំនួន ទេសចរចិន មកកម្ពុជា ពី៧០ម៉ឺននាក់ ទៅ២ លាននាក់ ក្នុងឆ្នាំ២០២០។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលចិន នឹងជួយជួសជុលប្រាសាទព្រះវិហាររបស់កម្ពុជា ផងដែរ។

ក្រៅពីនេះ លោកប្រធានាធិបតីចិន ក៏ បានមានប្រសាសន៍ថា លោកបានទទួលអង្ករ កម្ពុជា ហើយអង្ករកម្ពុជា ពិតជាមានរសជាតិ ឆ្ងាញ់ណាស់។ ជាមួយនេះ លោកក៏លើកទឹកចិត្តឱ្យក្រុមហ៊ុនចិន វិនិយោគកែច្នៃអង្ករកម្ពុជា បានល្អ ដើម្បីនាំចេញទៅកាន់ប្រទេសចិន។ បន្ទាប់ពីបញ្ចប់ជំនួបមួយនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកប្រធានាធិបតីចិន ស៊ី ជីនពីង បានធ្វើជាសហអធិបតីក្នុងពិធីចុះហត្ថលេខា លើ ឯកសារលិខិតប្តូរសារចំនួន៣១ផងដែរ។

គួរបញ្ជាក់ថា លោកប្រធានាធិបតីចិន ស៊ី ជីនពីង Xi Jinping រួមនិងគណៈប្រតិភូ ជាន់ខ្ពស់ បានអញ្ជើញចាកចេញពីព្រះរាជាណាចក្រកម្ពុជា កាលពីវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ បន្ទាប់ពីបាន បំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល២ថ្ងៃ ប្រកប ដោយផ្លែផ្កាជូនប្រជាជាតិនៃប្រទេសបងប្អូន ទាំងពីរ៕

ដោយ ៖ ដារិទ្ធ

RELATED ARTICLES